ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី បានប្រកាសពីការត្រៀមធ្វើសម្បទានដ៏ធំមួយដើម្បីពន្លឿនការចរចាគ្នា។ លោកថ្លែងថាលោកយល់ព្រមដកកងទ័ពអ៊ុយក្រែនពីតំបន់ដូញែត និងបង្កើតតំបន់គ្មានកងទ័ពនៅទីនោះ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាដើម្បីឱ្យមានកិច្ចព្រមព្រៀងសន្តិភាពមានតែធ្វើបែបហ្នឹង។ ពេលនោះយើងនឹងបង្កើតតំបន់សេដ្ឋកិច្ចសេរីស្ថិតនៅក្នុងតំបន់គ្មានកងទ័ពនៅអ៊ុយក្រែនខាងកើត។

យោងតាមកិច្ចព្រមព្រៀងនោះ រុស្ស៊ីក៏ត្រូវតែដកកងទ័ពចេញពីដូញែតផងដែរ។ ប៉ុន្តែគេមិនទាន់ឃើញរុស្ស៊ីចេញមកបញ្ជាក់ជំហរថាខ្លួនយល់ព្រមធ្វើបែបនេះទេ។ ថ្នាក់ដឹកនាំអ៊ុយក្រែននឹងយកបញ្ហានេះទៅឱ្យសាធារណមតិបោះឆ្នោតសម្រេច។ ជម្រើសមួយទៀតអាចបិទបញ្ចប់ជម្លោះនៅតំបន់ធំៗទាំងបួនរបស់អ៊ុយក្រែនដោយប្រសិទ្ធភាព។ បន្ទាប់មក កងទ័ពបរទេសជាអ្នករ៉ាប់រងមើលការខុសត្រូវតំបន់ទាំងនោះ។

តាមមើលទៅ ការប្រកាន់ជំហរមិនស្របគ្នានៅក្នុងបញ្ហាបូរណភាពទឹកដីប្រហែលជាកត្តារារាំងមិនឱ្យភាគីជម្លោះទាំង២ចរចាត្រូវរ៉ូវគ្នា។ ក្រៅពីនេះក៏មានកត្តាផ្សំមួយចំនួនទៀតផងដែរដែលចូលរួមចំណែកក្នុងការបន្ទច់បង្អាក់ការចរចា។ ក្នុងនោះមានដូចជាការដែលរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនបញ្ចុះចំនួនកងទ័ព និងសិទ្ធិគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរជាដើម។

លោកហ្សេឡិនស្គីបានបង្ហាញជូនអ្នកសារព័ត៌មាននូវផែនការសន្តិភាពកែសម្រួលឡើងវិញនៅសល់ម្ភៃចំណុច។ យោងតាមលោកហ្សេឡិនស្គី ផែនការចុងក្រោយនេះបង្ហាញថាការចរចាគ្នារីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ ហើយអាចនឹងឈានដល់កិច្ចព្រមព្រៀងជាស្ថាពរ។ ប្រទេសរុស្ស៊ីបានដាក់បញ្ចូលតំបន់ចំនួន៤ជាទឹកដីរបស់ខ្លួនតាំងពីចុងខែកញ្ញា ឆ្នាំ២០២២។

នោះគឺតំបន់ដូញែត (Donetsk) និងលូហាន (Luhansk) នៅភាគខាងកើត និងតំបន់ខឺសុន (Kherson) និងហ្សាប៉ូរីហ្សៀ (Zaporizhzhia) នៅភាគខាងត្បូង។ ចំណែកតំបន់គ្រីម៉េត្រូវរុស្ស៊ីកាត់ខ្វៀលយកតាំងពីឆ្នាំ២០១៤។ មកទល់នឹងពេលនេះ រុស្ស៊ីប្រកាន់ខ្ជាប់ថាតំបន់ទាំង៥នេះជាទឹកដីពេញសិទ្ធិរបស់ខ្លួន។ ដូច្នេះ គ្មានសញ្ញាណាមួយថារុស្ស៊ីនឹងដកថយពីទីតាំងទាំងនេះទេ។ ចំណែកអ៊ុយក្រែននៅតែចិញ្ចឹមចិត្តថាថ្ងៃណាមួយ ខ្លួននឹងដណ្ដើមយកទឹកដីទាំងនោះមកវិញឱ្យខាងតែបាន។

អ៊ុយក្រែនថ្លែងថាការលះបង់ទឹកដីខ្លួនឯងទៅឱ្យប្រទេសដទៃជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ។ តំបន់ដូញែតសព្វថ្ងៃនេះត្រូវរុស្ស៊ីគ្រប់គ្រង៨០% ចំណែកអ៊ុយក្រែនគ្រប់គ្រង២០%។ លោកត្រាំចង់ឱ្យអ៊ុយក្រែនដកទ័ពចេញពីដី២០%នោះ ហើយប្រគល់ទៅឱ្យរុស្ស៊ីផ្ដាច់មុខតែម្ដង។ រុស្ស៊ីធ្លាប់ព្រលយថាបើអ៊ុយក្រែនមិនព្រមប្រគល់ឱ្យតាមសម្រួលទេ ខ្លួននឹងវាយយកដោយកម្លាំងយោធា។ អ្នកវិភាគយល់ថារុស្ស៊ីត្រូវការពេលរាប់ឆ្នាំទៅមុខទៀតបើចង់បានតំបន់នេះមកគ្រប់គ្រងទាំងស្រុង។ នេះបើយោងតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ