ខេត្តកំពង់ស្ពឺ៖ រថយន្តប៉ាជេរ៉ូ(PAJERO) មួយគ្រឿងត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ ខណៈដែលកំពុងតែបើកបរលើផ្លូវល្បឿនលឿនហើយឆ្លងចរន្តភ្លើងឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ហេតុការណ៍ឆេះរថយន្តបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២៨នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ៧៨(+៣០០) ទិសដៅភ្នំពេញ-ព្រះសីហនុ ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ដ១គ្រឿង ម៉ាក MITSUBISHI PAJERO ពណ៌ទឹកប្រាក់លាយបៃតង ពាក់ផ្លាកលេខភ្នំពេញ2AN-7514 បើកបរដោយឈ្មោះ វង្ស វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងអ្នករួមដំណើរ៣នាក់ស្រី បានបើកបរលើផ្លូវល្បឿនលឿនពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានឆ្លងចរន្ដអគ្គីសនីបណ្ដាលឲ្យក្លាយទៅជាអណ្តាតភ្លើងឆាបឆេះរថយន្តអស់ទាំងស្រុង ចំណែកអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្ដមិនមានរងរបួសនោះទេ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បញ្ជាក់ថា ករណីខាងលើរថយន្ដពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនប្រចាំការលើផ្លូវល្បឿនលឿនបានចេញអន្ដរាគមន៍ពន្លត់បានទាន់ពេលវេលា តែអគ្គិភ័យឆាបឆេះលឿនពេកបណ្ដាលឱ្យរថយន្ដប៉ាជេរ៉ូឆេះអស់រងការខូចខាតស្ទើរតែមួយរយភាគរយទៅហើយ។
ក្រោយកើតហេតុតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនបានស្ទួចយករថយន្ដខាងលើ ទៅរក្សាទុកនៅទីតាំងបញ្ជរសុវត្ថិភាព និងរង់ចាំធ្វើការដោះស្រាយជាមួយភាគីម្ចាស់រថយន្ដនៅពេលក្រោយ៕





ចែករំលែកព័តមាននេះ