ទីក្រុងញូយ៉ក៖ នៅទីបំផុត សមត្ថកិច្ចអាមេរិកបាននាំខ្លួនលោកម៉ាឌូរ៉ូទាំងដៃជាប់ខ្នោះទៅដល់តុលាការសហព័ន្ធប្រចាំសង្កាត់ម៉ាន់ហាតាន់ (Manhattan) នៃទីក្រុងញូយ៉កកាលពីមុននេះបន្តិចដើម្បីឱ្យលោកស្ដាប់ការចោទប្រកាន់ជាច្រើនករណី។ លោកម៉ាឌូរ៉ូនឹងបង្ហាញខ្លួននៅមុខចៅក្រម លោកអាលវីន ហេឡឺស្ទេន (Alvin Hellerstein) ជាលើកដំបូងនៅពេលរសៀលពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួនបួន។

តាមរយៈវីឌីអូឃ្លីបដែលគេថតបាន គេឃើញលោកម៉ាឌូរ៉ូដើរលបៗចូលទៅក្នុងឧទ្ធម្ភាគចក្រដើម្បីដឹកគាត់ទៅតុលាការ។ ដោយសារដៃជាប់ខ្នោះ ហើយមាឌគាត់ធំរហូតដល់កម្ពស់១៩០សង់ទីម៉ែត្រ ដូច្នេះនៅពេលធ្វើបម្លាស់ទីម្ដងៗ គាត់ត្រូវការជំនួយពីសមត្ថកិច្ចដើម្បីក្រៀក ឬគ្រាហ៍គាត់។ នៅក្នុងវីឌីអូនោះ គេឃើញលោកម៉ាឌូរ៉ូ និងប្រពន្ធរបស់គាត់ពាក់អាវពណ៌ត្នោត។
ទិដ្ឋភាពនៅខាងមុខតុលាការក្រុងញូយ៉កលោក និងលោកស្រីប្រឈមនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការរួមគំនិតគ្នាជួញដូរគ្រឿងញៀន និងបទល្មើសដទៃទៀត។ តាមគម្រោង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំជាបន្ទាន់នៅវេលាម៉ោង១០ព្រឹកដើម្បីជជែកគ្នាអំពីការចាប់ខ្លួនលោកម៉ាឌូរ៉ូ។ កិច្ចប្រជុំនេះធ្វើឡើងតបតាមសំណើរបស់ប្រទេសកូឡុំប៊ីដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រដ្ឋាភិបាលលោកម៉ាឌូរ៉ូ។

អង្គការសហប្រជាជាតិបានចេញសេចក្ដីថ្លែងការណ៍មួយមានសេចក្ដីជាអាទិ៍ថាអគ្គលេខាធិការរបស់អង្គការនេះគឺលោកហ្គូតេរ៉េស (Guterres) ភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសភាពការណ៍នៅវេណេហ្ស៊ូអេឡា។ លោកយល់ថាចំណាត់ការរបស់អាមេរិកជាចំណុចគ្រោះថ្នាក់។ នៅវេលាម៉ោង១១:៣០ព្រឹកនឹងមានចលនាបាតុកម្មពីក្រុមអ្នកគាំទ្រលោកម៉ាឌូរ៉ូនៅបុរីញូយ៉កប្រឆាំងនឹងអ្វីដែលពួកគេហៅថាជា «ការចាប់ជំរិត (លោកម៉ាឌូរ៉ូ) ទាំងខុសច្បាប់»។ ការតវ៉ានេះធ្វើឡើងដំណាលគ្នានឹងពេលដែលសមត្ថកិច្ចនាំខ្លួនលោកម៉ាឌូរ៉ូចូលតុលាការ។ ទន្ទឹមនឹងនោះ ជនជាតិវេណេហ្ស៊ូអេឡាខ្លះនៅអាមេរិកត្រៀមជួបជុំគ្នាដើម្បីគាំទ្រការចាប់ខ្លួនលោកម៉ាឌូរ៉ូ។

តើលោកម៉ាឌូរ៉ូប្រឈមនឹងបទចោទអ្វីខ្លះនៅក្នុងតុលាការអាមេរិក?
នៅក្នុងបទចោទប្រកាន់របស់ខ្លួនដាក់ជូនតុលាការ ក្រសួងយុត្តិធម៌អាមេរិកចោទថាលោកម៉ាឌូរ៉ូ និងមន្ត្រីកំពូលៗរបស់លោកបានរំលោភអំណាចអស់ជិតបីទសវត្សមកហើយ ហើយបានប្រើប្រាស់ស្ថាប័នរបស់រដ្ឋដើម្បីនាំចេញគ្រឿងញៀនកូកាអ៊ីន (cocaine) រាប់សិបតោនទៅលក់នៅអាមេរិក។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអះអាងថាលោកម៉ាឌូរ៉ូ និងសម្ព័ន្ធមិត្តរបស់គាត់ជាអ្នកជួយសម្រួលផ្លូវឱ្យពួកឈ្មួញគ្រឿងញៀនអាចរត់ពន្ធបានស្រួល ព្រមទាំងជួយផ្ដល់ការគាំទ្រផ្នែកដឹកជញ្ជូនថែមទៀត។ ក្រុមរកស៊ីជាមួយម៉ាឌូរ៉ូសុទ្ធតែក្រុមធំៗប្រចាំតំបន់អាមេរិកឡាទីន។

អាមេរិកក៏ចោទប្រកាន់លោកម៉ាឌូរ៉ូពីបទលក់លិខិតឆ្លងដែនការទូតរបស់វេណេហ្ស៊ូអេឡាទៅឱ្យពួកឈ្មួញគ្រឿងញៀន និងជួយសម្រួលការនាំចូលគ្រឿងបរិក្ខារដែលយកលុយបានពីលក់គ្រឿងញៀនទៅទិញ ហើយនាំចូលវេណេហ្ស៊ូអេឡាតាមយន្តហោះ។ បទចោទនេះចែកចេញជាបួនធំៗគឺការរួមគំនិតប្រព្រឹត្តអំពើភេរវកម្មគ្រឿងញៀន, ការរួមគំនិតនាំចូលគ្រឿងញៀនកូកាអ៊ីន, ការកាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បំផ្លាញដទៃទៀត និងការរួមគំនិតកាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បំផ្លាញដទៃទៀត។ រាល់ការចោទប្រកាន់ទាំងនេះត្រូវលោកម៉ាឌូរ៉ូបដិសេធតាំងពីមុនពេលចាប់គាត់ទៅទៀត។ លោកអះអាងថាគោលបំណងពិតរបស់អាមេរិកគឺរឹបអូសប្រេងឆៅរបស់វេណេហ្ស៊ូអេឡា។ នេះបើយោងតាមប្រភពពីឌីដាប់បលយូ (DW) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ