រាជធានីភ្នំពេញ ៖ ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានធ្វើការឈ្លានពានសាជាថ្មី មកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ។

តាមរយៈញត្តិថ្កោលទោស ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បញ្ជាក់ថា ក្រុមយោថាថៃឈ្លានពាន បានបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់អាវុធធុនតូច និងធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួន រកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ។
ប្រភពដដែលបញ្ជាក់បន្ថែមថា សកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃម្ដងហើយម្តងទៀតនេះ បង្ហាញយ៉ាងច្បាស់ថា ថៃបានរំលោភបំពាន លើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ ដែលភាគីទាំងពីបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ។

ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់ អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។
ជាមួយគ្នានោះ ក្រុមការងារនេះក៏អំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ៕
ចែករំលែកព័តមាននេះ