សហរដ្ឋអាមេរិក ៖ ពេលបុណ្យណូអែលមកដល់ទីក្រុងឡូសអេនចឺឡេសនិងភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ស្ថិតក្រោមការប្រកាសអាសន្នទឹកជំនន់ ការបាក់ដីនិងខ្យល់បោកបក់ខ្លាំង។

ពេលបុណ្យណូអែលមកដល់ ក្រុងឡូសអេនចឺឡេសនិងផ្នែកមួយធំនៃភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ស្ថិតក្រាមការប្រកាសអាសន្នពេញបន្ទុក ចំពោះទឹកជំនន់ ទាក់ទិននឹងភ្លៀងដែលធ្លាក់ខ្លាំងបំផុត។ នេះជាបាតុភូតឧតុនិយមអាក្រក់បំផុត រហូតដល់ចុងសប្ដាហ៍នេះ។ ភ្លៀងកំពុងធ្លាក់ខ្លាំងបំផុតនិងមានខ្យល់បោកបក់ខ្លាំង ហើយព្រិលក៏ធ្លាក់ខ្លាំង។
ផ្នែកឧតុនិយមបានព្រមានពីទឹកជំនន់ភ្លាមៗ ហើយគូសបញ្ជាក់ថាជីវិតមនុស្សនិងទ្រព្យសម្បត្តិកំពុងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ។ តំបន់មួយចំនួននាភាគខាងត្បូងកាលីហ្វ័រនីញ៉ាក្នុងពេលតែប៉ុន្មានថ្ងៃ ជួបប្រទះភ្លៀងធ្លា្ក់ខ្លាំងក្នុងកម្រិតស្នើនឹងភ្លៀងធ្លាក់ច្រើនខែ។ ប៉ូលិសក្រុងឡូសអេនចឺឡេសគូសបញ្ជាក់ថា មនុស្សជាង២០០គ្រួសារទទួលបញ្ជាឲ្យជម្លៀសចេញរួចហើយ។
ចំណែកនៅប្រទេសម៉ិចស៊ិកជាប់ជិតខាងអាមេរិកវិញ ជួបប្រទះភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីជាង១សប្ដាហ៍មកហើយ។ ភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋជាច្រើននាភាគកណ្ដាលនិងភាគខាងកើតប្រទេស បណ្ដាលឲ្យមានទឹកជំនន់អាក្រក់បំផុត។តុល្យការចុងក្រោយប្រកាសដោយរដ្ឋាភិបាលរៀបរាប់ពីមនុស្សស្លាប់យ៉ាងតិច៦៤នាក់ និងបាត់ខ្លួន៦៥នាក់ពិសេសក្នុងរដ្ឋ៣៕
ចែករំលែកព័តមាននេះ