រាជធានីភ្នំពេញ ៖ វិស័យទេសចរណ៍កម្ពុជានៅតែបន្តរក្សាភាពធន់ និងបន្តរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ បត់បែនឱ្យទាន់សភាពការណ៍ និង មានភាពប្រយ័ត្នប្រយែងខ្ពស់ នៅក្នុងបរិបទតំបន់ និងសកលលោកដែលមានភាពប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វ ផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ កាលពីថ្ងៃទី៨ មករា ឆ្នាំ២០២៦ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក ក.ផ.ផ. ដែលមានឯកឧត្តម លោកជំទាវ មកពីក្រសួង ស្ថាប័នរដ្ឋ និងលោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីផ្នែកឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ៣០រូប ។
សូមបញ្ជាក់ជូនថា នេះក៏ជាកិច្ចប្រជុំលើកទី៨ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណង ៖ (១) ពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានក្នុងឆ្នាំ២០២៥, (២) ការវាយតម្លៃអំពី ចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈម និងសំណូមពរ, និង (៣) កំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ។
អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លង គឺពិតណាស់កើតចេញពីការតម្រង់ទិសជាប់ជាប្រចាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, សសរស្តម្ភយុទ្ធសាស្ត្រទាំង៦របស់វិស័យទេសចរណ៍ បានខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញសមត្ថកិច្ចរៀងៗខ្លួន ក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម ដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិដែលបាននិងកំពុងប្រឈម ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិការណ៍និង
អរិភាពដែលកើតមានឡើងនាពេលបច្ចុប្បន្ន ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័សជាងការរំពឹងទុក មានដូចជាទស្សនវិស័យសេដ្ឋកិច្ចសកលនៅតែបន្តត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាពតាងតឹង, ការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាកាលៈទេសៈដ៏លំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកគ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាពរួបរួមឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត, ពង្រឹងភាពធន់បន្ថែមទៀត និងពង្រឹងភាពម្ចាស់ការបន្ថែមទៀត។
ក្នុងន័យនេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការគន្លឹះ ទិសដៅការងារបន្ត និងសកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៦ សំដៅម្យ៉ាងបន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា, និងម្យ៉ាងទៀតបន្តជំរុញសន្ទុះវិស័យទេសចរណ៍ ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និងមានភាពប្រយ័ត្នប្រយែងខ្ពស់ ៕
ចែករំលែកព័តមាននេះ