ទីក្រុងណាហ្គូយ៉ា៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុនមួយ បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែម។
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថានាល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សា និងទទួលមតិសំណូមពរនានាពីក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. តំណាងដោយលោក TOMOJI ABE។
បើតាមក្រសួង, ក្នុងឱកាសជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ ក្រុមហ៊ុនរហូតមកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការនាំភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជាក្នុងចំនួនគួរឱ្យកត់សំគាល់ កន្លងមក។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្ទី ក៏បានគូសបញ្ជាកថាសំណូមពរ និងមតិរបស់ក្រុមហ៊ុន ត្រូវបានប្រមូលជាធាតុចូលដ៏ល្អ ដើម្បីដាក់បញ្ជូលក្នុងវិធានការរបស់ក្រសួងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរជប៉ុន និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមពីលើចំនួនដែលទទួលបានភ្ញៀវទេសចរជប៉ុនជាង ៧៣.០០០នាក់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៥ នេះ៕
ចែករំលែកព័តមាននេះ