ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ការងារ​៖ ការ​រិះគន់​លើ​ការ​ចុះ​កិច្ចព្រមព្រៀង លើ​វិស័យ​ការងារ​រវាង​កម្ពុជា និង​អ៊ី​ស្រា​អែ​ល មាន​ចេតនា​បន្ទច់បង្អាក់​ភាព​រីក​ចម្រើន​របស់​ពលរដ្ឋ​ខ្មែរ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​លើក​ឡើង​ថា ការ​រិះគន់​លើ​ការ​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ​ការងារ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​អ៊ី​ស្រា​អែ​ល គឺជា​ការ​រិះគន់​បែប​ងងឹត​ងងុល ហើយ​មាន​ចេតនា​បន្ទច់បង្អាក់​ភាព​រីក​ចម្រើន​របស់​ពលរដ្ឋ​ខ្មែរ​ ។…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​លើក​ឡើង​ថា ការ​រិះគន់​លើ​ការ​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ​ការងារ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​អ៊ី​ស្រា​អែ​ល គឺជា​ការ​រិះគន់​បែប​ងងឹត​ងងុល ហើយ​មាន​ចេតនា​បន្ទច់បង្អាក់​ភាព​រីក​ចម្រើន​របស់​ពលរដ្ឋ​ខ្មែរ​ ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​មាន​សកម្មជន​អតីត​គណបក្សប្រឆាំង ​ខុសច្បាប់​នៅ​ក្រៅប្រទេស បាន​រិះគន់​ចំពោះ​ការ​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​នេះ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ​នេះ​ថា ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តី​ពី កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ គឺជា​ការ​បើក​ទំព័រ​ដំបូង​នៃ​ការ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​នឹង​កំណត់​នូវ​យន្តការ និង​អាច​ផ្តល់​ឱកាស​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា អាច​ពិចារណា​ក្នុង​ការ​ទៅ​ធ្វើការ​ងារ​ លើ​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេង​ទៀត នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​។

លោក​បន្ត​ថា ប្រទេស​អ៊ី​ស្រា​អែ​ល ជា​ប្រទេស​មាន​បច្ចេកទេស​ទំនើប​ក្នុង​វិស័យ​កសិកម្ម និង​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​វិស័យ​សំណង់ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ ដែល​ធ្វើ​ឱ្យ​អ៊ី​ស្រា​អែ​ល គឺជា​គោលដៅ​ទីផ្សារ​ការងារ​របស់​ពលករ​ប្រទេស​ជា​ច្រើន ដែល​ចង់ទៅ​ធ្វើការ​ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បន្ថែម​ថា ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល គឺ​ក្រសួង​ការងារ បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ស្វែងរក​ឱកាស​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក ពិសេស​ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ​ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្ដការ​សម្របសម្រួល​ទីផ្សារ​ការងារ តាម​រយៈ​ការ​ពង្រីក​វិសាលភាព នៃ​ការ​ផ្ដល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ ជាដើម ​។

លោក​បន្ត​ថា ក្រៅពី​ការ​ជួយ​ស្វះ​ស្វែងរក​ឱកាស​ការងារ ​ក្នុងស្រុក​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ​, ក្រសួង​ការងារ ក៏​បាន​ខិតខំ​ផ្ដល់​នូវ​ជម្រើស​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ដោយ​បាន​ខិតខំ​ពង្រឹង​កិច្ចសហការ​ជាមួយ​បណ្ដា​ប្រទេស​ដៃគូ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​នៅ​ក្រៅប្រទេស​ជូន​ប្រជាពលរដ្ឋ ដែល​មិន​ត្រឹមតែ​អាច​បាន​ប្រាក់​ចំណូល បាន​ចំណេះ​ជំនាញ​ប៉ុណ្ណោះ​ទេ ព្រមទាំង​អាច​ផ្ញើ​ប្រាក់​មក​ជូន​ក្រុម​គ្រួសារ និង​ចូលរួម​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ថែម​ទៀត​។
យ៉ាងណា​ក៏​ដោយ លោក ស៊ុន មេ​សា បាន​បញ្ជាក់​ថា ក្រសួង​ការងារ បាន​ខិតខំ​ស្វែងរក​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ទាំង​ឱកាស​ការងារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ពិតមែន តែ​ការ​ជ្រើសរើស​បែប​ណា​នោះ គឺជា​សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ​ម្នាក់​ៗ ៕ អត្ថបទសហការ