ប្រទេសជប៉ុន ៖ ទើបក្លាយជាស្ត្រីដំបូងគេឡើងធ្វើនាយករដ្ឋមន្ត្រីជប៉ុនកាលពីខែតុលា លោកស្រីសាណាអេតាកាអ៊ីជី ប្រកាសរំលាយសភាជប៉ុន នាថ្ងៃទី២៣ មករា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់នាថ្ងៃទី៨ កុម្ភៈ ខាងមុខនេះ ។

យោងតាមតួលេខចេញផ្សាយ នាថ្ងៃទី២៣ មករា ប៉ុន្មានម៉ោងមុនការប្រកាសរំលាយសភា អតិផរណាបានចុះថយបន្តិច តែនៅខ្ពស់ក្នុងប្រទេសជប៉ុន ។ ឱនភាពសេដ្ឋកិច្ចនឹងជាបញ្ហាសំខាន់នៃការឃោសនាបោះឆ្នោតសភានាពេលខាងមុខ ដែលលោកស្រីសាណាអេតាកាអ៊ីជី នឹងការពារដល់ការសម្រាលពន្ធ ។
នាយករដ្ឋមន្ត្រី អភិរក្សនិយម និងជាតិនិយមបំផុតរូបនេះ ពឹងលើលទ្ធផលនៃការស្ទង់មតិ ដែលចំនួនអ្នកគាំទ្រគណបក្សសេរីប្រជាធិបេត្យPLDរបស់លោកស្រីមានខ្ពស់ ។ មុននេះ ប្រជាប្រិយភាពរបស់គណបក្សនោះបានធ្លាក់ចុះ ហើយក្រុមចម្រុះរដ្ឋាភិបាលមានសំឡេងនាំមុខក្នុងសភាទាបបំផុតដោយប្រផិតប្រផើយ។

មុនការប្រកាសរំលាយសភាបន្តិច តួលេខផ្លូវការបង្ហាញថាអតិផរណាមានការធ្លាក់ចុះ មកនៅត្រឹម២,៤%ក្នុងខែធ្នូដោយក្នុងខែវិច្ឆិកាមានដល់៣%។ ទោះបីយ៉ាងណា តម្លៃស្បៀងនៅបន្តឡើងដោយតម្លៃអង្ករឡើង៣៤%។ ប្រទេសជប៉ុនចាប់តាំងពីយូរមកហើយមានអតិផរណាទាបបំផុត តែចាប់តាំងពី៣ឆ្នាំកន្លះមកនេះ ទំនិញបានឡើងថ្លៃហើយប្រាក់យេនជប៉ុនក៏ចុះថោក ដែលនាំឲ្យទំនិញនាំចូលកាន់តែថ្លៃ ។ អង្ករគឹជានិមិ្មត្តរូបមួយដោយកាលពីពាក់កណ្ដាលឆ្នាំ២០២៥តម្លៃអង្ករឡើងថ្លៃជាងទ្វេដង។
ការមិនសប្បាយចិត្តរបស់ប្រជាជនដោយសារអតិផរណា បានរួមចំណែកច្រើនក្នុងការចាកចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីមុនលោកស្រីតាកាអ៊ីជីគឺលោកស៊ីហ្សេរ៉ូអ៊ីស៊ីបា។
ដោយចង់កាត់បន្ថយអតិផរណាលោកស្រីតាកាអ៊ីជី លាតត្រដាងកាលពីខែវិច្ឆិកាផែនការលើកស្ទូយសេដ្ឋកិច្ច មានទឹកប្រាក់ស្មើនឹង១១៧ពាន់លានអឺរ៉ូ សម្រាប់ជួយបន្ថយបន្ទុកគ្រួសារនិងសហគ្រាស ។
រឿងនោះនឹងជាចំណុចស្នូលនៃការឃោសនាបោះឆ្នោតរបស់លោកស្រី ដែលបានសន្យាលុបចោលពន្ធ៨% លើការលក់ផលិតផលស្បៀងរយៈពេល២ឆ្នាំ ។ បណ្ដាគណបក្សប្រឆាំងក៏ទាមទារការសម្រាលពន្ធនេះ ជាមួយវិធានការដទៃៗទៀតដូចជាការពិនិត្យឡើងវិញលើការបង់ចំំណែកធនារ៉ាប់រងសង្គមជាដើម ៕
ចែករំលែកព័តមាននេះ