អាមេរិក-វេណេស៊ុយអេឡា ៖ ប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា លោកស្រីដែលស៊ីរ៉ូឌ្រីហ្គេស ត្រូវទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ។ នេះជាការគូសបញ្ជាក់ កាលពីថ្ងៃទី២១ មករា របស់តំណាងសេតវិមានមួយរូប ប្រាប់ដល់សារព័ត៌មានដែលមិនបញ្ជាក់ពីកាលបរិច្ឆេទឡើយ ។

ជាអតីតអនុប្រធានាធិបតីរបស់លោកនីកូឡាស់ម៉ាឌូរ៉ូ ដែលកងទ័ពអាមេរិកចាប់ខ្លួន កាលពីថ្ងៃទី៣ មករា ហើយរដ្ឋាភិបាលលោកស្រីស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក លោកស្រីរ៉ូឌ្រីហ្គេសថ្លែងនៅមុខបណ្ដាសមាជិកសភាមូលដ្ឋាន ដោយពុំបានលើកដោយផ្ទាល់ពីការអញ្ជើញនោះឡើយ តែលោកស្រីអះអាងថា យើងកំពុងស្ថិតក្នុងដំណើរការនៃការចរចា ដោយធ្វើការជាមួយអាមេរិកពុំមានការភ័យខ្លាចណាមួយ ប្រឈមមុខការខ្វែងគំនិតគ្នា ការលំបាកនានា ឬចំណុចរសើបខ្លាំង និងមិនសូវរសើប ដើម្បីដោះស្រាយតាមផ្លូវការទូត។ ទស្សនកិច្ចនោះ របស់លោកស្រីរ៉ូឌ្រីហ្គេសនៅអាមេរិក នឹងជាលើកដំបូង សម្រាប់មេដឹកនាំវេណេស៊ុយអេឡាមួយរូប ពុំធ្លាប់មានចាប់តាំងពីជាង២៥ឆ្នាំមកហើយ ក្រៅពីប្រធានាធិបតីដែលទៅចូលរួមប្រជុំនៅអ.ស.បនាទីក្រុងញូវយ៉ក ។
ទស្សនកិច្ចនោះរបស់ប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡានៅអាមេរិក បង្ហាញពីការខិតចូលជិតត្នាបន្តិចម្ដងៗរបស់លោកត្រាំ ចំពោះក្រុងការ៉ាកាស់ ពេលលោកអះអាងថា កំពុងធ្វើការដ៏ល្អជាមួយលោកស្រីរ៉ូឌ្រីហ្គេស ដោយលោកអះអាងពីផលប្រយោជន៍ប្រេងកាត ។ អាមេរិកដែលពេលនេះក្លាយជាអ្នកគ្រប់គ្រងប្រេងវេណេស៊ុយអេឡា បានលក់ប្រេងឆៅវេណេស៊ុយអេឡាលើកដំបូងមានទឹកប្រាក់៥០០លានដុល្លារ ៕
ចែករំលែកព័តមាននេះ