រាជធានីភ្នំពេញ ៖ ពិតមែនតែការវិត្តន៍ជីវធម្មជាតិនឹងធ្វើឱ្យស្ត្រីចាប់ពីអាយុ៥០ឆ្នាំឡើទៅ អាចឈានទៅដល់ការអស់រដូវ ហើយវានឹងធ្វើឱ្យស្ត្រីប្រែប្រួលក្នុងស្ថានភាពរស់នៅក៏ដោយ ក៏វាមិនមែនមានន័យថា ជាដំណាក់កាលចុងក្រោយនៃជីវិតរីករាយរបស់អ្នកនោះដែរ…ផ្ទុយទៅវិញ ស្ត្រីគ្រាន់តែបញ្ចប់លទ្ធភាពមានកូនតែប៉ុណ្ណោះ ឯការរីករាយរបស់អ្នកនៅតែមានដដែល ដូចជាការដើរកម្សាន្ត ប្រកបការងារ ជីវិតគូ ការរួមសង្វាសជាដើម។
ការអស់រដូវវាមិនប្រាកដថា នឹងងាយកើតមានសម្រាប់អ្នកនោះទេ ប្រសិនបើការរាំងរដូវរបស់អ្នកមិនទាន់ដល់១២ខែផងនោះ អាចថាវាគ្រាន់តែរាំងម្តងម្កាល (អាចលើសមួយសប្តាហ៍) ចំពោះអ្នកដែលប្រើថ្នាំការពារមិនឱ្យមានគភ៌ លុះដល់ពេលឈប់ប្រើ វានឹងធ្វើឱ្យរាំងរដូវពី២ខែទៅ៣ខែឯណោះ ដូច្នេះអ្នកអាចទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីចាក់ថ្នាំបញ្ចុះរដូវ ហើយបន្ទាប់មក អ្នកត្រូវពិសាថ្នាំតាមវេជ្ជបញ្ជា និងពិសាអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ។
ខាងក្រោមនេះជារោគសញ្ញានៃស្ត្រីដែលឈានចូលដល់វ័យអស់រដូវ ៖
-ការចុះខ្សោយកម្លាំងបន្តិច
-ការមកឈាមរដូវមិនទៀងទាត់
-ថយចុះលទ្ធភាពបន្តពូជ
-ភាពស្ងួតត្រង់ទ្វារមាស
-ក្តៅបែកញើសពេលយប់
-គេងមិនលក់ស្រួល
-អារម្មណ៍វង្វេងវង្វាន់
-កើនឡើងជាតិខ្លាញ់ត្រង់ពោះ
-សក់ស្តើង (ជ្រុះសក់)
-សុដន់ធ្លាក់
-ចុករួយឆាប់ស្រពន់
បន្ទាប់ពីមានរោគសញ្ញាបែបនេះ គឺបញ្ជាក់ថា ស្ត្រីបានឈានចូលដល់ដំណាក់កាលអស់
រដូវហើយ ដូច្នេះស្ត្រីចាំបាច់ណាស់ត្រូវទៅជួបពិភាក្សាជាមួយគ្រូពេទ្យ ខណៈពេលជិតអស់រដូវ និងក្រោយអស់រដូវ ពីព្រោះថា ការពិភាក្សានោះ វានឹងផ្តល់អត្ថប្រយោជន៍ការពារនូវសុខភាពរបស់អ្នក។
មានពេលខ្លះអ្នកអាក់ខានមករដូវ ប៉ុន្តែមិនប្រាកដថា អ្នកចាប់អស់រដូវនោះទេ ដូច្នេះអ្នកអាចទៅជួបពិភាក្សាជាមួយគ្រូពេទ្យដើម្បីកំណត់ថាតើអ្នកមានផ្ទៃពោះ ឬយ៉ាងណា ទើបមិនមករដូវបែបនេះ ។ គ្រូពេទ្យអាចសួរនូវប្រវត្តិជំងឺរបស់អ្នក ធ្វើការពិនិត្យលើតំបន់អាងត្រគាក និងប្រសិនបើអាច គ្រូពេទ្យនឹងស្នើសុំការពិនិត្យរកមើលពីការមានផ្ទៃពោះ។
ក្រុមគ្រូពេទ្យសុខភាពសូមណែនាំថា សូមអ្នកស្វែងរកការណែនាំលើផ្នែកវេជ្ជសាស្ត្រប្រសិនបើអ្នកមានការហូរឈាមពីទ្វារមាសរបស់អ្នកបន្ទាប់ពីអស់រដូវហើយនោះ ៕
ចែករំលែកព័តមាននេះ