រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ស្វែង សុជាតា នឹងចូលរោងការជាមួយនឹងគូស្នេហ៍ដែលមានវ័យតិចជាងខ្លួនប្រមាណជា១០ឆ្នាំ បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់ប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលដែលអនាគតស្វាមីរបស់នាងក៏ជាអ្នកស្ថិតក្នុងចង្កោមអ្នកសិល្បៈដូចគ្នាផងដែរ ។

ស្វែង សុជាតា និងអនាគតស្វាមីរបស់នាងកំពុងតែមានភាពមមារញឹកនៅក្នុងការថតរូបភាព Pre-Wedding នៅក្នុងរមនីយដ្ឋាននានា នៅមុនពេលដែលពិធីមង្គលការរបស់អ្នកទាំងពីរអាចនឹងរៀបចំធ្វើឡើងនាពេលឆាប់ៗខាងមុខ ។
ថ្លែងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិច អ្នកនាង ស្វែង សុជាតា បានលើកឡើងថា អ្នកនាងនិងអនាគតស្វាមីបានស្គាល់គ្នាយូរហើយដែរ ទើបតែពេលនេះអ្នកនាងបានសម្រេចចិត្តរៀបចំមង្គលការ ក្រោយស្វែងយល់ចិត្តគ្នាបានច្បាស់លាស់ ។

អ្នកនាងបន្ថែមថា អនាគតស្វាមីរបស់នាងមានអាយុប្អូននាងប្រមាណជាជិត១០ឆ្នាំ ក្នុងពេលដែលបច្ចុប្បន្នអ្នកនាងមានវ័យជាង៤០ឆ្នាំទៅហើយ ប៉ុន្តែយ៉ាងណា អ្នកនាងបានសម្រេចចាប់ដៃរស់នៅជាមួយគ្នាដោយមិនគិតពីវ័យនោះឡើយ ។
អ្នកនាងបញ្ជាក់ថា ក្រោយពីបានស្វែងយល់ចិត្តគ្នាច្បាស់អ្នកនាង និងអនាគតស្វាមីក៏បានរៀបចំថត Pre-Wedding ទុកសម្រាប់ពិធីមង្គលការដែលនឹងរៀបចំធ្វើនាពេលខាងមុខនេះ ប្រសិនបើអ្វីៗអាចនឹងមានភាពល្អប្រសើរ ។

យ៉ាងណា បើតាមអ្នកនាង ស្វែង សុជាតា តាមពិតអ្នកនាងមិនចង់រៀបចំពិធីមង្គលការនៅក្នុងអំឡុងពេលនេះឡើយ ដោយសារតែស្ថានភាពប្រទេសជាតិមិនសូវល្អ ពោលគឺដោយសារការឈ្លានពានពីប្រទេសថៃតាមបន្ទាត់ព្រំដែន ។
អ្នកនាងបន្ថែមថា ស្ថិតក្នុងស្ថានការបែបនេះ យើងមិនចង់រៀបចំពិធីអ្វីដែលមានភាពសប្បាយរីករាយឡើយ ហើយណាមួយសម្រាប់អ្នកចូលរួមក៏មិនសូវជាសប្បាយដែរ ហេតុនេះនាងកំពុងតែពិចារណានៅក្នុងការរៀបចំពិធីមង្គលការ ។

យ៉ាងណា អ្នកនាងបញ្ជាក់ថា ពិធីមង្គលការរបស់នាងអាចនឹងរៀបចំពិធីមង្គលការនៅក្នុងបំណាច់ឆ្នាំនេះ ពោលមិនអាចឈានដល់ឆ្នាំក្រោយនោះឡើយ ។
គួរបញ្ជាក់ថា តារាសម្តែងអ្នកនាង ស្វែង សុជាតា បានពើបប្រទះចំណងស្នេហ៍មិនសមប្រកបចំនួនពីរលើកមកហើយ ដោយចំណងស្នេហ៍ចុងក្រោយរបស់នាងក៏ជាបុរសវ័យក្មេង និងជាអ្នកផ្សំថ្នាំបុរាណដែលចំណងស្នេហ៍នេះ បានរស់នៅជាមួយគ្នាអស់រយៈពេលប្រមាណជិត១០ឆ្នាំ ។
យ៉ាងណាក៏ដោយ សម្រាប់ចំណងស្នេហ៍ថ្មីរបស់នាងនាពេលនេះ ត្រូវបានគេរំពឹងថា នឹងអាចរក្សាបានយ៉ាងល្អ និងធ្វើឲ្យនាងមានសុភមង្គលក្នុងជីវិតគ្រួសារជារៀងរហូត ៕




ចែករំលែកព័តមាននេះ