ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មារិនីរោងចក្របានរងរបួសធ្ងន់ស្រាលចំនួន៥នាក់ ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ-កម្មការិនីខាងលើរេចង្កូតធ្លាក់ផ្លូវលំក្រឡាប់បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលំ ចំណុចភូមិត្រពាំងស្វាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកកម្មករ-កម្មការិនីមួយគ្រឿងម៉ាក CRDI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-1419 (នាក់បើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ក្រោយកើតហេតុរួច)។ អ្នកបើកបរបានបេីកបររថយន្តដឹកកម្មករ-កម្មារិនី តាមបណ្តោយផ្លូវលំពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលេីក៏បានរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង ដោយមាននាក់រួមដំណើរសរុបចំនួន៣៤នាក់ ក្នុងនោះមានប្រុសចំនួន៦នាក់។ ចំណែកអ្នករងរបួសចំនួន៥នាក់ រងរបួសធ្ងន់ចំនួន៣ នាក់ស្រី ។
ទី១-ឈ្មោះ ម៉ុក សំអុល ភេទស្រីអាយុ ៤០ ឆ្នាំ រស់នៅភូមិ ថ្លុក ឃុំ ទួលសាលា ស្រុកបរសេដ្ឋ ខេត្ត កំពង់ស្ពឺ ។ ទី២-ឈ្មោះ គឹម ញាញ ភេទស្រី អាយុ៤៣ ឆ្នាំ រស់រស់នៅភូមិឃុំជាមួយគ្នា ទី៣- ឈ្មោះ ដោយ មាទ ភេទស្រី អាយុ៤៤ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ទី៤-សាយ ចាន់ផល ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និងទី៥- សុឹម ធារ៉ា ភេទស្រី អាយុ ២០ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
នគរបាលស្រុកគងពិសីបានបន្តថា ក្រោយកើតហេតុនគរបាលចរាចតណ៍បានធ្វើការវាស់វែង ដឹកកម្មារិនីរងរបួសចំនួន៥នាក់ស្រី រងរបួសធ្ងន់ចំនួន៣ នាក់ (បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនម្តុំផ្សារស្លាបលែង)។ រថយន្តរងការខូចខាតកំរិតស្រាល អ្នកបើកបររថយន្ដ ដែលបានរត់គេចចេញពីកន្លែងកើតហេតុបាត់នោះ សមត្ថកិច្ចនគរបាលជំនាញកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរក។
ចំពោះវត្ថុតាង រថយន្ត០១គ្រឿងដឹកកម្មករ-កម្មការិនីខាងលើ នគរបាលជំនាញ បានស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃវិហារ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ