រាជធានីភ្នំពេញ ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) រំពឹងថានឹងមានការសហការធ្វើជាដៃគូអាជីវកម្មកាន់តែច្រើន ដើម្បីបន្តជំរុញការរីកចម្រើនដល់សេដ្ឋកិច្ចជាតិ នេះបើយោងតាមការថ្លែងរបស់រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ថ្លែងនៅក្នុងថ្ងៃបើក វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ៖ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ មានរយៈពេល ៤ថ្ងៃ នឹងផ្សារភ្ជាប់ខ្សែរចង្វាក់តម្លៃ ផ្សារភ្ជាប់នូវដៃគូនានា ដើម្បីយើងអាចអភិវឌ្ឍន៍ កាន់តែផ្តល់ភាពរីកចម្រើន ជាពិសេសការជម្រុញក្នុងការកែច្នៃ កសិផលដែលយើងមានឱ្យមានកាន់តែខ្ពស់» ។

លោក ប្រាក់ ដាវីដ បាននបន្តថា ការបង្កើតវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ នេះឡើងក្នុងគោលបំណង បង្កើតឱ្យមានវេទិកាពិភាក្សាកម្រិតខ្ពស់ និងការដាក់តាំងបង្ហាញផលិតផលកសិកម្មកម្ពុជា តាមរយៈពិព័រណ៍ វិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស វិនិយោគិន និងធុរជននឹងមានឱកាសស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម, កសិ-ពាណិជ្ជកម្ម និងកសិ-ស្បៀងអាហារនៅកម្ពុជា ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានឱ្យដឹងថា៖ «វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ នៅលើសេដ្ឋកិច្ចជាតិ បើទោះបីចំនួនប្រជាជនធ្វើកសិកម្មបានថយចុះនៅត្រឹម ៥៤ភាគរយក្តី នេះក៏ព្រោះដោយសារប្រជាជនមានជម្រើសជីវភាព និងការងារកាន់តែច្រើន និងប្រសើរជាងមុន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តល់អនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ធ បន្តជំរុញការអភិឌ្ឍន៍សហគមន៍ទំនើបដើម្បីតម្រង់ទិស និងធានានិរន្តរភាព នៃផលិតកម្ម ស្របតាមតម្រូវការទីផ្សារ កាត់បន្ថយថ្លៃដើមនៃការផលិត ដើម្បីបង្កើនភាពប្រកួតប្រជែង និងផ្សារភ្ជាប់ផលិកម្មទៅនឹងទីផ្សារតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយនឹងតម្លៃសមរម្យ ដើម្បីធានាប្រាក់ចំណេញ ដល់ប្រជាកសិករក្រោមយន្តការភាពជាដៃគូ កាន់តែរឹងមាំ រវាងរដ្ឋ និងឯកជននិងដៃគូអភិវឌ្ឍន៍សហគមន៍ទំនើប» ។

ទេសរដ្ឋមន្ត្រី ក៏បានបន្ថែមថា៖ «បង្កើនការលើកទឹកចិត្ត ការគាំទ្រ និងការប្រើប្រាស់ផលិតផល និងកសិផលខ្មែរ ដោយបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឱ្យកាន់តែញឹកញាប់ ហើយទូលំទូលាយថែមទៀត ទាំងក្នុងនិងក្រៅប្រទេស ។ បង្កើនការកែច្នៃកសិផលដើម្បីបង្កើតទីផ្សារបន្ថែមសម្រាប់កសិផលក្នុងស្រុកផង ព្រមទាំងបង្កើតការងារ តម្លៃបន្ថែមផង ដោយបង្កើនការកៀករវិនិយោគ ក្នុងខ្សែក្រវ៉ាត់វិស័យកសិកម្ម ការវិនិយោគកែច្នៃតាមស្តង់ដារ និងការផ្សព្វផ្សាយម៉ាក (made in Cambodia) នឹងជួយទាក់ទាញអ្នកវិនិយោគបន្ថែមទៀត បង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ។ បង្កើនកិច្ចសហការកសាងកេរ្តិ៍ឈ្មោះកម្ពុជា ជាប្រទេសផ្គត់ផ្គង់ផលិតផលនិងកសិផលមានគុណភាពនិងសុវត្ថិភាព និងមេត្រីភាពបរិស្ថានទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ» ។

ជាមួយគ្នានេះផងដែរ Ms. Rebekah Bell តំណាង FAO ប្រចាំនៅកម្ពុជា (អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា) បានឱ្យដឹងថា ៖ «CAFE25 បង្ហាញពីស្មារតីនៃកិច្ចសហការ ដោយនាំទាំងរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មកជួបជុំគ្នា ដើម្បីភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងនាំយកឱកាសថ្មីៗ សម្រាប់អនាគតកសិ-ម្ហូបអាហារ របស់ប្រទេសកម្ពុជា» ។

Ms. Rebekah Bell បន្ថែមថា ក្នុងរយៈពេល ៤ថ្ងៃនេះ ទាំងតាមរយៈវេទិកានិងពិព័រណ៍ លោកស្រីមានទំនុកចិត្តថា ការបង្កើតដៃគូសហការរវាង អ្នកផលិតនិងអ្នកវិនិយោគនឹងមានច្រើន នៅក្នុងកំឡុងពេលតាំងពិព័រណ៍ ដែលផ្តល់ឱកាសឱ្យអាជីវកម្មនានា សម្រាប់កសិករពង្រឹងសហគមន៍ និងពង្រឹងប្រព័ន្ធកសិ-ចំណីអាហាររបស់កម្ពុជា កាន់តែរីកចម្រើន សម្រាប់មនុស្សជំនាន់ក្រោយៗ ៕


ចែករំលែកព័តមាននេះ