ទីក្រុងញូដេលី៖ ប្រទេសចិននៅថ្ងៃនេះបញ្ចេញប្រតិកម្មតបទៅអាមេរិកពីបទកែប្រែនយោបាយការពារជាតិរបស់ខ្លួនដើម្បីព្យាយាមរារាំងមិនឱ្យចិន និងឥណ្ឌាមានទំនាក់ទំនងល្អនឹងគ្នា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកលីនចៀន ថ្លែងដូចខាងលើនេះដើម្បីឆ្លើយតបទៅសំណួររបស់អ្នកសារព័ត៌មានដែលចង់ដឹងថាតើរដ្ឋាភិបាលចិនអាចមានផលចំណេញអ្វីខ្លះពីការបន្ធូរបន្ថយភាពតានតឹងចិន-ឥណ្ឌានៅក្នុងជម្លោះព្រំដែនដើម្បីកុំឱ្យទំនាក់ទំនងអាមេរិក-ឥណ្ឌាល្អនឹងគ្នាបាន?

លោកលីនចៀនថ្លែងថាប្រទេសចិនប្រកាន់យកទំនាក់ទំនងជាមួយឥណ្ឌាដោយផ្អែកទៅលើគោលការណ៍ជាយុទ្ធសាស្ត្រ និងរយៈពេលវែង។ លោកថ្លែងបន្តទៀតថាជម្លោះព្រំដែនគឺជារឿងផ្ទៃក្នុងរវាងចិន និងឥណ្ឌា។ ដូច្នេះ ចិនជំទាស់នឹងប្រទេសដទៃដែលហ៊ានអារកាត់នៅក្នុងរឿងនេះ។

កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិអាមេរិកបានចេញរបាយការណ៍ដែលមានសេចក្ដីជាអាទិ៍ថា «ប្រទេសចិនទំនងជាប្រើប្រាស់វិធីបន្ធូរបន្ថយភាពតានតឹងជាមួយឥណ្ឌាដើម្បីទី១-ធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២មានស្ថិរភាព និងទី២-ទប់ស្កាត់មិនឱ្យឥណ្ឌា និងអាមេរិកមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាបាន»។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនផ្ញើជូនសភាខង់ហ្ក្រែសក្រោមចំណងជើងថា «ស្ថានការណ៍វិវត្តយោធា និងសន្តិសុខពាក់ព័ន្ធនឹងប្រទេសចិនឆ្នាំ២០២៥» ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការពារជាតិអាមេរិកសរសេររៀបរាប់ថាថ្នាក់ដឹកនាំឥណ្ឌាប្រកាសអំពីការសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសចិនកាលពីខែតុលា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍នោះ កិច្ចព្រមព្រៀងនេះមានគោលដៅដកកងទ័ពថយចេញពីតំបន់ប្រទាញប្រទង់គ្នា។ កិច្ចព្រមព្រៀងនេះប្រកាសឱ្យដឹង២ថ្ងៃមុនពេលថ្នាក់ដឹកនាំឥណ្ឌា និងចិនជួបគ្នានៅឯកិច្ចប្រជុំប្រ៊ីក (BRICS)។ កិច្ចជំនួបនោះជាសញ្ញាចាប់ផ្ដើមការជួបគ្នាកម្រតិខ្ពស់នៃមន្ត្រីរដ្ឋាភិបាលប្រទេសទាំង២។ ប្រទេសទាំង២បន្តពិភាក្សាគ្នាអំពីការដោះស្រាយវិវាទព្រំដែន និងការកំណត់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២។ ក្នុងនោះមានការបើកជើងហោះហើរត្រង់ទៅត្រង់មក, ការជួយសម្រួលទិដ្ឋាការ និងការបញ្ជូននិស្សិត និងអ្នកសារព័ត៌មានធ្វើទស្សនកិច្ច ឬសិក្សាដកពិសោធពីគ្នាទៅវិញទៅមក។

ឥណ្ឌា និងអាមេរិកសព្វថ្ងៃនេះមិនសូវមានទំនាក់ទំនងល្អនឹងគ្នាប៉ុន្មានទេដោយសារឥណ្ឌាបន្តទិញប្រេងឆៅច្រើនៗពីរុស្ស៊ី ហើយត្រូវអាមេរិកដំឡើងពន្ធដើម្បីជាការដាក់ទណ្ឌកម្ម។ នៅពេលដាក់ទណ្ឌកម្ម ឥណ្ឌាកាន់តែនិយាយផ្គើនថែមទៀតថាខ្លួននឹងបន្តទិញប្រេងពីរុស្ស៊ីទោះបីដំឡើងពន្ធដល់កម្រិតណាក៏ដោយ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ