ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត

35 វិនាទី មុន

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ចំណាយពេល​៤​ខែ ដើម្បី​ជួសជុល​បណ្ណាល័យ​ខាងជើង​នៃ​ជាន់​ទី​២ របស់​ប្រាសាទអង្គរវត្ត ដែល​មានការ​ខូចខាត​ឱ្យ​រឹង​មាំ​ឡើង​វិញ ។…

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ចំណាយពេល​៤​ខែ ដើម្បី​ជួសជុល​បណ្ណាល័យ​ខាងជើង​នៃ​ជាន់​ទី​២ របស់​ប្រាសាទអង្គរវត្ត ដែល​មានការ​ខូចខាត​ឱ្យ​រឹង​មាំ​ឡើង​វិញ ។ នេះ​បើ​យោង​តាម​ផេ​ក អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២២ ខែមករា​នេះ ។

លោក ម៉ៅ សុខ​នី មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ រចនា​សម្ពន្ធ​របស់​បណ្ណាល័យ​នេះ​មានការ​ខូចខាត​ជា​ច្រើន​កន្លែង​ដូច​ជា គ្រឹះ​ថ្មបាយក្រៀម​ពុក​ផុយ​ថ្ម​មួយ​ចំនួន​គ្រាក​ចេញពី​ទីតាំង​ដើម ពិសេស ថ្ម​ដំបូល ។

អ្នកជំនាញ​រូប​នេះ​បន្ត​ថា ការ​ជួសជុល​នេះ ត្រូវ​បាន​បន្ថែម​ថ្ម​ថ្មី​មួយ​ចំនួន​នៅ​ផ្នែក​ខឿន ដែល​បាន​បាត់បង់​ថ្ម ដើម្បី​រក្សា​ស្ថិរភាព​នៃ​ខឿន​បណ្ណាល័យ​នេះ​ឡើង​វិញ និង​រំកិល​ថ្ម​ផ្នែក​ដំបូល​ដែល​គ្រាក ឱ្យ​ចូល​ទីតាំង​ដើម​ឡើង​វិញ បិទ​បាយអ​ការពារ​ជម្រាប​ទឹក​ចូល​ទៅ​ក្នុង​គ្រឹះ​បន្ត​ទៀត ។

ស្រប​ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​អភិរក្ស​ថ្ម ក៏​បាន​ប្រើ​បច្ចេកទេស​ជួសជុល​ពង្រឹង​ផ្នែក​ថ្ម ដែល​ពុក​ផុយ​ឱ្យ​រឹង​មាំ​ឡើង​វិញ រួម​មាន សសរ ជញ្ជាំង មេ​ទ្វារ និង​រូប​អប្សរា​មួយ​ចំនួន ។

បច្ចុប្បន្ន​នេះ ដំណើរការ​ជួសជុល​បណ្ណាល័យ​ខាងជើង​នៃ​ជាន់​ទី​២ របស់​ប្រាសាទអង្គរវត្ត​សម្រេច​បាន​ប្រមាណ​៦០​ភាគរយ​ហើយ ដែល​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២៥ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២៦​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ