រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នកជំនួញហាយសូ ពេជ្រ ស្រីមុំ មួយសំណុំរឿងថ្មីទៀត បន្ទាប់ពីសំណុំរឿងជាច្រើនត្រូវបានសាលក្រមប្រកាសផ្តន្ទាទោសលើអ្នកជំនួញរូបនេះរួចមកហើយ ។

សាលក្រមត្រូវបានប្រកាសដោយលោក សាយ ណូរិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

សាលក្រមនេះបង្គាប់ឲ្យជនជាប់ចោទសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន៧១ម៉ឺនដុល្លារអាមេរិក និងជំងឺចិត្ត៤០លានរៀលថែមទៀតផង ។ សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ជនជាប់ចោទឈ្មោះ ពេជ្រ ស្រីមុំ អាយុ២៥ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅមុខអគារ Rise Comm ercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានយកទៅឃុំខ្លួននៅពន្ធនាគារ PJ ចាប់ពីពេលនោះមក ។

ជនជាប់ចោទមានបណ្តឹងជាច្រើនរហូតដល់ទៅជាង៣០សំណុំរឿង សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ ដែលកន្លងមកត្រូវបានតុលាការលើកយកមកកាត់ទោសជាបន្តបន្ទាប់ រហូតមកដល់ ពេលនេះក៏នៅមិនទាន់បានបញ្ចប់ដែរ ។ ដូច្នេះមិនដឹងពេលណាអ្នកជំនួញហាយសូ ពេជ្រ ស្រីមុំ បានមានសេរីភាពរួចផុតពីការអនុវត្តទោសនោះឡើយ ៕
ចែករំលែកព័តមាននេះ