ខេត្តកំពង់ចាម ៖ ទោះបីរដូវបើកនេសាទយ៉ាងណាក៏ដោយតែមានក្រុមមនុស្សខិលខូចមួយចំនួនបានបន្តនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់។ជាក់ស្ដែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ជលផលកំពង់ចាម សហការជាមួយអាជ្ញាធរកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃនិងស្រុកបាធាយ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយធ្វើការបង្ក្រាបបានរហូតដល់៤ករណីក្នុងនោះមានរបាំងស្បៃព្រមទាំងឧបករណ៍ឆក់ត្រី ព្រមទាំងចាក់លែងកូនត្រីទៅក្នុងបឹងធម្មជាតិដើម្បីបង្កកំណើតឱ្យសំបូរ។
លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានប្រាប់ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្តដោយណែនាំឲ្យមន្ត្រីជំនាញជលផលត្រូវបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទទាំងរដូវបិទនិងរដូវបើកដោយធ្វើឡើងដូចភ្លៀងរលឹមនៅតាមបណ្ដាស្រុកមួយចំនួនជាប់ដងទន្លេមេគង្គនិងស្រុកខ្លះមានបឹងបួរជាដើម។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានបន្តឲ្យដឹងទៀតថាក្នុងកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន០៤ករណី ដោយរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកនូវឧបករណ៍ខុសច្បាប់រួមមាន៖
+ករណីទី០១
-ឧបករណ៍លូស្បៃមុងចំនួន ០៧មាត់
-របាំងស្បៃមុងប្រវែង ៣៥៥ម៉ែត្រ
-បង្គោលចំនួន ១១០ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៧គីឡូក្រាម នៅចំណុចកំពង់រាំង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
+ករណីទី០២
-រុះរើរបាំងផ្ជិតព្រែក(សាច់ស្បៃមុង) ចំនួន ០១កន្លែង ប្រវែង១៥ម៉ែត្រ
-បង្គោលឫស្សីចំនួន ៣០ដើម
-ឧបករណ៍លូស្បៃមុងចំនួន ០១មាត់
-ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម នៅចំណុចចុងព្រែកខ្លាកាទៀម ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
+ករណីទី០៣
នេសាទដោយឧបករណ៍ឆក់ (ឆក់ត្រី) ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវវត្ថុតាងរួមមាន៖
-អាំងវែកទ័វម៉ាក (នាគឆ្លងដែន) ចំនួន ០១គ្រឿង អាគុយកម្លាំង 120Ah ចំនួន ០១គ្រឿង អាគុយកម្លាំង 70Ah ចំនួន ០២គ្រឿង នៅចំណុចក្រពើប្រជល់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
+ករណីទី០៤
-រុះរើរបាំងផ្ជិតព្រែក(សាច់អួន) ចំនួន ០៣កន្លែង ប្រវែង៣៥ម៉ែត្រ
-បង្គោលឫស្សីចំនួន ៧០ដើម
នៅចំណុចអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។នាយខណ្ឌជលផលបន្ថែមថាកម្លាំងរបស់លោកនិងបន្តយកចិត្តទុកដាក់បង្ក្រាបទល្មើសនេសាទតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តក៏ដូចជាជំនាញស្ថាប័នក្រោមឱវាទក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ៕






ចែករំលែកព័តមាននេះ