ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ចាប់​កប៉ាល់​ដឹក​ប្រេង​បរ​ទេស​ដែល​បើក​កាត់​ច្រក​សមុទ្រ Hormuz

3 ខែ មុន

ទី​ក្រុង​តេ​អេរ៉ង់៖ អ៊ីរ៉ង់​រឹប​អូស​នាវា​ដឹក​ប្រេង​របស់​បរទេស​មួយ​គ្រឿង​​ដែល​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​មូស (Hormuz)។ នេះ​បើ​យោង​តាម​កា​រផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​អ៊ីរ៉ង់​។ នៅ​ពេល​កង​ទ័ព​ជើង​ទឹក​នៃ​ឆ្មាំ​បដិ​វត្ត​អ៊ីរ៉ង់​ចុះ​ចាប់​នោះ នាវា​នោះ​ដឹក​ប្រេង​៤​លាន​លីត្រ​ ឬ​ស្មើ​​នឹង​២,៥​ម៉ឺន​បារ៉ែល​​។ អាជ្ញា​ធរ​អ៊ី​រ៉ង់​ថ្លែង​​ថា​នៅ​ពេល​ចុះ​ចាប់​កប៉ាល់​ដឹក​ប្រេង​នោះ​ ​ជន​ជាតិ​បរទេស​១៦​នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​។ អ៊ីរ៉ង់​អះ​អាង​ថា​ការ​ចុះ​ចាប់​កប៉ាល់​ដឹក​ប្រេង​រត់​ពន្ធ​លើក​នេះ​ជា​ការ​ទះ​មួយ​កំផ្លៀង​យ៉ាង​ដំណំទៅ​លើ​ពួក​ឈ្មួញ​ខិល​ខូច​។…

ទី​ក្រុង​តេ​អេរ៉ង់៖ អ៊ីរ៉ង់​រឹប​អូស​នាវា​ដឹក​ប្រេង​របស់​បរទេស​មួយ​គ្រឿង​​ដែល​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​មូស (Hormuz)។ នេះ​បើ​យោង​តាម​កា​រផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​អ៊ីរ៉ង់​។ នៅ​ពេល​កង​ទ័ព​ជើង​ទឹក​នៃ​ឆ្មាំ​បដិ​វត្ត​អ៊ីរ៉ង់​ចុះ​ចាប់​នោះ នាវា​នោះ​ដឹក​ប្រេង​៤​លាន​លីត្រ​ ឬ​ស្មើ​​នឹង​២,៥​ម៉ឺន​បារ៉ែល​​។ អាជ្ញា​ធរ​អ៊ី​រ៉ង់​ថ្លែង​​ថា​នៅ​ពេល​ចុះ​ចាប់​កប៉ាល់​ដឹក​ប្រេង​នោះ​ ​ជន​ជាតិ​បរទេស​១៦​នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​។

អ៊ីរ៉ង់​អះ​អាង​ថា​ការ​ចុះ​ចាប់​កប៉ាល់​ដឹក​ប្រេង​រត់​ពន្ធ​លើក​នេះ​ជា​ការ​ទះ​មួយ​កំផ្លៀង​យ៉ាង​ដំណំទៅ​លើ​ពួក​ឈ្មួញ​ខិល​ខូច​។ ប៉ុន្តែ​អ៊ីរ៉ង់​មិន​បាន​បញ្ជាក់​ថា​តើ​បុគ្គលិក​នៅ​លើ​​នាវា​​នោះ​មាន​ជន​ជាតិ​អ្វី​ខ្លះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​នាវា​នោះ​ដោត​ទង់​ជាតិ​អ្វី​ដែរ​។ កាល​ពី​ពេល​កន្លង​មក អ៊ីរ៉ង់​ក៏​ធ្លាប់​ចាប់​នាវា​ដឹក​ប្រេង​ជា​ហូរ​ហែ​​នៅ​ក្នុង​តំបន់​​ដោយ​ប្រើ​ប្រាស់​ការ​ចោទ​ប្រកាន់​ស្រដៀង​ៗ​​គ្នា​។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ៊ីរ៉ង់​ចាប់​នាវា​មួយ​គ្រឿង​ដែល​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​មូស​ក្រោម​ការ​ចោទ​ប្រកាន់​ថា​នាវា​នេះ​បាន​ប្រ​ព្រឹត្ត​ល្មើស​ច្រើន​ករណី​រួម​ទាំង​ការ​​​ដឹក​ទំនិញ​ខុស​ច្បាប់​ផង​ដែរ​​។ ក្រុម​បស្ចិម​ប្រទេស​បាន​ដាក់​ការ​ស្ដី​បន្ទោស​ថា​​​អ៊ីរ៉ង់​​ជា​អ្នក​បង្ក​ភាព​រង​គ្រោះ​ចំពោះ​នាវា​ដឹក​​ប្រេង​ជា​ច្រើន​គ្រឿង​កាល​ពី​ឆ្នាំ​២០១៩​ និង​វាយ​ប្រហារ​ដោយ​ដ្រូន​ទៅ​លើ​នា​វា​ដឹក​ប្រេង​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​អ៊ីស្រា​អែល​បណ្ដាល​ឱ្យ​ស្លាប់​បុគ្គលិក​ដែល​ជា​ពួក​អឺរ៉ុប​២​នាក់​កាល​ពី​ឆ្នាំ​២០២១​។

ការ​វាយ​ប្រហារ​ទាំង​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​កាល​ពី​អាណត្តិ​ទី​មួយ​បាន​ដក​ខ្លួន​ជា​​ឯក​តោ​ភាគី​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​។ ក្រោយ​មក​នៅ​ខែ​មេសា ឆ្នាំ​២០២៤ អ៊ីរ៉ង់​ចាប់​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​ដោត​ទង់​ជាតិ​ព័រ​ទុយ​ហ្កាល់​។ ចាប់​តាំង​ពី​មាន​ភាព​តាន​តឹង​រវាង​អ៊ីរ៉ង់ និង​បស្ចិម​ប្រទេស​ និង​ក្រោយ​​​​​ការ​ផ្ទុះ​សង្គ្រាម​នៅ​​​ហ្កាហ្សា​​ អ៊ីរ៉ង់​ និង​អ៊ីស្រា​អែល​បាន​ប្រយុទ្ធ​គ្នា​រយៈ​ពេល​១២​ថ្ងៃ​។

សង្គ្រាម​នេះ​កើត​ឡើង​បន្ទាប់​ពី​អ៊ីស្រា​អែល​បាញ់​មីស៊ីល​សម្លាប់​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​ និង​អ្នក​វិទ្យា​សាស្ត្រ​អ៊ីរ៉ង់​។ ជា​ការ​ឆ្លើយ​តប​ អ៊ីរ៉ង់​បាញ់​មីស៊ីល​ចូល​អ៊ីស្រា​អែល​សម្លាប់​មនុស្ស​២៨​នាក់​។ ​អ៊ីរ៉ង់​តែង​តែ​គំរាម​កំហែង​បិទ​ច្រក​សមុទ្រ​ហ័រ​មូស​ដែល​ជា​ច្រក​តូច​ចង្អៀត​នៅ​ឈូង​សមុទ្រ​ពែក្ស​។ កង​ទ័ព​ជើង​ទឹក​របស់​អាមេរិក​ក៏​ឧស្សាហ៍​បើក​ល្បាត​កាត់​ទី​នោះ​ផង​ដែរ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ច្រក​សមុទ្រ​នេះ​នៅ​តែ​បើក​ដំណើរ​ការ​ជា​និច្ច​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ