ខេត្តសៀមរាប៖ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតឡើងជាយថាហេតុបណ្ដាលមកពីអាកាសធាតុក្នុងរដូវវស្សា អាជ្ញាធរជាតិអប្សរា បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ ឬដើរទស្សនាប្រាសាទ នៅក្នុងតំបន់អង្គរ។
យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួនដែលបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្ដាលឱ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានាជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជាពិសេស សូមកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិភ័យនានា ដែលអាចបណ្ដាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិត។
សូមជម្រាបជូនថា យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយសារឥទ្ធិពល ព្យុះទី២០ ព្យុះទី១៩ និងព្យុះទី១៨ ធ្វើឱ្យគ្រប់បណ្ដារាជធានី-ខេត្តរបស់កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៕
ចែករំលែកព័តមាននេះ