ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលជាមួយ ក្រុមគ្រួសារកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ចំនួន១,៤០០ គ្រួសារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណខាងមុខ អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារកងទ័ពទាំងអស់ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកសុខុមាលភាពរបស់កងទ័ព និងគ្រួសារកងទ័ពជាអាទិភាពចម្បង។

ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលជាភរិយា មាតាបិតា និងក្រុមគ្រួសារកងទ័ពទាំងអស់ ដែលបានធ្វើជាបង្អែកយ៉ាងរឹងមាំ និងជាកម្លាំងចិត្តមិនអាចខ្វះបាន ជួយឱ្យស្វាមី ឬកូនចៅ មានស្មារតីក្លាហានក្នុងការបំពេញភារកិច្ចការពារជាតិនៅសមរភូមិជួរមុខ សន្តិភាពដែលយើងកំពុងមាននៅថ្ងៃនេះ គឺបានមកពីការលះបង់សាច់ស្រស់ឈាមស្រស់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ដូច្នេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យមានការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលមិនដែលបំភ្លេចបងប្អូនកងទ័ព និងគ្រួសារកងទ័ពឡើយ។ ការចុះមកសំណេះសំណាលផ្ទាល់នាពេលនេះ គឺដើម្បីចង់ដឹងពីសុខទុក្ខ និងតម្រូវការជាក់ស្តែង ដើម្បីរិះរកមធ្យោបាយជួយសម្រាលការលំបាក និងលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានណែនាំដល់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ ត្រូវបន្តផ្តល់អាទិភាព និងជួយសម្របសម្រួលសេវាសាធារណៈ ក៏ដូចជាការផ្តល់ជំនួយសង្គមផ្សេងៗដល់គ្រួសារកងទ័ពឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពបំផុត។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្តល់អំណោយដល់គ្រួសារកងទ័ពដោយក្នុង១គ្រួសារ ទទួលបាន៖ ថវិកា ៤០ម៉ឺនរៀល ,អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ (៦ដប) , ភួយ ១ , ត្រីខ ១យួរ (១០កំប៉ុង) , ទឹកស៊ីអ៊ីវ ១យួរ (៦ដប) ,ឃីតចំនួន១ (អំបិល ១គីឡូ, សាច់ជ្រូកផាត់ ១ថង់, ផ្អកសាច់ជ្រូក ១ក្រឡ) ,អាវរងារ ២ ,នំក្មេងៗ(ប្រភេទនំកញ្ចប់ចំរុះ)ផងដែរ៕




ចែករំលែកព័តមាននេះ