ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ បង្ហាញ​អារម្មណ៍​ពិត​ក្នុង​ជំនួប​ជាមួយ​វីរ​យុទ្ធ​ជនទាំង១៨រូប​ដែល​ទើប​វិល​ត្រឡប់​មក​វិញ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​វិមាន​៧​មក​រា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែមករា ឆ្នាំ ២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានីភ្នំពេញ ៖ នៅ​វិមាន​៧​មក​រា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែមករា ឆ្នាំ ២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​បងប្អូន​វី​រ​កងទ័ព​ទាំង​១៨​រូប និង​ក្រុម​គ្រួសារ ចូល​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​សំណេះសំណាល​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​ស្វាគមន៍​ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​វី​រៈ​យុទ្ធ​ជន​របស់​យើង ដែល​បាន​ជួបជុំ​ជាមួយនឹង​ក្រុម​គ្រួសារ និង​បាន​មក​ដល់​ប្រទេស​កំណើត​របស់​ខ្លួន​ឡើង​វិញ ។

សម្ដេច​តេ​ជោ​លើក​ឡើង​ថា សម្តេច​យល់​អំពី​អារម្មណ៍​របស់​វីរ​:​យុទ្ធ​ជន​របស់​យើង ក៏​ដូច​ជា​ក្រុម​គ្រួសារ​នូវ​ការ​លំបាក​នៃ​ការ​ព្រាត់ប្រាស់​គ្នា ព្រោះ​សម្ដេច​ផ្ទាល់ ធ្លាប់​បាន​ឆ្លងកាត់​នូវ​បទ​ពិសោធ​នៃ​ការ​ព្រាត់ប្រាស់​គ្រួសារ​កាលពី​ពេល​ដែល​សម្ដេច យក​ជីវិត​ជាដើម​ទុន​ដើម្បី​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។

សម្ដេច​ក៏​បាន​យក​ឱកាស​នេះ អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ជា​និច្ច​ចំពោះ​សុខទុក្ខ​និង​អាយុជីវិត​របស់​វី​រៈ​យុទ្ធ​ជន​របស់​យើង ហើយ​រូប​សម្ដេច​ផ្ទាល់ ក៏​បាន​យកចិត្តទុកដាក់ និង​បាន​តាមដាន​ជា​ប្រចាំ​អំពី​ស្ថានភាព របស់​វី​រៈ​យុទ្ធ​ជន​យើង ហើយ​ជា​ពិសេស​បំផុត​នោះ សម្ដេច​បាន​មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​នៃ​យើង ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចម៉ែ ក៏​ព្រះ​អង្គ​ទាំង​ទ្វេ បាន​យក​ព្រះ​ទ័យ​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​វី​រៈ​យុទ្ធ​ជន​របស់​យើង​ទាំង​១៨ រូប រួម​ទាំង​វី​រៈ​កងទ័ព​ទាំងអស់​របស់​យើង​នៅ​តាម​ព្រំដែន ដែល​នេះ​ជា​ការ​យកចិត្ត​ដាក់​ពី​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​។

ជាមួយ​នេះ សម្ដេច​តេ​ជោ ក៏​បាន​បង្ហាញ​នូវ​ក្ដី​រំភើប​បន្ថែម​ទៀត ដែល​កាល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ម្សិលមិញ នៅ​ពេល​ដែល​សម្ដេច បានឃើញ​វី​រៈ​យុទ្ធ​ជន​របស់​យើង​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា តាម​រយៈ​ការ​ផ្សព្វផ្សាយ​ផ្ទាល់ សម្ដេច​មាន​អារម្មណ៍​រំភើប រហូត​ដល់​ស្រក់​ទឹកភ្នែក នៅ​ពេល​ឃើញ​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ប្រជាជន​របស់​យើង​គ្រប់​មជ្ឈដ្ឋាន​នៅ​តាម​ដងផ្លូវ ចំពោះ​វី​រៈយុទ្ធ​ជន​របស់​យើង​ទាំង​១៨​នាក់ ដែល​សម្ដេច​បាន​បញ្ជាក់​ថា នេះ​ជា​ស្មារតី​នៃ​ការ​សាមគ្គី​របស់​ប្រជាជន​ខ្មែរ​ដ៏​ធំ​បំផុត​សម្រាប់​វី​រៈ​យុទ្ធ​ជន​របស់​យើង​ទាំងអស់​១៨​នាក់ ក៏​ដូច​ជា​ស្មារតី​នៃ​ការ​សាមគ្គី​ជាមួយនឹង​វី​រៈ​យុទ្ធ​ជន​យើង​នៅ​សមរភូមិ​មុខ​ផង​ដែរ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ដល់​វី​រៈ​យុទ្ធ​ជន​ទាំង​១៨​រូប រួម​ទាំង​ក្រុម​គ្រួសារ ជួប​ប្រទះ​តែ​សេចក្តីសុខ​សេចក្តីចម្រើន និង​បាន​រស់នៅ​ជាមួយនឹង​ក្រុម​គ្រួសារ ព្រមទាំង​បាន​រស់នៅ​ក្នុង​ទឹកដី​កំណើត​ឡើង​វិញ​ប្រកបដោយ​ភាព​សុខសាន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ