ទីក្រុងម៉ូស្គូ៖ លោកពូទីនបានជូនពរសព្វសាធុការជូនចំពោះលោកដូណាល់ត្រាំនៅក្នុងឱកាសបុណ្យគ្រីសស្មាស់ដែលនឹងចាប់ផ្ដើមនៅយប់នេះនៅបស្ចិមប្រទេស។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស បញ្ជាក់ថាលោកពូទីនបានជូនពរ និងបានផ្ញើទូរសារជូនលោកត្រាំពីចម្ងាយ។ លោកយូរី អ៊ូសាកូស (Yuri Ushakov) ដែលជាទីប្រឹក្សារបស់លោកពូទីនធ្លាប់ប្រកាសតាំងពីមុននេះថាលោកពូទីនគ្រោងជូនពរលោកត្រាំនៅឱកាសបុណ្យគ្រីសស្មាស់ឆ្នាំនេះ។ លោកកត់សម្គាល់ថាក្នុងនាមជាមនុស្សដែលមានសេចក្ដីគួរសមនៅក្នុងខ្លួន ថ្នាក់ដឹកនាំរុស្ស៊ីតែងតែផ្ញើលិខិតជូនពរទៅទីក្រុងវ៉ាស៊ីនតោនជានិច្ច។

អ្នកនាំពាក្យវិមានក្រឹមឡាំងបញ្ជាក់ថានៅរាត្រីនេះនឹងមិនមានការសន្ទនាគ្នារវាងលោកពូទីន និងលោកត្រាំទេ។ លោកថាប្រទេសទាំង២មិនបានរៀបចំគម្រោងនេះឡើយ។ ដោយឡែក ទន្ទឹមនឹងការជូនពររបស់លោកពូទីនចំពោះលោកត្រាំ នៅឯប្រទេសអ៊ុយក្រែនឯណោះ លោកហ្សេឡិនស្គីជូនពរឱ្យលោកពូទីនឆាប់ស្លាប់។ លោកជូនពរដូច្នេះបន្ទាប់ពីរុស្ស៊ីបញ្ជូនមីស៊ីល និងដ្រូនទៅវាយប្រហារអ៊ុយក្រែនដោយឥតបន្ធូរដៃ និងដោយមិនប្រកាន់ថាថ្ងៃបុណ្យអ្វីទេ។

តាមរយៈវីឌីអូឃ្លីបមួយឈុតដែលបង្ហោះនៅលើបណ្ដាញអ៊ិច លោកហ្សេឡិនស្គីពោលថាទោះបីរុស្ស៊ីបង្កទុក្ខសោកវេទនាសម្រាប់អ៊ុយក្រែនយ៉ាងណាក្ដី ក៏ប៉ុន្តែពួកគេមិនអាចគ្រប់គ្រង ឬមិនអាចទម្លាក់គ្រាប់បែកចំចំណុចស្នូលជាសារវ័ន្តរបស់យើងបានឡើយ។ នោះគឺដួងចិត្តរបស់យើងក្នុងនាមជាពលរដ្ឋអ៊ុយក្រែន, ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការចេះរួបរួមគ្នាជាធ្លុងតែមួយ។

លោកថ្លែងបន្តទៀតថាថ្ងៃនេះយើងមានក្ដីសុបិនរួមមួយ។ យើងប៉ងប្រាថ្នានូវរឿងមួយសម្រាប់អ្នករាល់គ្នា។ យើងបន់ស្រន់សូមឱ្យគាត់ (លោកពូទីន) វិនាសអន្តរាយ។ ពួកយើងម្នាក់ៗអាចនឹងគិតថារឿងនេះគង់តែនឹងធ្លាក់មកលើយើងជាមិនខាននៅថ្ងៃណាមួយ។ ប៉ុន្តែនៅពេលយើងងាកទៅរកព្រះ យើងនឹងបន់ស្រន់សូមអ្វីម៉្យាងដ៏អស្ចារ្យជាងនេះ។ យើងបន់ស្រន់សូមឱ្យមានសន្តិភាពនៅប្រទេសអ៊ុយក្រែន យើងតស៊ូដើម្បីរឿងនេះ យើងបួងសួងសូមឱ្យរឿងនេះកើតឡើង យើងស័ក្ដិសមនឹងទទួលបានសន្តិភាព។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ