សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ស្ពៃក្ដោបមិនត្រឹមតែជាបន្លែដែលងាយស្រួលរក និងមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាជាអាហារដ៏ល្អក្នុងការថែរក្សាសុខភាពតម្រងនោមឱ្យមានភាពល្អប្រសើរ។ មូលហេតុចម្បងដែលធ្វើឱ្យស្ពៃក្ដោបក្លាយជាជម្រើសដំបូងសម្រាប់សុខភាពតម្រងនោម គឺដោយសារវាសម្បូរទៅដោយវីតាមីនសំខាន់ៗដូចជា វីតាមីន K, វីតាមីន C, វីតាមីន B6 និងជាតិសរសៃ។
អ្វីដែលពិសេសបំផុតនោះគឺ ស្ពៃក្ដោបមានកម្រិត ប៉ូតាស្យូមនិងផូស្វ័រទាប ដែលជាលក្ខខណ្ឌសុខភាពដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ថែរក្សាតម្រងនោម។ កម្រិតជាតិរ៉ែទាបនេះ ជួយឱ្យតម្រងនោមមិនចាំបាច់ធ្វើការធ្ងន់ក្នុងការចម្រោះជាតិពុលចេញពីរាងកាយ និងជួយការពារសរីរាង្គមួយនេះពីការរលាក ឬបញ្ហាផ្សេងៗដែលនាំឱ្យកើតជំងឺខូចតម្រងនោមនាពេលអនាគត។
ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់សុខភាព លោកអ្នកអាចយកស្ពៃក្ដោបទៅចម្អិនជាមុខម្ហូបបានយ៉ាងសម្បូរបែប ដូចជាការឆា ស្ងោរ ឬធ្វើជាស៊ុបបន្លែ (ដោយជៀសវាងការប្រើប្រាស់គ្រឿងប្រៃ ឬអំបិលច្រើនលើសកម្រិត)។ លើសពីនេះ ការទទួលទានស្ពៃក្ដោបក្នុងទម្រង់ជាបន្លែស្រស់ក្នុងសាឡាត់ ឬការធ្វើជាទឹកបន្លែក្រឡុក ក៏ជាជម្រើសដ៏ល្អប្រសើរដើម្បីរក្សានូវអង់ស៊ីម និងវីតាមីនឱ្យបានពេញលេញសម្រាប់រាងកាយ។
អ្នកជំនាញបានផ្ដល់អនុសាសន៍ថា ការញ៉ាំស្ពៃក្ដោបឱ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ អមជាមួយការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ គឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការជួយឱ្យតម្រងនោមដំណើរការបានយ៉ាងរលូន និងជួយឱ្យរាងកាយទាំងមូលមានភាពមាំមួន និងអាយុយឺនយូរ។
សូមបញ្ជាក់៖ ព័ត៌មាននេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ឬអាការៈមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពិនិត្យ និងការព្យាបាលឱ្យបានត្រឹមត្រូវបំផុត៕
ចែករំលែកព័តមាននេះ