រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់បង្ហាញថា «កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ» ។
យោងតាមបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើនូវសារមួយទៅកាន់ជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និងកំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្គ្រាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបស្គាល់តម្លៃពិតប្រាកដនៃ «សន្តិ ភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និងលទ្ធភាពក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ដថា ក្នុងន័យនេះ, កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ«សន្តិភាព និងការអភិវឌ្ឍន៍» ហើយកម្ពុជាតែងតែគាំទ្រ និងចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និងសកល ដោយផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និងកិច្ចព្រមព្រៀងនានាដែលកម្ពុជាបានទទួលយក, ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក្នុងគោលដៅចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមាន ជាមួយគ្រប់បណ្តាប្រទេសទាំងអស់, ទាំងប្រទេស នៅជិតខាង, ក្នុងតំបន់ និងលើសកលលោក ។
សម្តេចបន្ថែមថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងនៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ និងវិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និងក្របខណ្ឌច្បាប់ ដែលមានជាធរមាន ។ ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និងថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង១២:០០ថ្ងៃត្រង់, ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា«ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬបោះបង់សិទ្ធិ ស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះបង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ» ។
សម្ដេចធិបតីបន្ថែមថា ទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា, ក្នុងនាមជាប្រទេសតូច យើងនៅតែមិនមានអ្វីចំណេញសោះឡើយ ពីការអូសបន្លាយ ក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ ។ ពេលនេះ, ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ, ហើយក្រុមគ្រួសារកងទ័ពកងនគរបាលរាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវ ឪពុក, ប្តី,កូន, ពូ, មីង, បង ឬ ប្អូន របស់ពួកគេពីសមរភូមិយ៉ាងអន្ទះសារបំផុត ។
ដូច្នេះ ខណៈដែលលទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះ ដោយសន្តិវិធីនៅតែមាន, រាជរដ្ឋាភិបាល បានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និង ទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និងការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង៩៣នាក់បានរងរបួស ៕

ចែករំលែកព័តមាននេះ