រាជធានីភ្នំពេញ ៖ តារាសម្តែងនាង កុយ អេនណា បានស្នើដល់មហាជនសូមឲ្យមានការយោគយល់ចំពោះការបញ្ចេញនូវឈុតបែបសិចស៊ីរបស់នាងលើបណ្តាញសង្គម ក្នុងពេលដែលនាងចាត់ទុកថា ការស្លៀកពាក់របស់នាងនាពេលនេះ គឺធ្វើទៅតាមកាលៈទេសៈ និងទីកន្លែងប៉ុណ្ណោះ ។
កុយ អេនណា បានទទួលការរិះគន់ និងស្តីបន្ទោសយ៉ាងខ្លាំងពីមហាជន បន្ទាប់ពីនាងបានបញ្ចេញរូបភាពជាច្រើននៅលើបណ្តាញសង្គម ជាមួយនឹងការស្លៀកពាក់ឈុតយ៉ាងសិចស៊ីបង្ហាញសម្រស់នៅលើកោះដ៏ស្រស់ស្អាតមួយក្នុងប្រទេសកម្ពុជា ។

បើទោះបីជារូបភាពទាំងអស់នោះ អាចជាការថតបែបសិល្បៈក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ បានទទួលការរិះគន់ច្រើនជាងការសសើរពីមហាជនអ្នកលេងបណ្តាញសង្គម ដោយពួកគេចាត់ទុកការស្លៀកពាក់របស់នាងពេលនេះមិនសមរម្យឡើយ ដ្បិតនាងជាអ្នកសិល្បៈមួយរូបដែលធ្លាប់មានការលើកសសើរច្រើន ។

ទោះជាយ៉ាងណា ឆ្លើយតបការរិះគន់ខាងលើនេះ កុយ អេនណា បានស្នើឲ្យមានមហាជនមានការយោគយល់ និងយល់ចំពោះការស្លៀកពាក់របស់នាង ដែលតម្រូវទៅតាមកាលៈទេសៈ និងទីកន្លែង ព្រោះការថតនោះគឺធ្វើឡើងនៅលើកោះមួយនៃឆ្នេរសមុទ្រកម្ពុជា ។ តាមរយៈសំណេរឆ្លើយតបការរិះគន់ កុយ អេនណា បានគូសបញ្ជាក់ថា អរគុណពុកម៉ែបងប្អូនទាំអស់គ្នា សម្រាប់ការណែនាំមកកាន់អេនណា សម្រាប់ការស្លៀកពាក់អេនណាស្លៀកទៅតាមកាលៈទេសៈ និងទីកន្លែង។ ដូច្នេះ សង្ឃឹមថា បងប្អូននិងយល់នៅចំណុចនេះ អរគុណសម្រាប់កាណែនាំ ។
ជាការកត់សម្គាល់នេះ មិនមែនជាលើកទីមួយទេ សម្រាប់តារាសម្តែងនិងបេក្ខភាពបវរកញ្ញានាង កុយ អេនណា ដែលបង្ហាញនូវឈុតបែបសិចស៊ីបែបនេះ ពោលតារារូបនេះតែងតែបង្ហាញរូបភាពបែបនេះជាញឹកញាប់លើបណ្តាញសង្គម ដោយនោះគឺជារូបភាពសិល្បៈ និងជាការប្រម៉ូតផលិតថែរក្សាសម្រស់ ។

យ៉ាងណា ទន្ទឹមនឹងការបញ្ចេញរូបភាពបែបសិចស៊ីនាពេលនេះ កុយ អេនណា ក៏តែងតែបង្ហាញរូបភាពពីការស្លៀកពាក់បែបប្រពៃណីខ្មែរ និងការស្លៀកពាក់បែបសមរម្យស័ក្តិសមជានារីខ្មែរផងដែរ ។ តារាស្រីរូបនេះក៏បានចាត់ទុកជាតារាគំរូម្នាក់ ដោយសារនាងតែងតែចូលរួមការងារសប្បុរសធម៌ និងផ្សព្វផ្សាយពីវិស័យសិល្បះវប្បធម៌របស់ខ្មែរជាបន្តបន្ទាប់ ខណះពេលដែលសកម្មភាពទាំងនោះទទួលបានការគាំទ្រ និងលើកសសើរពីមហាជនផងដែរ ។
ជាក់ស្តែងការពីពេលកន្លងទៅ កុយ អេនណា បានធ្វើយុទ្ធនាការដើរដោយថ្មើជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីគៀងគររកថវិកាជួយដល់ជនពិការ ។ យុទ្ធនាការរបស់នាងនេះគឺបានទទួលការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីស្ថាប័ន អាជ្ញាធរនានា ជាពិសេសប្រជាពលរដ្ឋនៅតាមដងផ្លូវនៅពេលដែលនាងបានឆ្លងកាត់ ។ ភាពជោគជ័យនេះបានធ្វើឲ្យ កុយ អេនណា ត្រូវបានផ្តល់សេចក្តីទុកចិត្តក្លាយជាទូតសុឆន្ទៈក្រសួងកិច្ចការនារី និងត្រូវបានតែងតាំងជាអនុប្រធានសមាគមតន្ត្រីសំនៀងជនពិការផងដែរ ៕







ចែករំលែកព័តមាននេះ