ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមិនទាន់រកឃើញករណីឆ្លងវីរុសនីប៉ាហ៍លើមនុស្សនៅឡើយ ខណៈក្រសួងសុខាភិបាលអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​នី​ប៉ា​ហ៍ (Nipah Virus)…


រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​នី​ប៉ា​ហ៍ (Nipah Virus) ខណ​:​មក​ទល់​នឹង​ពេល​នេះ កម្ពុជា​មិន​ទាន់​រក​ឃើញ​មាន​វីរុស​នេះ​នៅ​លើ​មនុស្ស​នៅឡើយ ។

ក្រសួងសុខាភិបាល​កម្ពុជា បាន​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ជំងឺ​នី​ប៉ា​ហ៍ (Nipah) គឺជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​នី​ប៉ា​ហ៍ រាលដាល​ដោយ​ផ្ទុក​លើ​សត្វ​ប្រចៀវ សត្វ​ប្រឹង និង​អាច​ឆ្លង​មក​មនុស្ស និង​ជ្រូក ។ ក្រសួង​បន្ដ​ថា ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​តាម​ទឹក​សរីរាង្គ របស់​មនុស្ស និង​មាន​អត្រា​ស្លាប់​.​ចន្លោះ​ពី​៤០ ភាគរយ​ទៅ​៧០​ភាគរយ ។

វីរុស​រក​ឃើញ​ដំបូង​ក្នុង​ឆ្នាំ​១៩៩៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​សិង្ហ​បុរី បណ្តាល​ឱ្យ​មនុស្ស​១០០​នាក់ បាន​ស្លា​.​ប់​ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​ចំនួន​៣០០ នាក់ ។ ប៉ុន្តែ​បន្ទាប់​ពី​ពេល​នោះ រហូត​មក​ដល់​បច្ចុប្បន្ន មិន​មានការ​ផ្ទុះ​ឡើងជា​ថ្មី​ត្រូវ​បាន​គេ​រាយការណ៍​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ទៀត​ទេ ។

ក្រសួង​បន្ថែម​ថា វីរុស​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ​២០០១ និង​មានការ​ផ្ទុះ​ឡើង​ស្ទើរ​រាល់​ឆ្នាំ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​នៅ​ចន្លោះ​ពេល​ទៀងទាត់ ។ ប្រទេស​កម្ពុជា នៅ​មិន​ទាន់​រក​ឃើញ​មាន​វីរុស​នី​ប៉ា​ហ៍​នៅ​លើ​មនុស្ស​នៅឡើយ និង​ធ្លាប់​រក​ឃើញ​លើ​សត្វ​ប្រចៀវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ