រាជធានីភ្នំពេញ ៖ លិខិតមួយច្បាប់ត្រូវបានម្ចាស់គណនេយហ្វេសមានឈ្មោះ«Norodom sihamoni(នរោត្តម សីហមុនី)» បានសរសេរលិខិតមួយច្បាប់មានអត្ថន័យយ៉ាងដូច្នេះ៖ ជូនចំពោះ វីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ជាទីគោរព…. ក្នុងពេលដែលពួកយើងកំពុងដេកលក់យ៉ាងស្កប់ស្កល់ក្រោមដំបូលផ្ទះដ៏កក់ក្តៅ ពួកយើងដឹងថា នៅទីនោះ… នៅតាមព្រំដែនក្នុងព្រៃជ្រៅកណ្តាលភ្លៀងផ្គរ ឬក្រោមកម្ដៅថ្ងៃដ៏រលាក បងប្អូនកំពុងឈរយ៉ាងរឹងមាំ ដោយយកសាច់ស្រស់ និងឈាមស្រស់ ធ្វើជារបងការពារមាតុភូមិមួយនេះ ។

លិខិតបានលើកឡើងថា ពាក្យថា«ការពារជាតិ»សម្រាប់ពួកយើង គឺគ្រាន់តែជាពាក្យនិយាយ តែសម្រាប់បងប្អូន វាគឺជា«ការលះបង់»ដ៏ធំធេងបំផុត ។ បងប្អូនសុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ឆ្ងាយពីប្រពន្ធកូន និងឪពុកម្តាយ ដើម្បីមកថែរក្សាសុខសន្តិភាពឱ្យប្រជាជនរាប់លាននាក់ ។ រាល់ដំណក់ញើសដែលហូរចុះ គឺជាតម្លៃនៃសេចក្តីសុខសាន្តរបស់ជាតិ ហើយរាល់ជំហានដែលបងប្អូនដើរល្បាត គឺជាការធានានូវបូរណភាពទឹកដីនៃកម្ពុជា ។
លិខិតបន្តថា សូមកុំមានអារម្មណ៍ថាឯកា! ទោះបីជាបងប្អូននៅឆ្ងាយ ប៉ុន្តែបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប គឺនៅក្បែរបងប្អូនជានិច្ច ។ ពួកយើងសូមឱនកាយគោរពចំពោះវីរភាពដ៏អង់អាចក្លាហាន និងសូមចងចាំទុកនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ នៅក្នុងក្រអៅបេះដូងជារៀងរហូត ។
សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រលឹងដូនតា និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា បងប្អូនកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ និងត្រឡប់មកជួបជុំគ្រួសារវិញដោយស្នាមញញឹមនៃជ័យជម្នះ។ អ្នកគឺជាវីរបុរសក្នុងបេះដូងពួកយើង! ៕
ចែករំលែកព័តមាននេះ