រាជធានីភ្នំពេញ ៖ ការប្រយុទ្ធនឹងជំងឺអេដស៍នៅចាំបាច់ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងការរីករាលដាល ខណៈការឆ្លងថ្មីចំនួន១លាន៣សែនករណីនៅទូទាំងពិភពលោកជារៀងរាល់ ។ នេះបើតាមការលើកឡើងរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ កម្ពុជា(AHF) ។

ដើម្បីអបអរសាទរដល់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៥ អង្គការ AHF កម្ពុជា បានរៀបចំព្រឹត្តិការណ៍នៅទីតាំងសួនច្បាវត្តបទុមវតី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលរសៀល ដើម្បីបញ្ជាក់ច្បាស់ថា ៖ ការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍មិនទាន់បានចប់នៅឡើយទេ ជាក់ស្តែងដោយការឆ្លងថ្មីចំនួន១លាន៣សែនករណី កើតឡើងទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ។ ព្រឹត្តិការណ៍នេះនឹងលើកកម្ពស់ការយល់ដឹង ការបង្ការ ការធ្វើតេស្ត និងការថែទាំ ខណៈពេលដែលបង្ហាញពីការចូលរួមជាមួយអ្នកដែលរងផលប៉ះពាល់ដោយមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗ។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែធ្នូ ។ ទោះបីជាមានវឌ្ឍនភាពជាច្រើនទសវត្សរ៍ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ក៏ដោយ ក៏មនុស្សប្រហែល៤០លាននាក់ នៅទូទាំងពិភពលោក កំពុងរស់នៅជាមួយមេរោគអេដស៍នេះ ដោយជាងពាក់កណ្តាល ដែលជាអ្នករងផលប៉ះពាល់ជាស្ត្រី និងក្មេងស្រី ។
ការមាក់ងាយ និងការរើសអើងនៅតែបន្តរារាំងបុគ្គលជាច្រើន ពីការទទួលបានការថែទាំចាំបាច់ ខណៈដែលប្រជាជនគោលដៅប្រឈមមុខនឹងឧបសគ្គជាចំបងចំពោះទទួលបានការថែទាំ និងការព្យាបាល ។ ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះនឹងគូសបញ្ជាក់ពីបញ្ហាប្រឈមជាច្រើនដែលកំពុងបន្ត និងពង្រឹងសារៈសំខាន់ដែលជាការងារចម្បងនៃការខិតខំប្រឹងប្រែងក្នុងការឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ក្នុងការងារសុខភាពសាធារណៈជាតិ និងសកលលោក ។
ព្រឹត្តិការណ៍ទិវាអេដស៍ពិភពលោករបស់ AHF កម្ពុជា ដោយសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការដៃគូនឹងរួមមាន ៖ សន្និសីទសារព័ត៌មាន ការដង្ហែក្បួន ការសំដែងសិល្បៈ ការធ្វើតេស្ត នឹងត្រូវរៀបចំឡើងនៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ AHF បានមានប្រសាសន៍ថា «តំបន់អាស៊ីជាចំណុចសំខាន់ ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍ ។ ទោះបីជាមានវឌ្ឍនភាពកន្លងមកក៏ដោយ ការឆ្លងមេរោគអេដស៍កើនឡើង ក្នុងចំណោមប្រជាជនគន្លឹះបានបង្ហាញថា ការប្រយុទ្ធនៅមិនទាន់ទៅដល់ការបញ្ចប់មេរោគអេដស៍នៅឡើយទេ» ។ «រដ្ឋាភិបាលត្រូវតែប្តេជ្ញាចិត្តឡើងវិញ ក្នុងការផ្តល់អាទិភាពដល់ការបង្ការ ការធ្វើតេស្ត និងការព្យាបាលសម្រាប់ទាំងអស់គ្នា ដោយធានាថា គ្មានសហគមន៍ណាមួយត្រូវបានទុកចោលឡើយ ជាពិសេសនៅក្នុងស្ថានភាពដែលគម្លាតថវិកាកំពុងលេចឡើងដោយសារតែការផ្លាស់ប្តូរ ភូមិសាស្ត្រសេដ្ឋកិច្ច ។
ទិវាអេដស៍ពិភពលោកនេះរំលឹកយើងថា មេរោគអេដស៍/ជំងឺអេដស៍ មិនទាន់បញ្ចប់នៅឡើយទេ ហើយសកម្មភាពប្រកបដោយចីរភាព គឺមានសារៈសំខាន់ណាស់ដើម្បីបញ្ចប់ជំងឺអេដស៍នៅក្នុងតំបន់របស់យើង។»

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធី AHF ប្រចាំប្រទេសបានមានប្រសាសន៍ថា៖ «យើងមិនអាចបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ដោយមិនបានបញ្ឈប់ការឆ្លងមេរោគអេដស៍ថ្មី ដោយគ្មានស្រោមអនាម័យនោះទេ»។ «ស្រោមអនាម័យមានប្រសិទ្ធភាព ហើយវាមានតម្លៃសមរម្យ ប៉ុន្តែជារឿយៗវាត្រូវបានគេមើលរំលង ។ យើងស្វែងរកការគាំទ្រសម្រាប់ការទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ ឬដោយតម្លៃសមរម្យ និងការប្រើប្រាស់ត្រឹមត្រូវ ពីព្រោះបើគ្មានស្រោមអនាម័យទេ មនុស្សមិនអាចការពារសុខភាពរបស់ពួកគេបានទេ ហើយយើងនឹងមិនអាចប្រយុទ្ធនឹងមេរោគអេដស៍នៅក្នុងប្រទេស និងទូទាំងពិភពលោកបានទេ»។
ទិវាអេដស៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ជាវេទិកាដ៏សំខាន់សម្រាប់អ្នករស់នៅជាមួយមេរោគស្វែងរកការគាំទ្រ ដើម្បីទទួលស្គាល់វឌ្ឍនភាពដែលបានធ្វើឡើងជាការចងចាំអ្នកដែលបាត់បង់ជិវិតដោយសារជំងឺទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោកប្តេជ្ញាចិត្តប្រើប្រាស់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ នៅក្នុងទិវាអេដស៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នេះយើងត្រូវបានរំលឹកថា៖ ការប្រយុទ្ធនឹងមេរោគអេដស៍មិនទាន់បញ្ចប់ទេ៕




ចែករំលែកព័តមាននេះ