ទីក្រុងប៉េកាំង៖ ប្រទេសចិនដាក់ផែនការផលិតនាវាដឹកយន្តហោះឱ្យបាន៦គ្រឿងនៅក្នុងរយៈពេលដប់ឆ្នាំខាងមុខ និងចាត់ទុកជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនឥទ្ធិពលកងទ័ពជើងទឹករបស់ខ្លួន។ ខាងលើនេះជាការសរសេររៀបរាប់នៅក្នុងរបាយការណ៍របស់មន្ទីរបញ្ចកោណ។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោកលាវប៉េងយូ (Liu Pengyu) ធ្លាប់មានប្រសាសន៍ថាផែនការផលិតនាវាដឹកយន្តហោះរបស់ប្រទេសចិននាពេលអនាគតនឹងត្រូវរៀបចំយ៉ាងស៊ីជម្រៅដោយផ្អែកទៅលើសភាពការណ៍ជាក់ស្ដែងដែលតម្រូវឱ្យពង្រឹងវិស័យការពារជាតិ។ លោកបញ្ជាក់ថាគម្រោងទាំងនេះគ្មានគោលដៅធ្វើឱ្យប៉ះពាល់ប្រទេសដទៃឡើយ។

ដើម្បីសម្រេចគោលដៅក្នុងការប្រែក្លាយកងទ័ពរបស់ខ្លួនឈានដល់លំដាប់ពិភពលោកត្រឹមឆ្នាំ២០៤៩ខាងមុខនេះ ប្រទេសចិនកំពុងធ្វើទំនើបកម្មវិស័យការពារជាតិសម្បើមណាស់។ ឥឡូវនេះ ប្រទេសចិនគ្រប់គ្រងតំណែងលេខមួយពិភពលោកខាងចំនួននាវាដែលច្រើនជាងគេ។ ក្នុងនោះ ចិនមាននាវាចម្បាំងជាង៣៧០គ្រឿង និងមាននាវាដឹកយន្តហោះបីគ្រឿង។ ចិននៅចាញ់អាមេរិកផ្នែកនាវាដឹកយន្តហោះ។ ចិនមានបីគ្រឿង ខណៈដែលអាមេរិកមាន១១គ្រឿង។

នាវាដឹកយន្តហោះជាចំណុចសំខាន់សម្រាប់បញ្ជាក់ថាតើប្រទេសមួយមានកម្លាំងយោធាខ្លាំងដល់កម្រិតណា។ នាវាដឹកយន្តហោះដើរតួនាទីជាទីតាំងឡើង-ចុះនៃយន្តហោះចម្បាំងដែលអាចចល័តទៅកន្លែងណាក៏បាន។ យោធាចិនបានដាក់ពង្រាយនាវាដឹកយន្តហោះរបស់ខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វិចខាងលិចដើម្បីប្រជែងជាមួយអាមេរិក។

នៅក្នុងសេចក្ដីរាយការណ៍ប្រចាំឆ្នាំជូនសភាខង់ហ្ក្រែសស្ដីពីវិស័យយោធារបស់ចិន មន្ទីរបញ្ចកោណសរសេររៀបរាប់ថាចិនដាក់ផែនការធ្វើយ៉ាងណាបង្កើនចំនួននាវាដឹកយន្តហោះឱ្យបាន៩គ្រឿងត្រឹមឆ្នាំ២០៣៥។ មានន័យថាត្រូវផលិត៦គ្រឿងថែមទៀតឱ្យបានរួចរាល់នៅក្នុងរយៈពេលដប់ឆ្នាំ។ នាវាដឹកយន្តហោះចិនបីគ្រឿងដែលកំពុងដំណើរការមានលាវនីង (Liaoning), សានទុង (Shandong) និងហ៊្វូជៀន (Fujian)។

លោកអាឡិចឡាក់ (Alex Luck) ជាអ្នកវិភាគខាងកងទ័ពជើងទឹក។ លោកយល់ថារបាយការណ៍របស់មន្ទីរបញ្ចកោណត្រង់ចំណុចនេះគួរឱ្យចាប់អារម្មណ៍។ លោកថ្លែងថាចិនកំពុងផលិតនាវាដឹកយន្តហោះនៅទីក្រុងដាលាន (Dalian)។ ប៉ុន្តែមិនទាន់មានសញ្ញាថាចិនចាប់ផ្ដើមផលិតសង់នៅជាំងណាន (Jiangnan) នៅឡើយទេ។ នាវាឈ្មោះសានទុង និងហ៊្វូជៀនត្រូវបានផលិតនៅផែនាវាទាំង២នេះ។ ទោះបីពន្លឿនការផលិតយ៉ាងណា លោកមិនទាន់ច្បាស់ថាតើផែនការរបស់ប្រទេសចិនអាចនឹងសម្រេចបានឬយ៉ាងណា។
លោកអេនឌ្រូ អេរិចសុន (Andrew Erickson) ជាគ្រូបង្រៀននៅសាកលវិទ្យាល័យការពារជាតិ។ លោកបានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាផែនការរបស់ប្រទេសចិនក្នុងការបង្កើនចំនួននាវាដឹកយន្តហោះជាកិច្ចការដ៏ធំសម្បើមពិតមែនហើយ។ ក៏ប៉ុន្តែមិនមែនមានន័យថានាវាដឹកយន្តហោះទាំង៩គ្រឿងអាចនឹងដំណើរការទាំងអស់ត្រឹមឆ្នាំ២០៣៥នោះទេ។

នាវាដឹកយន្តហោះទីបួនរបស់ប្រទេសចិនតាមដឹងមកថានឹងដំណើរការដោយថាមពលនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មានឈ្មោះ War Zone។ សព្វថ្ងៃនេះ អាមេរិកមានផែផលិតនាវាតែមួយកន្លែងប៉ុណ្ណោះដែលប្រតិបត្តិការដោយក្រុមហ៊ុនឯកជននៅរដ្ឋវើជីនៀ (Virginia) និងដែលមានសមត្ថភាពផលិតនាវាដើរដោយថាមពលនុយក្លេអ៊ែរ។ អាមេរិកកំពុងផលិតនាវាដឹកយន្តហោះខ្នាតយក្សកម្រិតជើរ៉លហ្វត (Gerald Ford) ចំនួន២គ្រឿងក្នុងពេលតែមួយ។
ច្បាប់របស់អាមេរិកតម្រូវឱ្យកងទ័ពជើងទឹកមាននាវាដឹកយន្តហោះយ៉ាងតិច១១គ្រឿង។ យោងតាមផែនការរបស់ទ័ពជើងទឹកអាមេរិក ចាប់ពីឆ្នាំ២០២៥-២០៥៤ នៅក្នុងនាវាដឹកយន្តហោះរបស់ខ្លួននីមួយៗត្រូវមាននាវាចម្បាំង១២គ្រឿងសម្រាប់ហែហមនៅពេលចេញបេសកកម្មដើម្បីការពារសន្តិសុខ។ នេះបើយោងតាមការផ្សាយរបស់ញូស្វីក និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ