ទីក្រុងវ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិកត្រៀមបោះឆ្នោតអនុម័តកញ្ចប់ថវិកាដើម្បីឱ្យរដ្ឋាភិបាលមានសាច់ប្រាក់សម្រាប់ប្រើប្រាស់ និងបើកដំណើរការដូចធម្មតាឡើងវិញ។ គេសង្ឃឹមថារដ្ឋាភិបាលនឹងបើកដំណើរការឡើងវិញនៅក្នុងពេលឆាប់ៗនេះបន្ទាប់ពីបិទរយៈពេល៤០ថ្ងៃដោយសារគម្រោងថវិកានោះមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា។
ថ្វីដ្បិតគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនទាំងនៅរដ្ឋសភា និងព្រឹទ្ធសភា ប៉ុន្តែសំឡេងនោះមិនគ្រប់គ្រាន់ទេ។ យោងតាមផ្លូវច្បាប់ សំណើថវិកាត្រូវការសំឡេងយ៉ាងតិច៦០ពីព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភាសង្ឃឹមថាការបោះឆ្នោតអាចនឹងធ្វើឡើងនៅថ្ងៃនេះបន្ទាប់ពីរដ្ឋសភាអនុម័តសេចក្ដីព្រាងថវិកាជាតិរួចហើយដើម្បីប្រើប្រាស់រហូតដល់ដើមឆ្នាំ២០២៦។
សេចក្ដីព្រាងថវិកាដែលកែសម្រួលឡើងវិញត្រង់ចំណុចខ្លះនោះត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា រួចហើយត្រូវបញ្ជូនទៅឱ្យលោកត្រាំចុះហត្ថលេខា។ នីតិវិធីនេះត្រូវការពេលជាច្រើនថ្ងៃ។ សមាជិកព្រឹទ្ធសភាភាគច្រើនរបស់គណបក្សប្រជាធិបតេយ្យនៅតែប្រកាន់ជំហររឹងមិនព្រមគាំទ្រសេចក្ដីព្រាងច្បាប់នោះទេ។ ពួកគេចង់ដាក់សម្ពាធឱ្យគណបក្សសាធារណរដ្ឋទទួលយកសំណើរបស់ពួកគេស្ដីពីសេវាសុខាភិបាល ហើយចង់ឱ្យបោះឆ្នោតជាកញ្ចប់តែម្ដង។
លោករីឆាត ប៊្លូមេនថាល់ (Richard Blumenthal) ជាព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកនឹងមិនបោះឆ្នោតគាំទ្រគម្រោងថវិកានោះទេ។ ប៉ុន្តែលោកជឿជាក់ថាសេចក្ដីព្រាងច្បាប់នោះអាចនឹងចេញរួចព្រោះសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យមួយចំនួននឹងបោះឆ្នោតគាំទ្រ។
ប្រភពខ្លះបង្ហើបឱ្យដឹងថាក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សទាំង២បានឯកភាពគ្នាថាត្រូវតែបើកដំណើរការរដ្ឋាភិបាលឡើងវិញ។ សមាជិកព្រឹទ្ធសភាមួយចំនួនរបស់គណបក្សប្រជាធិបតេយ្យបានឯកភាពជាមួយក្រុមសាធារណរដ្ឋ និងសេតវិមានថាពួកគេនឹងបោះឆ្នោតគាំទ្រសេចក្ដីព្រាងថវិកា។ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យយ៉ាងតិច៨នាក់សន្យាថាពួកគេនឹងបោះឆ្នោតគាំទ្រសំណើនោះ។
ក្នុងនោះមានការចូលបម្រើការឡើងវិញរបស់បុគ្គលិករដ្ឋ ការសន្យា (ពីគណបក្សសាធារណរដ្ឋ) ដើម្បីបោះឆ្នោតគាំទ្រសេវាសុខាភិបាលរបស់គណបក្សប្រជាធិបតេយ្យ និងការបើកដំណើរការរដ្ឋាភិបាលឡើងវិញរហូតដល់ថ្ងៃទៅ៣០ ខែមករា ឆ្នាំ២០២៦។ នេះជាលើកទី១នៅក្នុងរយៈពេលជាងមួយខែដែលក្រុមសាធារណរដ្ឋអាចកៀរគរសំឡេងគាំទ្រច្រើនគ្រប់គ្រាន់ពីក្រុមអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យដើម្បីគាំទ្រសំណើរបស់ខ្លួន៕
ចែករំលែកព័តមាននេះ