ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNODC​ គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

55 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកសម្របសម្រួល​ថ្នាក់​តំបន់​ផ្នែក​ជួញដូរ​មនុស្ស និង​រត់ពន្ធ​ជនចំណាកស្រុក​នៃ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​(UNODC) បាន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ពេញទំហឹង​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ការ​គាំទ្រ​នេះ ខណៈ​ពេល​ដែល​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ…

រាជធានី​ភ្នំពេញ ៖ អ្នកសម្របសម្រួល​ថ្នាក់​តំបន់​ផ្នែក​ជួញដូរ​មនុស្ស និង​រត់ពន្ធ​ជនចំណាកស្រុក​នៃ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​(UNODC) បាន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ពេញទំហឹង​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

ការ​គាំទ្រ​នេះ ខណៈ​ពេល​ដែល​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ បាន​អនុញ្ញាត​ឱ្យ​លោកស្រី​បណ្ឌិត Rebecca Miller អ្នកសម្របសម្រួល​ថ្នាក់​តំបន់​ផ្នែក​ជួញដូរ​មនុស្ស និង​រត់ពន្ធ​ជន​ចំណាកស្រុក​នៃ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ប្រចាំ​តំបន់​អាស៊ី​អាស៊ីអាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។ ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង UNODC និង​កម្ពុជា ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​របស់ UNODC បាន​គ្របដណ្តប់​លើ​កិច្ចការ​សំខាន់​ៗ​រាប់​ទាំង​ការ​គាំទ្រ​ដល់​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ផង​ដែរ ។
ឯកឧត្តម សន្តិ​បណ្ឌិត បាន​បន្ថែម​ថា អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​អំពើ​ជួញដូរ​មនុស្ស ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ការ​ធ្វើ​ទារុណ កម្ម ឃាតកម្ម និង​បទល្មើស​គ្រឿងញៀន​ជាដើម ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​មនុស្ស សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ​ទាំងមូល ។

ទន្ទឹម​នេះ ឯកឧត្តម សន្តិ​បណ្ឌិត ក៏​បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​បាន​គិតគូរ និង​បន្ត​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ទាំងនេះ ដោយ​អនុវត្ត​វិធានការ​ច្បាស់លាស់ និង​តឹង​រឹង​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ខុសច្បាប់​ទាំងឡាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ទម្រង់ រាប់​បញ្ចូល​ទាំង​កិច្ច​ខិតខំ​លុប​បំបាត់​អំពើ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ដែល​គ្រប់​តួអង្គ និង​ភាគី​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​សហការ ផ្លាស់​ប្តូរ​ព័ត៌មាន ចែករំលែក​បទ​ពិសោធន៍ និង​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ស្រាវជ្រាវ​ដើម្បី​វែកមុខ​មេខ្លោង និងបណ្តាញ​អង្គការ​ចាត់តាំង​ឱ្យមក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

ជា​កិច្ច​ឆ្លើយ​តប លោកស្រី​បណ្ឌិត Berecca Miller បាន​ថ្លែងអំណរគុណ​ដែល​បាន​អនុញ្ញាត​ឱ្យ​លោកស្រី​បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។ លោកស្រី​ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សមត្ថកិច្ច​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ទៅ​លើ​ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

លោកស្រី​បាន​គូសបញ្ជាក់​ថា ៖«UNODC គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​យ៉ាង​ពេញទំហឹង​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ និង​បាន​បន្ថែម​ថា គ្មាន​ប្រទេស​ណាមួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្វះ​តម្រូវការ​កិច្ច​សហប្រតិបត្តិការ​ឡើយ​»​។ ក្នុង​ឱកាស​នោះ​ដែរ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា ជំហាន​បន្ទាប់​លើ​ការងារ​បណ្តុះបណ្តាល ការ​កសាង​សមត្ថភាព​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​និង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ