រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែធ្នូ លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯកឧត្តម Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ នេះបើយោងតាម ស្ថានទូបារាំង ប្រចាំនៅកម្ពុជា ។
មួយថ្ងៃក្រោយកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីជម្លោះរវាងប្រទេសទាំងពីរ (ពោលគឺថ្ងៃទី២២ ខែធ្នូ) និងមួយថ្ងៃមុនការចាប់ផ្តើមឡើងវិញ នូវកិច្ចសន្ទនារវាងកងកម្លាំងទាហាន នៃប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រីបារាំង បានអំពាវនាវឱ្យមានបទឈប់បាញ់ភា្លមៗ និងបានលើកឡើងជាមួយដៃគូសន្ទនា អំពីបែបបទនានា នៃការកាត់បន្ថយភាពតានតឹង ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្ររបស់ប្រទេសបារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីទទួលបានដំណោះស្រាយជម្លោះដោយការចរចាគ្នា និងបានគូសបព្ជាក់អំពីការកៀរគររបស់ប្រទេសបារាំង ក្នុងដំណោះស្រាយនេះ ។
សេចក្តីថ្លែងការណ៍របស់លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ៖ «ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណមួយលាននាក់រួចមកហើយ។ ខ្ញុំបានទាក់ទងតាមទូរស័ព្ទ ទៅសមភាគីកម្ពុជា និងថៃ ដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ ។ សន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវ និងចីរភាព អាចទទួលបានតែតាមរយៈការចរចាប៉ុណ្ណោះ» ៕

ចែករំលែកព័តមាននេះ