ខេត្តស្ទឹងត្រែង ៖ ផ្ទះឈើប្រក់ស័ង្កសីមួយខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួន ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

យោងតាមរបាយការណ៍ពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រែងបានឱ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ ដុក សារាវី ភេទប្រុស អាយុ៦៩ឆ្នាំ និងភរិយាឈ្មោះ ដាំ ភីណា អាយុ ៧៣ឆ្នាំ។ ផ្ទះដែលរងការខូចខាតមានទំហំ៤ម៉ែត្រ x ៥ម៉ែត្រ សាងសង់ពីឈើប្រក់ស័ង្កសី។(ឆេះទាំងស្រុង) ម៉ូតូចំនួន០១គ្រឿង ថវិកា និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ក្រោយទទួលព័ត៌មានភ្លាមៗ កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នង
ការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលបន្តទៅអ្នកជិតខាង។

ទាក់ទិនករណីខាងលើនេះ មូលហេតុនៃគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចបានបញ្ជាក់ថា គឺផ្ដើមចេញពីម្ចាស់ផ្ទះខ្លួនឯងផ្ទាល់ជាអ្នកដុត ដោយសារគាត់មានបញ្ហាសតិមិនគ្រប់ (មានជំងឺប្រចាំកាយ)។
ទោះជាយ៉ាងណា ក្នុងហេតុការណ៍នេះ មិនមានសេចក្តីរាយការណ៍ថាមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតនោះទេ ៕




ចែករំលែកព័តមាននេះ