វិបត្តិស្នេហ៍ត្រចៀកកាំ (បទពាក្យប្រាំពីរ)


-ពីដើមធ្លាប់រស់ជុំគ្រួសារ រួមស្និទ្ធស្នេហាស្ម័គ្រមេត្រី
ស្មោះមួយនិងមួយប្រពន្ធប្តី ទោះស្វែងចំណីពីរអង្គា ។
-ជំរកក្រោមស្ពានជ្រុងកៀនកោះ ស្នេហ៍មានសម្រស់ស្រស់សោភា
សុភមង្គលគ្រប់វេលា ពុំដែលឃ្លាតឃ្លាឆ្ងាយក្លិនស្នេហ៍ ។
-ថ្វីដ្បិតជំរកកៀនកន្លៀត ផ្កាស្នេហ៍មានជាតិឥតប្រួលប្រែ
ល្អូកល្អិនហោះហើរដើរលំហែ ប្រលោមថ្នមថែស្និទ្ធស្នេហា ។
-មកដល់ឥឡូវប្រែប្តូរផ្លាស់ ស្នេហ៍វិបល្លាសខុសធម្មតា
ផ្កាស្នេហ៍ក្រៀមស្វិតដ្បិតមនុស្សា សង់ផ្ទះវីឡាខារ៉ាអូខេ ។
-ទាំងក្រុងទាំងស្រែឯជនបទ ដាក់ភ្លើងភ្លេងភ្លាត់ទាញចិត្តរេ
ជំរកសំបុកល្អហួសគ្នេរ បទភ្លេងអូខេពីរោះក្រៃ ។
-ពុលភ្លើងពុលភ្លេងវង្វេងស៊ុង ភ្លេចគ្រែពូកមុងអស់និស្ស័យ
ទ្រនំក្រោមស្ពានអស់តម្លៃ បានផ្ទះកែច្នៃពេញនិយម ។
-បែកបាក់គ្នាអស់លែងជួបជួន ចោលផ្ទះចោលកូនទាំងតូចធំ
ជំរកក្រោមស្ពានលែងមកទំ ភ្លើនភ្លើនភ្លេចជុំទ្រនំចាស់ ។
-លាចាកទ្រនំចាស់កំសត់ ភ្លេចកាលគ្រាអត់ចិត្តប្តូរផ្លាស់
ដោយសារចាញ់កលមនុស្សបោកប្រាស់ ភ្លេចអស់គូចាស់ចែកផ្លូវគ្នា ៕
និពន្ធដោយលោក សុខ ផន

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ