រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវតាមរយៈជីភីអេស GPS ហើយឈានទៅឃាត់ខ្លួនដល់ផ្ទះ និងដកហូតម៉ូតូម៉ាក HONDA DRAM សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KS-3681 មួយគ្រឿង របស់ជនរងគ្រោះ ត្រឡប់មកវិញ បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (កាច់សោ.កម៉ូតូ) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី ត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញហើយគេចខ្លួនបានតែ២ម៉ោងជាងប៉ុណ្ណោះ ។
ជនសង្ស័យរូបនោះ ឈ្មោះ សាន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះឈ្មោះ ណុល ដាវី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ស្រាវជ្រាវតាមរយៈ GPS ហើយឃាត់ខ្លួននៅវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច ដកហូតវត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាក HONDA DRAM សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KS-3681 ចំនួន០១គ្រឿង របស់ជនរងគ្រោះ និងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួន ។
លោកវរសនីយ៍ទោ ជាង ហុកសែ អធិការរង នគរបាលខណ្ឌដង្កោ ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ចេញពីកន្លែងផឹកស៊ី នៅម្ដុំផ្សារខេម៉ល ផ្លូវវេងស្រេង មកបន្ទប់ជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានចតទុកនៅខាងមុខបន្ទប់ជួល ក៏បានចូលទៅដេក។ លុះដល់វេលាម៉ោង០៧និង៣០នាទី ពេលភ្ញាក់ពីដេក ស្រាប់តែបាត់ម៉ូតូ ទើបមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក ។
តាមរយៈជីភីអេស ដែលបំពាក់ជាប់ម៉ូតូម៉ាកខាងលើ ក៏បានស្រាវជ្រាវរហូតតាមឃាត់ខ្លួនបានជនសង្ស័យ រហូតដល់ស្រុកកណ្ដាលស្ទឹង ព្រមទាំងដកហូតម៉ូតូរបស់ជនរងគ្រោះត្រឡប់មកវិញ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា ម៉ូតូនោះត្រូវបានបក្ខពួករបស់ខ្លួនឈ្មោះ សីហា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ (គេចខ្លួន) បានលួចហើយយកមកឲ្យខ្លួន ដើម្បីផ្ដាច់ប្រព័ន្ធGPS ហើយត្រូវសមត្ថកិច្ចចុះទៅដល់ឃាត់ខ្លួនតែម្ដង ៕





ចែករំលែកព័តមាននេះ