ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ស្ដុក​ទឹក​ដ៏​ធំ​ទី​៣ ដែល​អាច​ស្រោច​ស្រប​លើ​ផ្ទៃដី​កសិកម្ម​ប្រមាណ ៣៣ ០០០ ហិច​តា​នៅ​បាត់ដំបង​សាងសង់​រួច​១០០%

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ដោយ​ចំណាយពេល​ស្ទើរ​ពេញ​ចំនួន​០៧​ឆ្នាំ ទីបំផុត​«​ទំនប់​ដូន​ទ្រី​» ដែល​ជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​ទី​០៣ នៅ​ខេត្តបាត់ដំបង ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថា​ប​ពរ​១០០%​។ ហើយ​អាង​ស្ដុក​ទឹក​ដ៏​ធំ​សម្បើម​នេះ អាច​ធានា​ការ​ស្រោច​ស្រប​កសិកម្ម​រដូវវស្សា​បាន​ប្រមាណ ៣៣,០០០​ហិច​តា និង…

ខេត្តបាត់ដំបង​៖ ដោយ​ចំណាយពេល​ស្ទើរ​ពេញ​ចំនួន​០៧​ឆ្នាំ ទីបំផុត​«​ទំនប់​ដូន​ទ្រី​» ដែល​ជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​ទី​០៣ នៅ​ខេត្តបាត់ដំបង ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថា​ប​ពរ​១០០%​។ ហើយ​អាង​ស្ដុក​ទឹក​ដ៏​ធំ​សម្បើម​នេះ អាច​ធានា​ការ​ស្រោច​ស្រប​កសិកម្ម​រដូវវស្សា​បាន​ប្រមាណ ៣៣,០០០​ហិច​តា និង ដំណាំ​រដូវប្រាំង​ប្រមាណ​៤,៥០០​ហិច​តា​ទៀត​ផង​។ «​ទំនប់​ដូន​ទ្រី​» មា​នទី​តាំងនៅ​ក្នុង​ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។

លោក ខៃ សុ​ដា អនុប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម​ខេត្ត ទ​ទូល​បន្ទុក​ក្ដាប់​រួម បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី ០១ ធ្នូ ថា «​ទំនប់​ដូន​ទ្រី​» បាន​សាងសង់​រួចរាល់​ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០២៥ នេះ ដោយ​ចំណាយពេល​ស្ទើរ​ជិត​០៧​ឆ្នាំ ដែល​ចាប់ផ្ដើម​ស្ថាបនា តាំងពី​អំឡុង​ឆ្នាំ​២០១៨ រហូត​មក​។ ពេល​នេះ​ការ​សាងសង់ យើង​សម្រេច​បាន​១០០% ហើយ​នៅ​តែ​រង់ចាំ​ថ្នាក់ដឹកនាំ​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស​ជា​ផ្កូ​វ​ការ​តែ​ប៉ុណ្ណោះ​។ តាម​រយៈ​របាយ​ការ​ណ៏​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​បណ្ដាញ​ព័​ត៏​មាន​សង្គម​៖ «​ទំនប់​ដូន​ទ្រី​» ជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​ថ្មី​មួយទៀត ក្នុង​ចំណោម​អាង​ស្ដុក​ទឹកជា​ច្រើន​នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​ពោរពេញ​ដោយ​សក្តានុពល ផ្នែក​កសិកម្ម​។

អាង​ទឹក​ដ៏​ធំ​មួយ​នេះ ស្ដុក​ទឹកបាន​ចំនួន ១៦៣ លាន​ម៉ែត្រគូប ហើយ​អាច​ផ្គត់ផ្គង់​ទឹក​ស្រោច​ស្រប​ផ្ទៃដី​កសិកម្ម​រដូវវស្សា​បាន​ចំនួន​៣៣,០០០​ហិច​តា និង ដំណាំរ​ដួ​វ​ប្រាំង​បាន​ចំនួន​៤,៥០០​ហិច​តា ដែល​គ្របដណ្ដប់​លើ​ឃុំ​ចំនួន​១១ នៅ​ក្នុងស្រុក​មោង​ឬ​ស្សី និង ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង អាច​បង្ហូ​ស​ដល់​ផ្ទៃ​កសិកម្ម​មួយ​ផ្នែក ក្នុង​ទឹកដី​ស្រុក​បាកាន ខេត្តពោធិសាត់ ទៀត​ផង​។ ប​ន្ងែ​ម​លើ​នេះ «​ទំនប់​ដូន​ទ្រី​» បាន​រួមចំណែក​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង ជួយ​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់​តាម​តំបន់​មួយ​ចំនួន​នៅ​ប៉ែក​ខាងក្រោម​ៗ​ផង​។

បើ​និយាយ​ពី​លក្ខណៈ​បច្ចេកទេស​ទូទៅ​វិញ «​ទ​នប់​ដូន​ទ្រី​» មាន​ខ្នង​លើ​ទទឹង ០៨​ម៉ែត្រ កម្ពស់​៦០​ម៉ែត្រ​ពី​គ្រឹះ មាន​ប្រវែង​សរុប​៦៥៤​ម៉ែត្រ ដែល​មាន​សមត្ថភាព​ផ្ទុក​ទឹក​ប្រសិទ្ធភាព​បាន​១៣៣ លាន​ម៉ែត្រគូប​។ ទំនប់​ទឹក​នេះ​មាន​រៀបចំ​សំណង់​បង្ហៀរទឹក​ដែល​មាន​ប្រវែង​៤១៤​ម៉ែត្រ មាន​សមត្ថភាព​រំដោះ​ទឹកបាន​៨៥០​ម៉ែត្រគូប​ក្នុង​០១​វិនាទី​។ មាន​រូង​ក្រោម​ដី​សម្រាប់​បង្វែរ​ទឹក មាន​សំណង់​ប៉ម​គ្រប់គ្រង​ទឹក ដែល​មាន​ទ្វារ​ទឹក​ច្រើន​ថ្នាក់ បំពាក់​ដោយ​ទ្វារ​សម្រាប់​ប្រតិបត្តិការ​ចំនួន​០៤​។ លោក ខៃ សុ​ដា អនុប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម​ខេត្ត ទ​ទូល​បន្ទុក​ក្ដាប់​រួម បាន​ថ្លែង​ថា «​ទំនប់​ដូន​ទ្រី​» ជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​មួយទៀត ដែល​យើង​អាច​និយាយ​បាន​ថា ជា​ទំនប់​ទឹកធំ​ទី​០៣ ដែល​ទើបបាន​សាងសង់​រួច​។

លោក​បាន​ប្រាប់​ដែរ​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ខេត្តបាត់ដំបង យើង​មាន​អាង​ស្ដុក​ទឹកធំ​ៗ​ចំនួន​០៣ រាប់​ទាំង​«​ទំនប់​ដូន​ទ្រី​»​នេះ​។ បើ​និយាយ​ពី​ទំហំ នៃ​ទំនប់​អាង​ស្ដុក​ទឹក​នីមួយ​ៗ​មាន ទី​១ ទំនប់​ទឹក​«​ពហុ​បំណង​» មា​នទី​តាំងនៅ​ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ដែល​សាងសង់​ក្នុង​ឆ្នាំ​២០១៤ និង រួចរាល់​ក្នុង​ឆ្នាំ​២០១៨​។ ទ​នប់​«​ពហុ​បំណង​» នេះ​អាច​ស្ដុក​ទឹកបាន​ចំនួន ១៩៣,៤៣​លាន​ម៉ែត្រគូប​។ ទី​២ ទំនប់​«​ដូន​ទ្រី​» មា​នទី​តាំងនៅ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី​។ ទំនប់​ទឹក​នេះ ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ​២០១៨ និង រួចរាល់​ក្នុង​ឆ្នាំ​២០២៥​។ ទំនប់​ទឹក​«​ដូន​ទ្រី​»​នេះ​អាច​ស្ដុក​ទឹកបាន​ចំនួន​១៦៣ លាន​ម៉ែត្រគូប និង ទី​៣ ទំនប់​ទឹក​«​អាង​កំពីងពួយ​» មា​នទី​តាំងនៅ​ក្នុង ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។

ទំនប់​អាង​កំពីងពួយ​នេះ ស្ថាបនា​ដោ​ង​កម្លាំង​មនុស្ស​សុទ្ធ​សាត នៃ​កងចល័ត ក្នុង​របប​អាវ​ខ្មៅ​ខ្មែរក្រហម ក្នុង​ទស​វត្ស​ឆ្នាំ​១៩៧០​។ ទំនប់​ទឹក​ប្រវត្តិសាស្ត្រ​មួយ​នេះ អាច​ស្ដុក​ទឹកបាន​ប្រមាណ ១៤៦ លាន​ម៉ែត្រគូប​។ ប៉ុន្តែ​លោក ខៃ សុ​ដា បាន​បញ្ជាក់​បន្ថែម​ថា បើ​ទោះជា​ទំនប់​ដូន​ទ្រី ទើប​សាងសង់​រួច​ក្ដី ប៉ុន្តែ​បច្ចុប្បន្ន​នេះ ទំនង​ដូន​ទ្រី នៅ​សល់​ទឹក​ប្រហែល​៤០% នៃ​ចំនួន​ទឹក​ដែល​អាច​ស្ដុក​ពេញ​។ ពីព្រោះ​ក្នុង​រដូវវស្សា​នា​ឆ្នាំ​នេះ នៅ​តំបន់​នោះ​មិនសូវ​មាន​ភ្លៀង​ធ្លាក់ ដូច្នេះ​ហើយ​ទើប​មិន​មានទឹក​ហូរ​ចូល​ក្នុង​អាង​។

លោក​បាន​បញ្ជាក់​ថា បើ​យោង​លើ​ចំនួន​ទឹក​ដែល​មាន​ស្ដុក​នៅ​ក្នុង​អាង​សព្វ​ថ្ងៃនេះ បាន​ត្រិ​ម​តែ​សម្រាប់​ស្រោច​ស្រប​ដំណាំ​វិល​ជុំ​កំប៉ិកកំប៉ុក និង សម្រាប់​ផ្ដល់​ដល់​ការ​ប្រើប្រាស​ទឹក​ស្អាត​ប៉ុណ្ណោះ មិន​អាច​ផ្គត់ផ្គង់​ដល់​ដំណាំ​ស្រូវប្រាំង​បាន​ទេ​។ ប៉ុន្តែ​បើ​ឆ្នាំ​ក្រោយ​ៗ បែប​អាច​ប្រើប្រាស​បាន​គ្រប់គ្រាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ