ខេត្តមណ្ឌលគិរី ៖ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរីក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ការពារធនធានធម្មជាតិ មន្ទីរបរិស្ថានខេត្តបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញែក និងស្រុកពេជ្រាដា ចុះប្រតិបត្តិការបង្ក្រាបសកម្មភាពទន្ទ្រានដីធ្លី និងការរុករករ៉ែខុសច្បាប់យ៉ាងក្តៅគគុក កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ។

យោងតាមប្រភពព័ត៌មានដែលកោះសន្តិភាពទើបទទួលបាន នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងប្រតិបត្តិការល្បាតនៅចំណុចព្រៃចាស់ ក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ក្រុមមន្ត្រីឧទ្យានុរក្សបានប្រឈមមុខជាមួយក្រុមជនសង្ស័យដែលមានអាវុធជាប់ខ្លួន ។
តាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីជំនាញបានរកឃើញអាវុធ AK-47 ចំនួន ០២ដើម (០១ដើមស្វាយបត់ និង០១ដើមទៀតដកហូតបានពីជនសង្ស័យដែលដួលម៉ូតូរត់គេចខ្លួន) រួមជាមួយគ្រាប់ចំនួន១៣គ្រាប់ ។

ក្នុងហេតុការណ៍នោះ មានជនសង្ស័យម្នាក់បានរត់គេចខ្លួនទាំងមានអាវុធជាប់នឹងខ្លួន ។ ដើម្បីការពារសុវត្ថិភាពក្រុមការងារ មន្ត្រីបានសម្រេចចិត្តបាញ់បង្អើលចំនួន០៤គ្រាប់ ។ ម៉ូតូចំនួន០៤គ្រឿង ដែលជារបស់ក្រុមជនល្មើស ត្រូវបានកម្ទេចចោលនៅនឹងកន្លែង ដោយសារស្ថិតក្នុងតំបន់ព្រៃជ្រៅមិនអាចនាំយកចេញមកបាន ។

សេចក្តីរាយការបន្តថា នៅយប់ថ្ងៃដដែល(ថ្ងៃទី៥) មន្ត្រីឧទ្យានុរក្សបានសហការជាមួយកម្លាំងនគរបាល និងយោធានៃគណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះអន្តរាគមន៍នៅចំណុចភ្នំលូងឈូង ស្ថិតក្នុងបរិវេណក្រុមហ៊ុន Khun Yuen International (ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណសិក្សាស្រាវជ្រាវរ៉ែ)។

អាជ្ញាធរបានឃាត់ខ្លួនបុរសចំនួន ០២នាក់ ឈ្មោះ សុង រ៉ន និងឈ្មោះ ឃ្នី ធាតុ ខណៈកំពុងធ្វើសកម្មភាពរុករករ៉ែមាសដោយខុសច្បាប់ ។ ក្នុងអំឡុងពេលសាកសួរ មានប្រជាពលរដ្ឋប្រមាណពី៩០ ទៅ១០០នាក់ ប្រដាប់ដោយកាំបិត និងពូថៅ បានមកឡោមព័ទ្ធរារាំង និងរំដោះជនសង្ស័យទាំងពីររូបរួមទាំងមធ្យោបាយធ្វើដំណើរ។

ដើម្បីចៀសវាងការប៉ះទង្គិចជាហិង្សា និងការបង្ហូរឈាម ក្រុមការងារបានសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រអប់រំណែនាំ និងដេញឱ្យក្រុមអ្នកទាំងនោះត្រឡប់ទៅលំនៅដ្ឋានវិញ។ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបានឱ្យដឹងថា កន្លងមក មានការចុះបង្ក្រាបផ្ទាល់ចំនួន៣លើក សម្រេចបានលទ្ធផលដូចជាលើកទី១ និងទី២ ឃាត់ខ្លួនជនល្មើសសរុប ២៦នាក់ បញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់ ។ លើកទី៣ (ចុងខែធ្នូ ២០២៥) ឃាត់ខ្លួន ៣៨នាក់ (បានអប់រំដោះលែង) ដកហូតម៉ូតូ១៨គ្រឿង និងរ៉ែមាសចំនួន០៤កញ្ចប់តូច។

មន្ទីរបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធនឹងបន្តសហការជាមួយតុលាការ ដើម្បីបើកការស៊ើបអង្កេតបឋមស្វែងរកមេខ្លោង និងអ្នកពាក់ព័ន្ធ។ ទន្ទឹមនឹងនោះ នឹងបង្កើនការអប់រំផ្សព្វផ្សាយអំពី «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ដល់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបញ្ឈប់សកម្មភាពរុករករ៉ែខុសច្បាប់ ដែលបង្កហានិភ័យដល់បរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕
ចែករំលែកព័តមាននេះ