ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញការ​ស្រាវជ្រាវ​បឋមពី​រុក្ខជាតិថា​ថ្នាំមាន​អាយុវែង​ ​ខ្លះហៅផ្កា​៧ពណ៌ ​ខ្លះហៅផ្កា​អមតៈ ​ខ្លះហៅ​ផ្កាអញ្ជ័ន

13 ឆ្នាំ មុន

ប្រជាពលរដ្ឋ​​​កម្ពុជា​​យើង មិនមែន​​តែ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទេ ដែល​កំពុង​​នាំគ្នា​​​ទិញ​ផ្កា​​ម្យ៉ាង​ ពណ៌​ខៀវ​​ ដោយ​ឱ្យ​ឈ្មោះ​​ថា «ផ្កា​​​អមតៈ» ​​មក​​ឆុង​ទឹក​​ក្តៅ​​ទទួល​ទាន​ សូម្បី​តែនៅតាម​​​បណ្តា​ខេត្ត​នានា​ ទូទាំង​ប្រទេស​ក៏​ផ្អើល​​និយម​យក​ផ្កា​​​នេះ​ប្រើ​ប្រាស់​​ជាថ្នាំ​ផឹក​ដែរ ។​ ដោយសារ​​តែ​ការ​

ប្រជាពលរដ្ឋ​​​កម្ពុជា​​យើង មិនមែន​​តែ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទេ ដែល​កំពុង​​នាំគ្នា​​​ទិញ​ផ្កា​​ម្យ៉ាង​ ពណ៌​ខៀវ​​ ដោយ​ឱ្យ​ឈ្មោះ​​ថា «ផ្កា​​​អមតៈ»​​ មក​​ឆុង​ទឹក​​ក្តៅ​​ទទួល​ទាន​ សូម្បី​តែនៅតាម​​​បណ្តា​ខេត្ត​នានា​ ទូទាំង​ប្រទេស​ក៏​ផ្អើល​​និយម​យក​ផ្កា​​​នេះ​ប្រើ​ប្រាស់​​ជាថ្នាំ​ផឹក​ដែរ ។​

​ដោយសារ​​តែ​ការ​និយម​​ប្រកប​ដោយ​​ជំនឿ​ ខ្លាំង​បែបនេះ អ្នក​​អាន​​កោះ​សន្តិភាពមួយ​ចំនួន​​​នៅ​​ទូទាំង​ប្រទេស​​បាន​ទូរស័ព្ទ​​​ជាបន្ត​បន្ទាប់​​​សុំ​ឱ្យ​កោះ​សន្តិ​ភាព​​​ជួយ​ស្រាវ​ជ្រាវ​​​ពី​ប្រសិទ្ធភាព​​​​នៃផ្កា​​នេះ យកមក​​ផ្សព្វ​ផ្សាយ​​​ផង ដើម្បី​​ឱ្យ​បាត់​ការ​សង្ស័យ​ ឱ្យ​មាន​​ការ​ទុក​​ចិត្ត​​​​​នៅពេល​ប្រើ​ប្រាស់​វា ។ ​តើ​​ប្រសិទ្ធភាព​​​របស់​វា​ យ៉ាង​​ណា​ខ្លះ បើ​គេ​ភ្ញាក់​ផ្អើល​​​ទិញ​ប្រើ​ប្រាស់​ធ្វើ​ជាថ្នាំ​​គ្រប់​ច្រក​ល្ហក​នៅទូទាំង​​​ប្រទេស​បែបនេះ​? សូម្បី​​តែអ្នក​ក្រីក្រ​ក៏​​ឆ្លៀត​ទិញ​ផ្កា​​នេះ​យក​​មក​ឆុង​​ទឹក​ក្តៅ​​​ទទួល​ទាន​ដែរ ឱ្យ​ជារោគ​ប្រចាំ​​កាយ ។​

​ការិយាល័យ​​និពន្ធ​កោះ​សន្តិភាព​​​ បាន​​ធ្វើ​ការ​​ស្រាវ​ជ្រាវ​​​ដោយ​យោង​តាម​ការ​អះអាង​ពី​​ប្រភព​​​​វេជ្ជ​សាស្ត្រ​​​ជាន់​ខ្ពស់​នានា ដើម្បី​​ជាព័ត៌​មាន​​​ជួយ​បំភ្លឺ​​ប៉ុណ្ណោះ​​ មិន​ធ្វើ​​ការ​ញុះញង់​ មិន​ឃោស​នា​ មិន​​បន្តុះ​បង្អាប់​ និង​មិន​ប្រឆាំង​ទៅនឹង​ជំនឿ​​ណា​មួយ​ឡើយ ដែល​ខាង​ក្រោមនេះ​ជា​លទ្ធផល​បាន​ពីការ​​ស្រាវជ្រាវតាម​ឯក​​សារ​​​ខ្មែរ​​​យើង​ និង​​​ប្រភព​​​ពីបរទេស​ ។

តាំងតែ​​ពី​ឆ្នាំ​២០១០មក​ម៉្លេះ ​ប្រជា​ពលរដ្ឋ​​​ផ្អើល​​​យក​ផ្កា​​​ម្យ៉ាង​​​​​ពណ៌​ខៀវ​មក​ឆុង​​ទឹក​ផឹក​​​ ដោយ​គិត​​​ថា ផ្កា​​​នោះ​ជា​ឱសថ​​បុរាណ​​សម្រាប់​​​ព្យាបាល​​ជំងឺ​​១០០​មុខ​ ហើយ​ដាក់​ឈ្មោះ​​ផ្កា​​នោះ​​ថា «​ផ្កា​ប្រាំពីរពណ៌​ » ​ឬ​«ផ្កា​​​​​អមតៈ»​ ដែល​មាន​​​ដើម​វល្លិ​​​​ឡើង​ទ្រើង​​​ច្រើន​ដូច​​ននោង ​មាន​​​ស្លឹក​ពណ៌​​​បៃតង​​ ​ផ្កា​​ពណ៌​ខៀវ​​​មាន​ច្រើន​ស្រទាប់​ ​ហើយ​​​សព្វ​ថ្ងៃ​​​មាន​ដាំ​នៅ​​តាម​លំនៅ​ឋាន​​ ដែល​​ខ្លះ​​ដាំ​​​ផ្ទាល់​​ដី​ ខ្លះ​​ដាំ​​ដាក់​​​ផើង​​ ដូច​ដាំ​ផ្កា​​​ ព្រម​ទាំង​​​ងាយ​ស្រួល​​ដាំ​បំផុត​ ដឹងតែ​ពីដាំ​ទៅរស់ ។ ​ដើម​ផ្កា​​​​អមតៈ​ ឬផ្កា​​​​៧​ពណ៌​​​នេះ ​ប្រជា​ពលរដ្ឋ​​​ភាគ​ច្រើន​​និយាយ​តៗ​ថា ​ផ្កា​​របស់​វា​​​អាចយក​មក​ព្យាបាល​​ជំងឺ​ខ្លាញ់​​​ក្នុង​សរសៃ​ឈាម​ លើសឈាម​ ​ទឹក​នោម​ផ្អែម​ ​និង​ជំងឺ​​ផ្សេង​ៗ​ទៀត​។ 

បើ​តាម​​​សៀវ​ភៅ ​​​«​​រុក្ខជាតិ​​​ឱសថ​​​» កម្ពុជា​ភាគ​២​របស់​​ក្រសួង​សុខាភិបាល​មជ្ឈ​មណ្ឌល​​​ជាតិ​ស្រាវ​ជ្រាវ​​​វេជ្ជសាស្ត្រ​​​បុរាណ​និយាយ​​ថា​ ផ្កា​នេះ​​​​ឈ្មោះ​ផ្កា ​​«អញ្ច័ន»​ ​ជាថ្នាំ​​​អាយុ​​​វឌ្ឈនៈ​​​ដែល​​អាច​ព្យាបាល​​​ជំងឺ​បាន​ច្រើន​​យ៉ាង ។

លក្ខណៈរុក្ខជាតិ​ ៖ ​ជា​​រុក្ខ​ជាតិ​​វល្លិ​​​ ដើម​វា​មូល​តូច​​ មាន​​រោម​តិចៗ​ មែក​​បែក​តាម​​​ប្រគាប ធាង​ស្លឹក​​
១-​​ស្លឹក​ ៖ ​ស្លឹក​​រួម​ស្លាប​​សេក កូន​ស្លឹក​មាន​​​​ពី៥​ទៅ​​៧​សន្លឹក ។ ស្លឹកនីមួយៗ​មាន​​រាង​​ពង​ក្រពើ​ ដុះ​​ទល់​​ទងគ្នា ​។
២-​​ផ្កា​ ៖ មាន​​​ពូជ​​​ផ្កា​ពណ៌​​ខៀវ​ ពណ៌​ស ពណ៌​​ក្រហមស្វាយ​​​ ​មាន​១ស្រទាប់​​ ឬ​​​​ច្រើន​ស្រទាប់​ ។ ផ្កា​មាន​​​តែ១ដុះ​ចេញ​ពីប្រគាប​​ ធាង​ស្លឹក​ ។ ​
៣-​​​ផ្លែ ៖ ​រាង​​សំបែត​​​វែង​ស្រួចចុង ​មាន​ពី៥​ទៅ​​១០​គ្រាប់ក្នុង១ផ្លែ​ ។ គ្រាប់​​​​ពណ៌​​ត្នោត​​ព​ភ្លាក់​​ រាង​​ដូច​គ្រាប់​​ត្រសក់​​ស្រូវ​ ។ ផ្កា​មាន​​​រាល់​រដូវ​​​ ឱ្យតែ​​​ស្រោច​​ទឹក​​​​ ជាពិសេស​​​រដូវ​​​ភ្លៀង​ ។
​កន្លែង​​ដាំដុះ​ ៖ ​​ដុះ​​នៅ​​តំបន់​​​ដីសើម តំបន់​មាត់​ទន្លេ​ ឬគេ​យក​មក​ដាំ​​ធ្វើ​ជា​គ្រឿង​​លម្អ​នៅ​​តាម​​ផ្ទះ​​ដែល​ងាយ​​ដាំ​បំផុត ។​
ផ្នែក​​ប្រើ​ប្រាស់​ ៖ ឫស គ្រាប់ ស្លឹក ។​
រស​ជាតិ​ ៖ ​ឫសមាន​​ជាតិ​​ចត់​ល្វីង​ ។​
​សមាសធាតុ​គីមី ៖ ​ក្នុង​គ្រាប់​​មាន​​​ជាតិ​ជ័រ​ល្វីង​ ​គ្រាប់​ និង​សំបក​​​ ឫស​​មាន​​ជាតិ​ Tanin, Y-lactose, Aparajitin ។ ប្រភេទ​​ពណ៌​​ខៀវ​​ ​និង​ពណ៌​​ស ​មាន​ជាតិ​​ Ether ​និង​ជាតិ​ glucosid ​គ្រាប់​​មាន​ជាតិ​​ Acid amin ​ដូចជា​ Leucin, Valin, Adenin, Glycin, Arginin, Acid glutamic, Acid aspartic ​និង​ Tyrocin ។​
​ការព្យាបាល​ ៖ ឫស​​ ធ្វើ​ជា​​​ថ្នាំ​បំបាត់​ស្រេក​ទឹក​ ព្យាបាល​រាកកូន​​ក្មេង ហឺត ឈឺទ្រូង​ ពិបាក​​​​នោម​ ឈឺ​ភ្នែក ខ្វាក់​មាន់​ ​ធ្វើ​ឱ្យ​ភ្នែក​​​ស្រឡះ​ ធ្វើ​​ឱ្យ​ធ្មេញ​រឹង ព្យាបាល​​​ឈឺធ្មេញ ។
-គ្រាប់​ ៖ ជាថ្នាំ​បន្ទន់​​លាមក
-ស្លឹក ៖​ បិទ​​កន្លែង​កើត​បូស​
-​ផ្កា​ ៖ ចាស់​បុរាណ​​និយម​​​យក​​ផ្កា​​ពណ៌​ស​ និង​ពណ៌ខៀវ យកមក​​ផ្សំ​ជាថ្នាំ​អាយុវឌ្ឍនៈ​
-កម្រិត និង​​​​របៀប​ប្រើ ៖​ គ្រាប់ ៖ ពី១,៥​-៣​​ក្រាម​ ក្នុង១​​​ថ្ងៃ​ដាំទឹក​ផឹក​
-ឫស​​ ៖ ពី៦-១០​ក្រាម​ ក្នុង​​១​ថ្ងៃ​ដាំ​ផឹក​
-​​ស្លឹក​ ៖​ ប្រើ​​​ខាង​​ក្រៅ​ឥត​កំណត់ ។
-​ផ្កា ៖ ស្រស់​ពី​​៣ទៅ​៦​ក្រាម​ក្នុង​១​ថ្ងៃ​ដាំផឹក។​
ប៉ុន្តែ​តាម​ប្រភព​ឯក​សារ​ពី​បរទេស​​​ជា​ភាសា​អង់​គ្លេស​ក៏​បាន​និយាយ​ពី​ប្រសិទ្ធ​ភាព​នៃ​​​ផ្កា​នេះ​ដែរ ដែល​យើង​បក​​ប្រែ​ក្រៅ​ផ្លូវ​ការ​មាន​ផ្សាយ​ជូន​​ដូច​ខាង​ក្រោម​នេះ ៖
* ប្រភព​​របស់​ផ្កា​អមតៈ
ប្រភេទ​រុក្ខ​ជាតិ​​នេះ ត្រូវបាន​គេ​ដាំ​​លើក​ដំបូង​ក្នុង​​ទ្វីប​អាស៊ីត្រូពិក​ក្បែរ​តំបន់​អេក្វា​ទ័រ ហើយ​​ត្រូវ​បាន​នាំ​ចូល​ទៅ​តំបន់​អាហ្វ្រិក,​ អូស្ត្រាលី និង​​អាមេ​រិក។ ​ដើម​របស់​វា​​មាន​​​លក្ខណៈ​ដូច​វល្លិ៍​​មាន​ផ្កា​ពណ៌​ស្វាយ និង​មាន​ផ្លែ​ ដែល​​មាន​ប្រវែង​ពី​៥​ទៅ​៧​​សង្ទី​ម៉ែត្រ ដោយ​មាន​គ្រាប់​​នៅ​ខាង​ក្នុង​ប្រហែល​ជា​៦​​ទៅ​៧​គ្រាប់។
* បញ្ហា​ឈ្មោះ​​ពិត​របស់​ផ្កា​
តាម​ពិត​ទៅ​ឈ្មោះ​ពិត​ប្រាកដ​​​របស់​វា​​គ្មាន​នរណា​​ម្នាក់​ដឹង​ពិត​ប្រាកដ​ទេ តែ​មាន​ការ​និយម​ហៅ​​ទៅតាម​​ប្រទេស​នីមួយៗ​ ដូចជា​ប្រទេស​អង់​គ្លេស​​បាន​ហៅ​​ផ្កា​ប្រភេទ​នេះ​ថា Butterfly Pea ឬ Blue Pea Vine ។ ឥណ្ឌា​​បាន​ហៅថា អាប្រាជី​តា (Aprajita) ។ ចំណែក​ឯ​ប្រទេស​​ថៃ​បាន​ហៅ​​ផ្កា​ប្រភេទ​នេះ​ថា ជា​ផ្កា​អញ្ជន់ (dok Anchan) ។ ​ចំណែក​ឯ​ប្រទេស​កម្ពុជា​វិញ បាន​ហៅ​ផ្កា​ប្រភេទ​នេះ​ថា ជា​ផ្កា​អញ្ជន់​ដែរ និង​ហៅថា ជា​ផ្កា​​អមតៈ​ក៏មាន​ដែរ ។ ​ការ​ហៅរបស់​​ប្រទេស​កម្ពុជា​នេះ ប្រហែល​ជា​ផ្អែក​​ទៅលើ​​ពាក្យ​សំស្ក្រឹក​ Ayurveda ដែល​​ជា​ប្រភេទ​​ថ្នាំ​បុរាណ​​របស់​ឥណ្ឌា​​ (ayurvedic Medicine) ដែល​មាន​ន័យ​ថា ថ្នាំ​ធ្វើ​ឱ្យ​អាយុ​វែង ។
* តើ​ផ្កា​​អមតៈ​​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?
-​​ប្រទេស​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​​បាន​យក​ផ្កា​នេះ​ទៅប្រើ​ប្រាស់​​លំអ​ម្ហូប​អាហារ ដើម្បី​​ធ្វើ​ឱ្យ​មាន​ពណ៌​ល្អ ដូចជា​នៅ​ក្នុង​ប្រទេស​​ម៉ាឡេ​ស៊ី​​ជា​ដើម​ជន​ជាតិ​ភាគ​​តិច​របស់គេ​បាន​យក​វា​ទៅ​​ប្រើប្រាស់​ធ្វើ​ឱ្យ​បាយ​ដំណើប​​មាន​ពណ៌​ល្អ ។ ​នៅ​ក្នុង​ប្រទេស​ថៃ​វិញ ​គេ​បាន​យក​ផ្កា​នេះ​ទៅ​​ផលិត​ធ្វើ​ជា​ទឹក​ស៊ីរ៉ូ​ពណ៌​ខៀវ ។ ​​ដោយ​ឡែក​នៅ​​ក្នុង​ប្រទេស​ភូមា​គេ​បាន​យក​ផ្កា​នេះ​ធ្វើ​ជា​អាហារ​​ ដោយ​គេ​យក​វា​ទៅ​ប្រឡាក់​ជា​មួយ​​ម្សៅ​ហើយ​ចៀន​វា។
*​ ទាក់​ទង​ទៅ​នឹង​វិស័យ​​កសិ​កម្ម
រុក្ខ​ជាតិ​​ប្រភេទ​ផ្កា​​អមតៈ​​នេះ អាច​ជួយ​រក្សា​ដី​មាន​ឱ្យ​គុណ​ភាព​ល្អ​យូរ​អង្វែង​ ពីព្រោះ​​នៅ​ក្នុង​​ឫស​របស់​​វា​មាន​​ជាតិ​នីត្រូ​ហ្សែន (Nitrogen) ប្រសិន​បើ​​យើង​​ដាំ​វា​នៅ​លើ​វាល​ស្រែ​ចម្ការ ។
* ទាក់​ទងទៅនឹង​ការ​ព្យា​បាលរោគ​
​បើ​យោង​​​តាម​សៀវ​ភៅ​​ណែនាំពី​បញ្ហា​សុខ​ភាព​ដែល​មាន​ចំណង​ជើងថា “The Ayurvedic Pharmacopocia of India” ដែល​​ចេញ​ផ្សាយ​ដោយក្រសួង​​សុខ​ភាព និង​សុខុមាល​ភាព​គ្រួសារ​​របស់​ឥណ្ឌា ​ត្រង់​ទំព័រ​ទី​១០-១១ ​បាន​ឱ្យ​ដឹងថា ក្រៅ​ពី​យក​ពណ៌​ទៅ​​លំអក្នុង​ម្ហូប​អាហារ​ និង​បរិ​ភោគ​ ដូចជា​​នៅ​​ប្រទេស​ភូមា ផ្កា​នេះ​អាច​​ជួយ​ព្យា​​បាល​ជំងឺ​ដូច​តទៅ ៖
១-​ព្យា​បាល​ជំងឺ​ក្អក​មាន់
២-​ព្យា​បាល​ជំងឺ​ពក.ក
៣-​ព្យា​បាល​ធ្វើ​ឱ្យ​មាន​អាយុ​វែង​ដែល​មាន​នៅ​ក្នុង​ឱសថ​ឥណ្ឌា​មួយ​ប្រភេទ​ឈ្មោះ​ថា Ayurveda Indian Medicine (ពាក្យ Ayuzveda មកពី​ពាក្យ​សំស្ក្រឹតពីរម៉ាត់​គឺ  «āyus» មាន​ន័យ​អាយុ​វែង​ ឯ​ពាក្យ «Veda» មាន​ន័យ​វិទ្យា​សាស្ត្រ​ ឬ​ចំណេះ​ដឹង​។ សរុប​សេចក្តី​មក​មាន​ន័យ​ថា ថ្នាំ​អាយុ​វែង។
៤-អាច​ជួយ​ព្យា​បាល​​ជំងឺ​ផ្លូវភេទ ​រដូវ​មិន​ទៀង​ទាត់ ជំងឺ​ប្រមេះ និង​អាច​ធ្វើ​ជា​ថ្នាំ​​សម្រើប​តណ្ហា​​ផង​ដែរ៕​