ខេត្តសៀមរាប៖ កុមារម្នាក់ដែលជាកូនស្រឡាញ់របស់គ្រួសារវីរកងទ័ពជួរមុខ បានទទួលការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលជំងឺបេះដូងយ៉ាងធ្ងន់ធ្ងរ។
យោងតាមការផ្សាយរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាខេត្តសៀមរាប) បានឱ្យដឹងថាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិ អប្សរា បានចុះសួរសុខទុក្ខគ្រួសារវីរកងទ័ពជួរមុខ ដែលមានកូនសម្រាកព្យាបាលបេះដូងចំហ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
លោកជំទាវរដ្ឋមន្ត្រីបានបង្ហាញនូវក្ដីមេត្តាធម៌យ៉ាងជ្រាលជ្រៅចំពោះកុមារដែលត្រូវទទួលការវះកាត់បេះដូងចំហ ដែលជាការវះកាត់ធំ និងទាមទារការយកចិត្តទុកដាក់ខ្ពស់។ ដើម្បីជួយសម្រាលបន្ទុក និងផ្ដល់កម្លាំងចិត្តដល់គ្រួសារអ្នកការពារព្រំដែន លោកជំទាវបានឧបត្ថម្ភថវិកាមួយចំនួនដើម្បីជួយដោះស្រាយក្នុងការព្យាបាល និងការស្នាក់នៅរបស់ពួកគេនៅក្នុងមន្ទីរពេទ្យ។
ក្រៅពីការយកចិត្តទុកដាក់ចំពោះគ្រួសារកងទ័ព លោកជំទាវបណ្ឌិតសភាចារ្យក៏បានបន្តនាំយកនូវថវិកាឧបត្ថម្ភជូនដល់គ្រួសារអ្នកជំងឺផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕
ចែករំលែកព័តមាននេះ