ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​‎​ក្រសួងកសិកម្ម​ជំរុញ​ឱ្យ​មានការ​ដាំ​បន្លែ ចិញ្ចឹមសត្វ ​តាម​សហគមន៍ សាលារៀន សម្រាប់​​ផ្គត់ផ្គង់​គ្រួសារ​វីរ​កងទ័ព និង​ជនភៀស​សឹក

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឱ្យ​មានការ​ដាំ​ដុះ​ការ​ផលិត​បន្លែ ចិញ្ចឹមសត្វ ត្រី នៅ​តាម​សហគមន៍ សាលារៀន ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ដាំ​ដុះ​ឱ្យ​បាន​សកម្ម​បំផុត ដើម្បី​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ…

ខេត្តកំពង់ស្ពឺ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឱ្យ​មានការ​ដាំ​ដុះ​ការ​ផលិត​បន្លែ ចិញ្ចឹមសត្វ ត្រី នៅ​តាម​សហគមន៍ សាលារៀន ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ដាំ​ដុះ​ឱ្យ​បាន​សកម្ម​បំផុត ដើម្បី​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ក្លាយជា​ជំនួយ​ស្បៀង​ពិតប្រាកដ​សម្រាប់​ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​បងប្អូន​ជនភៀសសឹក​ដែល​កំពុង​ត្រូវការ​ចាំបាច់ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​វីរ​កងទ័ព និង​ជនភៀសសឹក ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​។

ការ​លើក​ឡើង​បែប​នេះ​គ្រា​ដែល​លោក​ជំទាវ ហោ ម៉ា​លី​ន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក កៅ ផល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ស្រ៊ុ​ន ស្រ៊​ន់ អភិបាលរង​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​នៅ​តាម​សាលារៀន​សម្រាប់​ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​បងប្អូន​ជនភៀសសឹក ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម អនុប្រធាន​មន្ទីរ​អប់រំ លោកនាយក​សាលា និង​មន្ត្រី​តាម​បណ្តា​សហគមន៍​ជា​ច្រើន​រូប​ទៀត ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ ។

‎​លោក ស្រ៊ុ​ន ស្រ៊​ន់ អភិបាលរង​ខេត្តកំពង់ស្ពឺ​បាន​លើក​ឡើង​ថា​÷ ការ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី នៅ​តាម​សហគមន៍ ជា​ពិសេស​សាលារៀន​គឺជា​បេសកកម្ម​ដ៏​សំខាន់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​ស្បៀង​ដល់​គ្រួសារ​វី​រៈ​កងទ័ព និង​បងប្អូន​ជនភៀសសឹក​ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​បន្ទាន់​។ សកម្មភាព​នេះ មិន​ត្រឹមតែ​ជា​ការ​បណ្ដុះបណ្ដាល​ជំនាញ​មូលដ្ឋាន​ដល់​សិស្សានុសិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ស្មារតី​សាមគ្គី​ជាតិ​ដ៏​ធំធេង ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​វី​រៈ​កងទ័ព​ជួរ​មុខ​ដែល​កំពុង​លះបង់​ដើម្បី​មាតុភូមិ និង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន​ជនភៀសសឹក​ដែល​កំពុង​ខ្វះខាត​ស្បៀងអាហារ​។

‎​លោក​ជំទាវ ហោ ម៉ា​លី​ន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ក្រសួងកសិកម្ម មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ ចាប់ដៃ​គ្នា​អនុវត្ត​គម្រោង​ដាំ​ដុះ​បន្លែ​ដែល​ឆាប់​ប្រមូល​ផល​នៅ​តាម​សាលារៀន នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ក្នុង​ការ​ធានា​ថា វី​រៈ​កងទ័ព និង​បងប្អូន​ដែល​ត្រូវការ​ជំនួយ​ស្បៀង នឹង​ទទួល​បាន​បន្លែស្រស់​ៗ មានគុណ​ភាព និង​សុវត្ថិភាព​ដើម្បី​សម្រាប់​បរិភោគ​។ ម្យ៉ាងទៀត​សាលារៀន​មិន​ត្រឹមតែ​ជា​កន្លែង​ផ្តល់​ចំណេះដឹង ប៉ុន្តែ​នឹង​ក្លាយជា​កន្លែង​ផលិត​ស្បៀង​សម្រាប់​ជួយ​ជាតិ​។ ការ​ប្រើប្រាស់​ទីធ្លា​សាលារៀន​សម្រាប់​ដាំ​ដុះ មិន​ត្រឹមតែ​ជួយ​ដល់​ការ​ផ្គត់ផ្គង់​ស្បៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​កុមារ និង​យុវជន​ឱ្យ​យល់​ដឹង​ពី​បច្ចេកទេស​កសិកម្ម និង​ស្មារតី​ចែករំលែក​ក្នុង​សង្គម​។

‎ លោក កៅ ផល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សង្កត់ធ្ងន់​លើ​ការ​ជំរុញ​ការ​ដាំ​ដុះ​បន្លែបង្ការ និង​ដំណាំ​រួម​ផ្សំ​នៅ​តាម​គ្រឹះស្ថានសិក្សា គឺជា​ប្រភព​ស្បៀង​បម្រុង​ដ៏​សំខាន់ និង​ទាន់ចិត្ត​សម្រាប់​អន្តរាគមន៍​ក្នុង​ស្ថានភាព​បន្ទាន់ សម្រាប់​ផ្គត់ផ្គង់​ផ្តល់​ជូន​ដល់​វី​រៈ​កងទ័ព​ជួរ​មុខ ដែល​កំពុង​ការពារ​ទឹកដី​កម្ពុជា ដែល​សៀម​កំពុង​តែ​ឈ្លានពាន និង​បងប្អូន​ជនភៀសសឹក​នៅ​តាម​តំបន់​ទីទួល​មាន​សុវត្ថិភាព​។ ដូច្នេះ​យុវជន និង​សិស្សានុសិស្ស​នឹង​ទទួល​បាន​បទ​ពិសោធន៍​ផ្ទាល់​លើ​បច្ចេកទេស​កសិកម្ម​ទំនើប ដែល​អាច​យក​ទៅ​អនុវត្ត​នៅ​តាម​គ្រួសារ ដើម្បី​បង្កើន​ចំណូល និង​ធានា​ការ​ហូប​ចុក​ប្រកបដោយ​សុវត្ថិភាព​។

‎​លោក​អនុរដ្ឋលេខាធិការ​បាន​បន្ត​ទៀត​ថា ការ​ពង្រឹង​សន្តិសុខ​ស្បៀង​នៅ​គ្រា​ជួរ​មុខ​កំពុង​ប្រឈម​នឹង​ការ​ឈ្លានពាន គឺជា​កាតព្វកិច្ច​ចម្បង​របស់​មន្ត្រី​កសិកម្ម និង​សហគមន៍​ទាំងមូល យើង​ត្រូវ​តែ​រួម​គ្នា បង្កើន​ការ​ផលិត​ឱ្យ​បាន​ខ្លាំងក្លា​បំផុត ដើម្បី​ធ្វើ​ជា​កម្លាំង​បង្អែក​ផ្នែក​ស្បៀង​ដ៏​រឹង​មាំ​ជូន​ដល់​វី​រៈ​កងទ័ព​ដែល​កំពុង​ការពារ​ទឹកដី​កម្ពុជា​។ ឯកឧត្តម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​សាលា ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ដាំ​ដុះ​ឱ្យ​បាន​សកម្ម​បំផុត ដើម្បី​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ក្លាយជា​ជំនួយ​ស្បៀង​ពិតប្រាកដ​សម្រាប់​ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​បងប្អូន​ជនភៀសសឹក​ដែល​កំពុង​ត្រូវការ​ចាំបាច់​ផង​ដែរ​។

‎​សូម​បញ្ជាក់​ផង​ដែរ​ថា​÷ បន្ទាប់​ពី​កិច្ចប្រជុំ​ពិភាក្សា​រួច គណ​ធិ​បតី​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ដឹកនាំ​ដាំ​ដុះ​ជាក់ស្តែង​នៅ​បរិវេណ​ចំការ​បន្លែ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ថិត​នៅ​ភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com