ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម២ថ្ងៃប៉ុណ្ណោះ! នគរបាលខណ្ឌដង្កោ តាមក្របួចជនសង្ស័យឆ.ក់ទូរស័ព្ទក្មេងស្រីម្នាក់នៅមុខហាងបុកល្ហុង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​នគរបាល​ខណ្ឌដង្កោ ចំណាយពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ (​ក្នុង​ចំណោម​២​នាក់​) ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ក្មេង​ស្រី​នៅ​មុខ​ហាង​បុកល្ហុង ក្នុង​បុរី​ពិភព​ថ្មី​១ កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ «​នគរបាល​ខណ្ឌដង្កោ ចំណាយពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ (​ក្នុង​ចំណោម​២​នាក់​) ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ក្មេង​ស្រី​នៅ​មុខ​ហាង​បុកល្ហុង ក្នុង​បុរី​ពិភព​ថ្មី​១ កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០២៥ ដោយ​សមត្ថកិច្ច​បាន​ដកហូត​ទូរស័ព្ទ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ​»​។

ជនសង្ស័យ​២​នាក់ ដែល​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ក្មេង​ស្រី​ម្នាក់ ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ នៅ​តាម​ផ្លូវ​មុខ​ហាង​បុកល្ហុង​«​យីហោ​បុកល្ហុង​ឆ្លង​ដែន​» ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩ បុរី​ពិភព​ថ្មី​១ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៨​និង​២៦​នាទី​យប់ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ហើយ ព្រមទាំង​ដកហូត​យក​បាន​ទូរស័ព្ទ​ប្រគល់​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​វិញ​ផង​ដែរ ។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោយ​ពេល​ជនសង្ស័យ​ខាងលើ និង​បក្ខពួក​ម្នាក់​ទៀត​គេចខ្លួន​បាន​រយៈពេល​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ ។

ជនសង្ស័យ ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​ឈ្មោះ ស៊ុ​ក អូន​តូច ហៅ​ម៉​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បូ​រី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជន​នេះ​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន​ក្នុង​ខ្លួន ។

ដោយឡែក ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សា​រុន រតនៈ​សុធី​រ៉ា អាយុ​១៣​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៨ ផ្លូវ​លេខ​០១ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​កើតហេតុ​នោះ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ បាន​អង្គុយ​លើ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ស្កូ​ប​ពី​ព​ណ៍​ខ្មៅ នាង​បាន​កាន់​ទូរស័ព្ទ​ម៉ាក IPhone១​គ្រឿង​ស្ដាប់​ផ្ទាល់​ត្រចៀក បែរមុខ​ទៅ​រក​ហាង​បុកល្ហុង​ខាងលើ ។ ខណៈនោះ​ក៏​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ស៊ុ​ក អូន​តូច ហៅ​ម៉​ម រួម​ជាមួយ​បក្ខពួក​ម្នាក់​ទៀត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង ឌុ​ប​គ្នា​ទៅ​ដល់​ពីក្រោយ​បន្ថយល្បឿន រួច​កញ្ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​នាង​បាន​សម្រេច ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ហើយ​ធ្វើ​ឲ្យ​នាង​ស្រឡាំងកាំង​ភ្លាម​ៗ​ចុះ​ពីលើ​ម៉ូតូ​អត់​រួច​ឡើយ ។

ចំណែក​មិត្តភក្ដិ​ស្រី​របស់​នាង​ម្នាក់ បាន​ជួយ​រត់​ដេញ​តាម​ជនសង្ស័យ​ដែរ ប៉ុន្តែ​រត់​តាម​អត់​ទាន់​ក៏​ត្រលប់​មក​វិញ ហើយ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នា​ពេល​នោះ គឺ​ជនសង្ស័យ​ម្នាក់​ពាក់មួក​សុវត្ថិ​ភា​បើកចំហរ​កញ្ចក់ និង​ម្នាក់​ទៀត​ពាក់មួក​ប៉េ​រេ ហើយ​អត់​ពាក់​ម៉ាស់​ឡើយ និង​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព នៅ​ទីតាំង​កើតហេតុ​នោះ ដែល​គេ​អាច​មើលឃើញ​មុខ​ច្បាស់​ក្រឡែត ។

នគរបាល​ខាងលើ បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ក្រោយ​ពេល​កើតហេតុ​លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​ប៉ុស្តិ៍​ជើងឯក ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ទាំង​យប់ ។

ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ហើយ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ស៊ុ​ក អូន​តូច ហៅ​ម៉​ម នៅ​ត្រង់​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសងស័យ​បាន កម្លាំង​នគរបាល​បាន​ដកហូត​បាន​ទូរស័ព្ទ​មក​វិញ​ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ប្រគល់​ជូន​ក្មេង​ស្រី​រង​គ្រោះ​វិញ​ហើយ ក្រៅពី​នេះ នគរបាល​ក៏​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ដែល​ជា​របស់​ជនសង្ស័យ​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ