ខេត្តព្រៃវែង ៖ ក្រុមអាជីវករ និងពលរដ្ឋផ្សារព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល បានផ្ទុះការតវ៉ាដោយសារម្ចាស់ភាស៊ីផ្សារព្រែកសណ្ដែក សាងសង់សំណង់រឹងបិទផ្លូវកំពង់ចម្លងសមាគម ដែលឆ្លងពីត្រើយម្ខាងក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ឆ្លងមកផ្សារព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
តំណាងអាជីករ លោកស្រី ណៃ រម្យមុន្នី រស់នៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមករកស៊ីលក់ដូរនៅផ្សារព្រែកសណ្តែក ក្នុងឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងនាមអាជីវករផ្សារផង និងតំណាងប្រជាពលរដ្ឋនៅត្រើយខាងស្រុកកោះសូទិនផង ស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្អាកការធ្វើសំណង់រឹង ដែលម្ចាស់ភាស៊ី លោក សេង វ៉ា អះអាងថាធ្វើទីស្នាក់ការផ្សារ ប៉ុន្តែអាជីវករ និងពលរដ្ឋគឺមិនបានដឹង ហើយក៍មិនគាំទ្រដាច់ខាត ព្រោះមូលហេតុថា កន្លែងនេះជាចំណុចផ្លូវកំពង់ចម្លងឡើងចុះ និងជាការគ្រប់គ្រងដោយសមាគម ដើម្បីផ្តល់ភាពងាយស្រួលធ្វើដំណើរឆ្លងទៅវិញទៅមក។
ទន្ទឹមនឹងនេះដែរ លោក សេង វ៉ា ដែលជាអ្នកយកភាស៊ីផ្សារព្រែកសណ្តែក ក៍បានប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី២២ ខែមករានេះថា ចំពោះលោកសាងសង់សំណង់រឹង ធ្វើជាស្នាក់ការនេះ គឺបានការឯកភាពពីមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្តព្រៃវែង ហើយលោកក៍មិនចង់ធ្វើនោះដែរ។
បន្ទាប់ពីមានការតវ៉ា រវាងប្រជាពលរដ្ឋ ក្រុមអាជីវករ និងម្ចាស់ភាស៊ីផ្សារព្រែកសណ្តែក នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះមក អាជ្ញាធរខេត្តព្រៃវែង ដោយមានការដឹកនាំដោយ លោក ស្រេង វ៉ន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែង និងលោក តុង ប្រុស អភិបាលរងស្រុកស៊ីធរកណ្តាល រួមអាជ្ញាធរឃុំព្រែកចង្ក្រាន អាជ្ញាធរឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានកោះអញ្ជើញក្រុមអាជីវករផ្សារព្រែកសណ្តែក និងប្រជាពលរដ្ឋជាច្រើននាក់ធ្វើការប្រជុំដោះស្រាយ ហើយជាលទ្ធផលក្នុងកិច្ចប្រជុំសម្របសម្រួលនេះ ក្រុមអាជីករ រួមនឹងអាជ្ញាធរមូលដ្ឋានខាងស្រុកកោះសូទិន ខេត្តកំពង់ចាម ស្នើសុំមិនឲ្យធ្វើការសាងសង់សំណង់រឹង ឬស្នាក់ការផ្សារនៅទីនេះឡើយ ហើយខាងមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ខេត្តព្រៃវែង ក៍បានទទួលយកសំណើរនេះ តែមិនទាន់សម្រេចនោះទេ ដោយសុំយកសំណើរនេះ ផ្ញើជូនទៅថ្នាក់ខេត្ត ដើម្បីធ្វើការសម្រេច និងដោះស្រាយនៅពេលក្រោយ ។ តែចំពោះមុខពេលនេះ គឺឲ្យក្រុមជាងផ្អាកការសាងសង់សិន ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ