ប្រទេសស៊ូដង់ ៖ នៅស៊ូដង់រវាងពីថ្ងៃទី២៥ទៅ២៦ធ្នូប្រជាជនជាង៧០០០នាក់ទៀតបានរត់ចាកចេញពីមូលដ្ឋានKERNOI និងOUM BAROU នៅដាហ្វ័រខាងជើង ជិតព្រំដែនជាមួយប្រទេសឆាដ។ នេះបើតាមសេចក្ដីរាយការណ៍របស់អង្គការអន្តោប្រវេសន៍អន្តរជាតិ ។
តាមអង្គការនោះថា ម្យ៉ាងទៀតរវាងពីថ្ងៃទី២៤ទៅ២៦ធ្នូ មនុស្សប្រមាណជា៣១០០នាក់បានរត់ភៀសខ្លួនចេញពីក្រុងកាឌីក្លី ទីប្រជុំជនខេត្តគ័រដូហ្វានខាងត្បូង ដែលជាប់ការឡោមព័ទ្ធដោយកងកម្លាំងយោធាប្រតិព័ទ្ធហៅពួកប៉ារ៉ា ចាប់តាំងពី១ឆ្នាំកន្លះមកហើយ។ ក្នុងទីក្រុងនោះដែលគ្រោះអត់ឃ្លានកើតមានតាំងពីខែវិច្ឆិកាមក បណ្ដាអង្គការមនុស្សធម៌បានជម្លៀសបុគ្គលិករបស់ពួកគេចេញ ក្រោយការដកមូលដ្ឋានភស្ដុភារអ.ស.បចេញពីទីនោះមក។
ចាប់ពីខែមេសាឆ្នាំ២០២៣មក សង្គ្រាមរវាងកងទ័ពរៀបរយស៊ូដង់ និងកងកម្លាំងប៉ារ៉ាបណ្ដាលឲ្យមានការរត់ភៀសខ្លួន របស់ជនសីុវិលប្រមាណជា១០៧.០០០នាក់។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កងកម្លាំងប៉ារ៉ាបានវាយរុលទៅមុខឆ្ពោះទៅទិសខាងលិចប្រទេស។ រួចកាលពីថ្ងៃទី២៦ធ្នូទាហានឆាដ២នាក់បានត្រូវស្លាប់ ដោយសារដ្រូនមួយរបស់កងកម្លាំងប៉ារ៉ា ដែលវាយប្រហារទីក្រុងព្រំដែនទីណេ។
កងកម្លាំងនោះដែលកាន់កាប់រួចហើយ១ភាគ៣នៃដែនដីស៊ូដង់នោះ ពេលនេះបានប្រមូលផ្ដុំការ វាយលុកលើខេត្តគ័រដូហ្វាន ជាតំបន់សម្បូរដោយប្រេងកាត មាសនិងជាដីដែលមានជីជាតិ ដោយប៉ងដណ្ដើមកាន់កាប់ភាគកណ្ដាលស៊ូដង់ដែលភ្ជាប់ដាហ្វួរទៅរដ្ឋធានីខាទុម។ សង្គ្រាមសីុវិលនោះកំពុងពុះចែកស៊ូដង់ជា២។ កងទ័ពរៀបរយកាន់កាប់ភាគខាងជើង ខាងកើតនិងកណ្ដាលប្រទេស។ ចំណែកកងកម្លាំងប៉ារ៉ាកាន់កាប់តំបន់ដាហ្វួរទាំងមូល ហើយជាមួយសម្ព័ន្ធមិត្តកាន់កាប់តំបន់មួយចំនួននាភាគខាងត្បូងប្រទេស។
២ខែហើយគឺពីថ្ងៃទី២៦តុលាមក កងកម្លាំងប៉ារ៉ារបស់ឧត្ដមសេនីយហេមេតទី បានវាយលុកចូលទីក្រុងអែលហ្វាស័រនៅដាហ្វួរខាងជើងបណ្ដាលឲ្យមានការរត់ភៀសខ្លួនរបស់មនុស្សច្រើនសិបពាន់នាក់។ បច្ចុប្បន្នទីក្រុងនោះស្ថិតក្រោមការកាន់កាប់របស់កងកម្លាំងប៉ារ៉ានៅឡើយ៕
ចែករំលែកព័តមាននេះ