ទីក្រុងរ៉ងហ្គូន៖ របបសឹកមីយ៉ាន់ម៉ាប្រកាសថ្មីៗនេះថាបម្រាមគោចរដែលបានដាក់តាំងពីក្រោយរដ្ឋប្រហារឆ្នាំ២០២១នៅទីក្រុងរ៉ង់ហ្គូននោះនឹងដកចេញវិញនៅក្នុងពេលឆាប់ៗនេះ។ ចំណាត់ការនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ មីយ៉ាន់ម៉ារំពឹងថាការបោះឆ្នោតនេះនឹងធ្វើឱ្យស្ថានការណ៍ស្រុកទេសវិលមកមករកសភាពធម្មតាឡើងវិញ។

រដ្ឋប្រហារនោះនាំឱ្យមានការតវ៉ានៅតាមទីក្រុងតូចធំទូទាំងប្រទេស។ ហេតុនេះ កងសន្តិសុខបានចាត់វិធានការបង្ក្រាប និងដាក់ចេញបម្រាមគោចរនៅរ៉ង់ហ្គូនដែលជាទីក្រុងធំបំផុតនៅមីយ៉ាន់ម៉ាមានមនុស្សរស់នៅប្រមាណ៧លាននាក់។ ការបិទខ្ទប់មិនឱ្យធ្វើដំណើរចាប់ពីម៉ោង១:០០-៣:០០ទៀបភ្លឺនឹងត្រូវលុបចោលវិញចាប់ពីថ្ងៃសៅរ៍តទៅ។ លោកហ្សាមីនទុន (Zaw Min Tun) ជាអ្នកនាំពាក្យរបបសឹកកត់សម្គាល់ថាទីក្រុងរ៉ង់ហ្គូនឥឡូវនេះមានស្ថិរភាពល្អជាងមុន។

លោកថ្លែងបន្តទៀតថាការសម្រេចចិត្តលុបចោលបម្រាមគោចរនេះគោលបំណងដើម្បីធ្វើឱ្យសេដ្ឋកិច្ចដើរស្រួលជាងមុន។ ប្រព័ន្ធសង្គម និងការប្រតិបត្តិសាសនាក៏ប្រព្រឹត្តទៅបានស្រួល។ កាលពីពេលបះបោរខ្លាំងនៅតាមទីក្រុង របបសឹកប្រើប្រាស់កម្លាំងយោធាបង្ក្រាបយ៉ាងចាស់ដៃ។ ដូច្នេះ ក្រុមសកម្មជនប្រឆាំងនឹងរបបសឹកក៏សម្រេចចិត្តរត់ចូលព្រៃតស៊ូប្រដាប់អាវុធ។

សង្គ្រាមដែលមុនដំបូងកើតឡើងទ្រង់ទ្រាយតូចល្មមរវាងរបបសឹក និងក្រុមជនជាតិភាគតិច និងក្រុមចង់ផ្ដាច់ទឹកដីខ្លះ បានចាប់ផ្ដើមផ្ទុះឡើងកាន់តែខ្លាំង។ សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាប៉ុន្មានឆ្នាំចុងក្រោយនេះបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំឱ្យប្រជាជនជាង៣,៦លាននាក់ចាកចោលលំនៅដ្ឋាន។ ប្រទេសជាតិធ្លាក់ទៅក្នុងសភាពក្រីក្រ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។

របបសឹកមីយ៉ាន់ម៉ារៀបចំការបោះឆ្នោតលើកនេះជាបីដំណាក់កាលធំៗ។ ការបោះឆ្នោតដំណាក់កាលទីមួយនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យសប្ដាហ៍នេះ, បន្ទាប់មកដំណាក់កាលទីពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា និងដំណាក់កាលទីបីនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករា។ នេះបើយោងតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ