រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកដំណើរការបង្រៀន-រៀន នៅខេត្តកោះកុងឡើងវិញ ដោយរៀបចំជីកលេណដ្ឋាន (ត្រង់សេ) រួមមួយនៅតាមសាលារៀនរៀងៗខ្លួន ។
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីអប់រំ យុវជន និងកីឡា ខេត្តកោះកុង ស្តីពីការបើកដំណើរការបង្រៀន និងរៀនឡើងវិញ នៅតាមគ្រឹះស្ថានសិក្សា ដែលបានផ្អាកដំណើរការបង្រៀន និងរៀនបណ្តោះអាសន្ន បានលើកឡើងថា យោងស្មារតីអង្គប្រជុំណែនាំពីរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២និង៣០នាទីរសៀល នៅរដ្ឋបាលខេត្តកោះកុង មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង សូមគោរពជម្រាបជូនគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ជ្រាបថា ដោយសភាពការណ៍ព្រំដែនមានសភាពប្រសើរក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងបទឈប់បាញ់ នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
មន្ទីអប់រំខេត្តកោះកុង បានលើកឡើងថា ក្នុងន័យនេះដោយទទួលបានការណែនាំពីរដ្ឋបាលខេត្តកោះកុង មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង សូមជូនដំណឹងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សូមចូលបម្រើការងារនៅអង្គភាពវិញ និងសាលារៀនទាំងអស់ដែលបានផ្អាកដំណើការបង្រៀន និងរៀនបណ្តោះអាសន្នត្រូវបើកដំណើរការបង្រៀន-រៀនឡើងវិញ រៀបចំជីកលេណដ្ឋាន (ត្រង់សេ) រួមមួយ នៅតាមសាលារៀនរៀងៗខ្លួន និងត្រៀមស្បៀង ដើម្បីអាចរៀនរស់ក្នុងសង្គ្រាមចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
មន្ទីអប់រំបានសូមបុគ្គលិកអប់រំក្រោមឱវាទនៃមន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ចែករំលែកព័តមាននេះ