ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​បាន​រក្សា​នូវ​លំនឹង​ល្អ ដោយ​បាន​រួមចំណែក​លើក​បង្កើន​ទំនុកចិត្ត​ ដល់​អ្នក​ប្រើប្រាស់

1 ថ្ងៃ មុន

ខេត្តកំពង់ឆ្នាំង​៖ វឌ្ឍនភាព​នៃ​កំណើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​នេះ និង​ការ​រក្សា​បាន​នូវ​លំនឹង​ល្អ​នៃ​តម្លៃ​ប្រាក់​រៀល ដោយ​មាន​តម្លៃ​ជា​មធ្យម ប្រមាណ ៤ ០៥០ រៀល ក្នុង​ ១…

ខេត្តកំពង់ឆ្នាំង​៖ វឌ្ឍនភាព​នៃ​កំណើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​នេះ និង​ការ​រក្សា​បាន​នូវ​លំនឹង​ល្អ​នៃ​តម្លៃ​ប្រាក់​រៀល ដោយ​មាន​តម្លៃ​ជា​មធ្យម ប្រមាណ ៤ ០៥០ រៀល ក្នុង​ ១ ​ដុល្លារ នៅ​ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​ចុង​ក្រោយ ដែល​បាន​រួមចំណែក​លើក​ការ​បង្កើន​ទំនុកចិត្ត ប្រាក់​រៀល​ដល់​អ្នក​ប្រើប្រាស់ ​។

ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី៖ “​ប្រាក់​រៀល ប្រព័ន្ធ បាគង និង​ខេ​អេ​ច​ឃ្យូ​អរ​” នៅ​ខេត្តកំពង់ឆ្នាំង ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​នេះ​ថា ជុំវិញ​ការ​លើកកម្ពស់​ប្រាក់​រៀល​នេះ រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន ដោយ​ក្នុង​នោះ​ការ​លើកកម្ពស់​ប្រាក់​រៀល ក៏​ជា​ការងារ​អាទិភាព មួយ ជា​ពិសេស​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០​ មក ស្រប​ពេល​ដែល​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​លំនឹង​ល្អ​ប្រសើរ ក្រោយ​កម្ពុជា ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ជា​លទ្ធផល​, និន្នាការ​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ក៏​មានការ​កើន​ឡើងជា​លំដាប់ ។

ឯកឧត្តម បន្ត​ថា វឌ្ឍនភាព​នៃ​កំណើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​នេះ និង​ការ​រក្សា​បាន​នូវ​លំនឹង​ល្អ​នៃ​តម្លៃ​ប្រាក់​រៀល ដោយ​មាន តម្លៃ​ជា​មធ្យម​ប្រមាណ ប្រមាណ ៤០៥០ រៀល ក្នុង​១​ដុល្លារ នៅ​ក្នុង​រយៈពេល​ជាង​ ២​ ទសវត្សរ៍​មកនេះ វា​បាន​ជួយ​ទប់ស្កាត់​កម្រិត​ដុល្លារ រូប​នី​យ​កម្ម​មិន​ឱ្យ​កើនឡើង​ទៀត ទោះបីជា​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ នៅ​មិន​ទាន់​ថមថយ​នៅឡើយ ជា​ពិសេស​នៅ​រាជធានី ភ្នំពេញ និង​តាម​ទីប្រជុំជន​នៅ​តាម​បណ្តា​ខេត្ត ដែល​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​បន្ត​មាន​កម្រិត​ខ្ពស់​បើ​ធៀប នឹង​ប្រាក់​រៀល ក៏​ដោយ​ ។ នេះ​គឺជា​មេរៀន​ប្រវត្តិសាស្ត្រ​ ដែល​បាន​បង្ហាញ​ថា​ការ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ប្រាក់​រៀល កើតឡើង​ត្រឹម​រយៈពេល​ដ៏​ខ្លី តែ​ការ ស្តារ​ទំនុកចិត្ត​ឡើង​វិញ គឺជា​ការ​លំបាក ហើយ​ទាមទារ​នូវ​ពេលវេលា និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន និង​ជា​ពិសេស​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា ​។

បញ្ហា​នេះ​, យោង​តាម​លទ្ធផល​សិក្សា​ស្រាវជ្រាវ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង JICA កាលពី​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា ប្រាក់ រៀល​បាន​ទទួល​ការ​ទុកចិត្ត និង​ការ​ប្រើប្រាស់​កាន់តែ​ច្រើន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ ។ ចំណែក​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​អង្គការ UNDP ក្នុង​ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា កម្មករ និយោជិត​រោងចក្រ​ ដែល​រស់នៅ​តាម​បណ្តា​ខេត្ត ចាយវាយ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ទៅ ៩២% នៃ​ចំណាយ​សរុប​ជា​ប្រាក់​រៀល ជា​ពិសេស​ទៅ លើ​ការ​ស្នាក់​នៅ ថ្លៃ​ទឹក​-​ភ្លើង ការ​ធ្វើ​ដំណើរ អាហារ សំលៀក​បំពាក់ និង​ថ្នាំសង្កូវ​ជាដើម​។ ចំណែក​កម្មករនិយោជិត​រស់នៅ​ទីក្រុង ចាយ វាយ​ជា​ប្រាក់ រៀល​មាន​អត្រា ៨២% នៃ​ចំណាយ​សរុប ​។

ដោយឡែក​ប្រព័ន្ធ​បាគង និង​ស្តង់ដា​ខេ​អេ​ច​ឃ្យូ​អរ (KHQR) ប្រព័ន្ធ​បាគង គឺជា​ប្រព័ន្ធ​ទូទាត់​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់ ធ្វើ ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដូច​ជា​៖ ការ​ទូទាត់ ផ្ទេរ​ប្រាក់ ដាក់​ប្រាក់ និង​ដក​ប្រាក់​ទាំង​ក្នុងស្រុក និង​ជាមួយ​បណ្តា​ប្រទេស​ក្នុង តំបន់​បាន​យ៉ាង​ឆាប់រហ័ស និង​មាន​ភាព​ងាយស្រួល កាត់​បន្ថយ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ និង​មាន​សុវត្ថិភាព​ខ្ពស់ ​។ ចំណែក​  KHQR បាន សម្រួល​ដល់​ការ​ស្កេ​ន​ទូទាត់​ឆ្លង គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​យ៉ាង​ពិលាស ព្រមទាំង​បាន​ពង្រឹង​កា​រត​ភ្ជាប់​ការ​ទូទាត់​ឆ្លង​ដែន នៅ​ក្នុង​តំបន់​ផង​ដែរ​។ បច្ចុប្បន្ន យើង​អាច​ធ្វើការ​ទូទាត់​ប្រាក់​ឆ្លង​ដែន​តាម​រយៈ​ការ​ស្កេ​ន QR Code ជា​ប្រាក់​រៀល តាម​រយៈ​កម្មវិធី​សេវា ធនាគារ​តាម​ទូរស័ព្ទ ដោយ​មិន​ចាំបាច់​ប្តូរ​ទៅ ​ជា​រូបិយប័ណ្ណ​នៅ​ក្រៅប្រទេស​នោះ​ទេ​ ៕ អត្ថបទសហការ