ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ត្រៀម​ជ្រើស​រើស​កង​ទ័ព​ស្ម័គ្រ​ចិត្ត​​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិ​សុខ​ជាតិ

15 ម៉ោង មុន

ទី​ក្រុង​ប៉ារីស៖ ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង ​ទើប​តែ​ប្រកា​សឱ្យ​ដឹង​នូវ​ផែន​ការ​បង្កើត​កង​ទ័ព​យុវ​ជន​ស្ម័គ្រ​ចិត្ត​ដើម្បី​បម្រើ​ជាតិ​មាតុ​ភូមិ​នៅ​ក្នុង​ពេល​ដែល​ប្រទេស​បារាំង​មើល​ឃើញ​ថា​ពិភព​លោក​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម និង​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​កាន់​តែ​ខ្លាំង​។ តាម​គម្រោង ការ​ចាប់​ផ្ដើម​ទទួល​យក​ទាហាន​យុវជន​ស្ម័គ្រ​ចិត្ត​​នេះនឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២៦​។ ចំណាត់​ការ​នេះ​ជា​ផ្នែក​មួយ​នៃ​ចលនា​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​នៅ​ទ្វីប​អឺរ៉ុប​ដែល​ធ្លាប់​ជ្រក​ក្រោម​ម្លប់សុខ​​ដ៏​ត្រជាក់​ត្រជុំ​​​នៃ​​ការ​ការ​ពារ​ពី​ប្រទេស​​​អាមេរិក​ដែល​ជា​មេ​ធំ​ជាង​គេ​នៅ​ក្នុង​អង្គ​ការ​ណាតូ​។ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​ត្រាំ​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ទី​មួយ​ឈាន​ចូល​ដល់​​​អាណត្តិ​ទី​ពីរ លោក​តែង​តែ​ចង់​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​ណាតូ​ក្រោម​ហេតុ​ផល​ថា​អាមេរិក​រ៉ាប់​រង​ថ្លៃ​ចំណាយ​តែ​ម្នាក់​ឯង​ច្រើន​ពេក​។…

ទី​ក្រុង​ប៉ារីស៖ ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង ​ទើប​តែ​ប្រកា​សឱ្យ​ដឹង​នូវ​ផែន​ការ​បង្កើត​កង​ទ័ព​យុវ​ជន​ស្ម័គ្រ​ចិត្ត​ដើម្បី​បម្រើ​ជាតិ​មាតុ​ភូមិ​នៅ​ក្នុង​ពេល​ដែល​ប្រទេស​បារាំង​មើល​ឃើញ​ថា​ពិភព​លោក​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម និង​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​កាន់​តែ​ខ្លាំង​។ តាម​គម្រោង ការ​ចាប់​ផ្ដើម​ទទួល​យក​ទាហាន​យុវជន​ស្ម័គ្រ​ចិត្ត​​នេះនឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២៦​។

ចំណាត់​ការ​នេះ​ជា​ផ្នែក​មួយ​នៃ​ចលនា​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​នៅ​ទ្វីប​អឺរ៉ុប​ដែល​ធ្លាប់​ជ្រក​ក្រោម​ម្លប់សុខ​​ដ៏​ត្រជាក់​ត្រជុំ​​​នៃ​​ការ​ការ​ពារ​ពី​ប្រទេស​​​អាមេរិក​ដែល​ជា​មេ​ធំ​ជាង​គេ​នៅ​ក្នុង​អង្គ​ការ​ណាតូ​។ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​ត្រាំ​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ទី​មួយ​ឈាន​ចូល​ដល់​​​អាណត្តិ​ទី​ពីរ លោក​តែង​តែ​ចង់​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​ណាតូ​ក្រោម​ហេតុ​ផល​ថា​អាមេរិក​រ៉ាប់​រង​ថ្លៃ​ចំណាយ​តែ​ម្នាក់​ឯង​ច្រើន​ពេក​។ មែន​ទែន​ទៅ អាមេរិក​មិន​ត្រូវ​ការ​កិច្ច​គំា​​ពារ​ពី​អឺរ៉ុប​ទេ​ ប៉ុន្តែ​អឺរ៉ុប​ទៅ​វិញ​ទេ​ដែល​ត្រូវ​ការ​​កិច្ច​គាំ​ពារ​​​ពី​អាមេរិក​។

ឥឡូវ​នេះ អឺរ៉ុប​យល់​ថា​​ខ្លួន​ត្រូវតែ​​ប្រកាន់​ជំហរ​ឯក​រាជ្យ​-​ម្ចាស់​ការ​ ឬ​ខ្លួន​ទី​ពឹង​ខ្លួន​នៅ​ពេល​មាន​សញ្ញា​​ថា​អា​មេរិក​អាច​នឹង​រយាល​ដៃ​​ពី​អឺរ៉ុប​ដើម្បី​​ងាក​មក​ពង្រឹង​ការ​ការ​ពារ​នៅ​ប៉ាស៊ី​ហ្វិច​វិញ​ម្ដង​ និង​ម៉្យាង​ទៀត​នៅ​ពេល​​អឺរ៉ុប​ទទួល​អារម្មណ៍​ថា​ខ្លួន​ហាក់​ត្រូវ​រុស្ស៊ី​ធ្វើ​តេស្ត​សមត្ថ​ភាព​ជា​ញឹក​ញាប់​ដោយ​បង្ហោះ​បាឡុង​ហោះ​ចូល​ព្រលាន​យន្ត​ហោះ​ប្រទេស​មួយ​ចំនួន​​។ ជួន​កាល​ រុស្ស៊ី​បង្ហោះ​ដ្រូន​ចូល​ដែន​អាកាស​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ថែម​ទៀត​​។

លោក​ម៉ាក្រុង​ថ្លែង​នៅ​​ឯ​មូល​ដ្ឋាន​ទ័ព​ថ្មើរ​ជើង​ទី​២៧​នៃ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​ភ្នំ​អាល់​របស់​បារាំង (Alps)។ លោក​ថា​នេះ​ជា​គម្រោង​ជ្រើស​រើស​កង​ទ័ព​ស្ម័គ្រ​ចិត្ត​អាយុ​១៨​ឆ្នាំ និង​១៩​ឆ្នាំ​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ និង​ហ្វឹក​ហាត់​រយៈ​ពេល​១០​ខែ​។ លោក​ថា​គម្រោង​នេះ​ត្រូវ​ចំណាយ​ថវិកា​២​ពាន់​លាន​អឺរ៉ូ (ឬ​២,៣២​ពាន់​លាន​ដុល្លារ​អាមេរិក)។ លោក​ចាត់​ទុក​ថា​នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​សំខាន់ និង​ដ៏​ចាំ​បាច់​។​

សម្រាប់​ដំណាក់​កាល​ទី​មួយ​នៅ​ក្នុង​ឆ្នាំ​២០២៦ បារាំង​ត្រៀម​ជ្រើស​រើស​ទាហាន​ស្ម័គ្រ​ចិត្ត​៣​ពាន់​នាក់​។ ពួក​គេ​នឹង​ចេញ​ប្រតិ​បត្តិ​ការ​នៅ​លើ​ទឹក​ដី​បារាំង​សុទ្ធ​សាធ​។ ក្រោយ​មក​ នឹង​បង្កើន​រហូត​ដល់​១​ម៉ឺន​នាក់​ត្រឹម​ឆ្នាំ​២០៣០​។ លោក​ម៉ាក្រុង​ថា​លោក​មាន​មហិច្ឆតា​បង្កើន​ចំនួន​កង​ទ័ព​ស្ម័គ្រ​ចិត្ត​យុវជន​រហូត​ដល់​៥​ម៉ឺន​នាក់​ត្រឹម​ឆ្នាំ​២០៣៥​។ ចំនួន​នេះ​អាច​កែ​សម្រួល​ទៅ​តាម​សភាព​ការណ៍​ជាក់​ស្ដែង​​នៃ​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​។

ក្រោយ​ពេល​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​នេះ សិក្ខា​កាម​អាច​វិល​ទៅ​រួម​រស់​នៅ​ក្នុង​សង្គម​ជា​ជន​ស៊ីវិល​ធម្មតា, អាច​ក្លាយ​ជា​កង​ទ័ព​បម្រុង ឬ​អាច​បន្ត​ចាប់​អាជីព​ជា​យោធិន​ក្រប​ខណ្ឌ​ពេញ​សិទ្ធិ​​តែម្ដង​។ តាម​ពិត​ ផែន​ការ​របស់​លោក​ម៉ាក្រុង​មិន​មែន​ជា​រឿង​ថ្មី​ទេ​។ ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប​ចាប់​ផ្ដើម​បើក​យុទ្ធ​នាការ​ស្រដៀង​គ្នា​នេះ​ជា​បណ្ដើរ​ៗ​ហើយ​។ ឧទាហរណ៍ ដូច​ជា​អាល្លឺម៉ង់ និង​ដាណឺម៉ាក​ជា​ដើម​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ