ខេត្តស្ទឹងត្រែង ៖ នៅក្នុងខេត្តស្ទឹងត្រែង មានសហគមន៍នេសាទសរុបចំនួន ៦១សហគមន៍នេសាទ ដែលមានផ្ទៃដែនសហគមន៍នេសាទសរុបចំនួន ៤៩,២១៧.៥០ហិកតា ស្ថិតនៅក្នុងស្រុកចំនួន៦ ឃុំ២៣ ភូមិ៦៥ ក្នុងនោះសហគមន៍ នេសាទចំនួន៦០ បានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចំនួន ០១ កំពុងតែរៀបចំដំណើរការចុះបញ្ជីទទួលស្គាល់ ។
ចាប់តាំងពីការបង្កើតសហគមន៍នេសាទកន្លងមក សហគមន៍បានរៀបចំលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង បានចុះកិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍ ពិសេសសហគមន៍ក៏បានរៀបចំផែនការគ្រប់គ្រង កន្លែងនេសាទសហគមន៍ ដោយមានការទទួលស្គាល់ពីរដ្ឋបាលជលផលផងដែរ ។
នៅក្នុងឆ្នាំ២០១៦ សហគមន៍នេសាទក្នុងខេត្តស្ទឹងត្រែងបានរៀបចំអោយមានបណ្តាញសហគមន៍នេសាទ ចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្តដែលសម្របសម្រួលរៀបចំដោយអង្គការសេប៉ា អង្គការភូមិខ្ញុំ អង្គការឌីភីអេ អង្គការវលហ្វីស សហការជាមួយខណ្ឌរដ្ឋបាលជលផលថ្នាក់ខេត្ត និងថ្នាក់ជាតិ អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ។ គណកម្មការបណ្តាញនិមួយៗមានចំនួន៣នាក់ និងមានស្ត្រីនៅក្នុងជួរគណ កម្មការផងដែរ ។
ក្រោយបង្កើតបណ្ដាញសហគមន៍នេសាទឡើង សហគមន៍នេសាទបានចូលរួមក្នុងកិច្ចការការពារអភិរក្សធនធានជលផល ជាច្រើនដូចជាសកម្មភាពទប់ស្កាត់បទល្មើសនេសាទក្នុងរដូវត្រីពងកូនដោយជោគជ័យក្នុងរយៈពេល៥ខែ ដែលខេត្តស្ទឹងត្រែងចាប់ផ្តើមអនុវត្តន៍បិទនេសាទចាប់ពីដើមខែឧសភាដល់ចុងខែកញ្ញា ។
ក្នុងរដូវបិទនេសាទសហគមន៍នេសាទក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សត្រីមេពូជជាមួយខណ្ឌរដ្ឋបាលជលផលនិងមន្ត្រីបរិស្ថាន ព្រមទាំងចុះល្បាតនិងតាមដានបទល្មើសនេសាទក្នុងដែននេសាទសហគមន៍បីដងក្នុងមួយខែ។ ក្នុងកំឡុងឆ្នាំ២០១៧ នៃវត្តមានចូលកាន់មុខតំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បច្ចុប្បន្នជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាថ្នាក់ដឹកនាំដ៏មានឥទ្ធិពលម្នាក់ផ្លាស់ប្ដូរពីទន្លេស្ទើរតែគ្មានត្រីដោយសារអំណាចបទល្មើសត្រឹម៤ បន្ទាប់ធនធានជលផលបានកកើតឡើងគួរឲ្យភ្ញាក់ផ្អើល ដែលអាចអោយផលចាប់បានចន្លោះពី៣ពាន់ទៅ៤ពាន់តោនក្នុងមួយឆ្នាំ ហើយនៅ២០២៤ ផលចាប់បាន ៤៤១៥តោន និងឆ្នាំ២០២៥នេះ ត្រឹមរយៈពេល៩ខែ ផលចាប់បាន៣,០៩៦តោន។ ផ្លែផ្កាទាំងនេះបានកើតចេញពីឆន្ទៈដ៏មោះមុតបំផុត ជាមួយនឹងផែនការដ៏ត្រឹមត្រូវនិងប្រសិទ្ធភាពទៅលើការបង្ក្រាបទប់ស្កាត់គ្រប់ទម្រង់នៃបទល្មើស ទាំងការគ្រប់គ្រាប់បែក ការបំពុលថ្នាំ ការប្រើប្រាស់ឧបករណ៍ឆក់ក្តៅ.ត្រជាក់ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទទៀត។លោកក៏មិនទុកឱកាសឲ្យជនល្មើសដែលប្រព្រឹត្តបទល្មើសមិនរាងចាលនៅក្រៅរង្វង់ច្បាប់នោះដែរ ។
ងាកមកបណ្ដាញសហគមន៍នេសាទជាមួយការជោគជ័យក្នុងនោះក្រុមបណ្ដាញសហគមន៍ក៏មានបញ្ហាប្រឈម ១.ដូចជានៅភូមិខាំផាន់សង្កាត់សាមគ្គី ប្រជាពលរដ្ឋជួយការពារជនល្មើស ២.សហគមន៍បានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលជលផលនិងបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែតំបន់ដែលសហគមន៍ធ្វើនៅក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន(តំបន់ត្រួតស៊ីគ្នា)ត្រង់ចំណុចនេះសហគមន៍នេសាទស្នើសុំអាជ្ញាធរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យចូលរួមការពារបទល្មើសនិងស្នើក្រសួងបរិស្ថាននិងក្រសួងកសិកម្មពិគ្រោះយោបល់ក្នុងការដោះស្រាយបញ្ហាតំបន់ត្រួតស៊ីគ្នា ។ បញ្ហាប្រឈម ៣.ជនប្រព្រឹត្តបទល្មើសនៅតែធ្វើសកម្មភាពគ្រប់ទីកន្លែងមិនថាយប់ឬថ្ងៃ ៤.ក្រុមជនល្មើសមានមធ្យោបាយទំនើបហើយលឿនដោយកែច្នៃទូកពីយឺតទៅលឿន ដែលជាកត្តាលំបាកនិងដេញតាមបង្ក្រាប ៥.សហគមន៍នេសាទប្រឈមនិងបទល្មើសតដៃនិងប្រើប្រាស់អាវុធកែច្នៃដែលសកម្មភាពទាំងនេះស្ថិតនៅក្នុងស្រុកសៀមបូក ៦.ខ្វះមធ្យោបាយទូកម៉ាស៊ីននិងសម្ភារៈអាវពោង អាយកូម អាវភ្លៀងសម្រាប់ចុះល្បាតផងដែរ ។
លោក យឹម ផែន អភិបាលរងខេត្ត បានគាំទ្រដល់សហគមន៍ ដើម្បីពង្រឹងសមត្ថភាពបន្ថែមគួរសិក្សារៀនសូត្រអំពីប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនិងបទល្មើសទាន់ហេតុការ។ លោកក៏ស្នើទៅបណ្តាអង្គការដែលជាដៃគូគិតគូរពិចារណាអំពីជំនួយឧបករណ៍ត្រូនឧបត្ថម្ភដល់សហគមន៍នេសាទបន្ថែមក្រៅពីទូកកាណូតដែលមានស្រាប់។ឧបករណ៍ត្រូនមានលទ្ធភាពអាចហោះចាប់យករូបភាពកម្មភាពជនល្មើសពីលើអាកាសក៏បានពីទីឆ្ងាយក៏បាន ។ ទូកកាណូតជនល្មើសមានល្បឿនលឿនយើងអាចប្រើត្រូនក្នុងការនាំមុខចាប់យកសកម្មភាពល្មើសនិងអាចឈានទៅកំណត់មុខសញ្ញាផងដែរ ៕



ចែករំលែកព័តមាននេះ