តើអ្នកធ្លាប់ចាប់អារម្មណ៍ឃើញដុំពកលៀននៅបរិវេណករបស់អ្នកដែរឬទេ? ដុំពកនេះអាចជាសញ្ញាបញ្ជាក់ថា ក្រពេញទីរ៉ូអ៊ីត (Thyroid) របស់អ្នកកំពុងមានបញ្ហាហើយ។ ក្រពេញទីរ៉ូអ៊ីតមានរាងដូចមេអំបៅ ដែលស្ថិតនៅផ្នែកខាងមុខនៃករបស់យើង។ វាមានតួនាទីសំខាន់ណាស់ក្នុងការផលិតអ័រម៉ូនដើម្បីគ្រប់គ្រងមុខងារសំខាន់ៗក្នុងរាងកាយ ដូចជាការរំលាយអាហារ ចង្វាក់បេះដូង និងជាពិសេសគឺការលូតលាស់នៃប្រព័ន្ធប្រសាទ និងឆ្អឹងរបស់កុមារ។
អ្វីទៅជាជំងឺដុំពកក្រពេញទីរ៉ូអ៊ីត?
ជំងឺដុំពកក្រពេញទីរ៉ូអ៊ីត ឬហៅម្យ៉ាងទៀតថា ជំងឺពកក (Goitre) គឺជាស្ថានភាពដែលក្រពេញទីរ៉ូអ៊ីតមានការរីកធំខុសពីធម្មតា។ ការរីកនេះអាចមានច្រើនទម្រង់៖
- មានដុំតែមួយ នៅផ្នែកណាមួយនៃក្រពេញ។
- មានច្រើនដុំ ដែលរីកនៅក្នុងក្រពេញ។
- រីកទាំងមូល នៃក្រពេញទីរ៉ូអ៊ីត។
ការរីកធំនេះមិនមែនជារឿងលេងសើចឡើយ ព្រោះវាអាចជាសញ្ញាដាស់តឿនថា៖
- មានបញ្ហាក្នុងការផលិតអ័រម៉ូន (Dysthyroïdie)។
- មានការរលាកក្រពេញ (Thyroïdites)។
- ដុំពកស្លូត ឬដុំពកមហារីក (Tumeur bénigne ou maligne)។
- ការរីកធម្មតារបស់ក្រពេញ (Goitre Simple)។
រោគសញ្ញាដែលអ្នកគួរដឹង
ក្រៅពីការរីកធំដែលអាចមើលឃើញដោយភ្នែកទទេ អ្នកក៏អាចមានរោគសញ្ញាផ្សេងទៀតដែលពាក់ព័ន្ធនឹងការកើនឡើងអ័រម៉ូនលើសកម្រិត៖
- ញ័រទ្រូង និងញ័រដៃ
- បេះដូងដើរញាប់
- គេងមិនលក់ ឆាប់មួម៉ៅ
- ឆាប់ហត់ ឬអស់កម្លាំង
- កើនកម្តៅក្នុងខ្លួន
ក្នុងករណីខ្លះ ទោះបីជាការបញ្ចេញអ័រម៉ូនធម្មតាក៏ដោយ បើដុំក្រពេញរីកធំខ្លាំង អាចបង្កជាវិបត្តិដល់ការដកដង្ហើម ឬការលេបចំណីអាហារផងដែរ។
ជំងឺដុំពកក្រពេញត្រូវបានបែងចែកជា ៣ ប្រភេទ ទៅតាមការផលិតអ័រម៉ូន៖
- ប្រភេទផលិតអ័រម៉ូនលើស (Hyperthyroïdie)
- ប្រភេទផលិតអ័រម៉ូនធម្មតា (Goitre avec euthyroïdie)
- ប្រភេទផលិតអ័រម៉ូនតិច (Hypothyroïdie)
ដូច្នេះ នៅពេលមានដុំពក គ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ថា តើវាស្ថិតនៅក្នុងក្រុមមួយណា ដើម្បីធ្វើការព្យាបាល ឬតាមដានបានត្រឹមត្រូវ។
ការវិវត្ត និងការព្យាបាល
កុំមើលរំលងដុំពកក្រពេញទីរ៉ូអ៊ីតឲ្យសោះ ព្រោះវាអាចវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរបាន ជាពិសេសប្រភេទដែលផលិតអ័រម៉ូនធម្មតា ឬតិច អាចមានភាគរយវិវត្តន៍ទៅជា ដុំមហារីក ក្នុងកម្រិតខ្ពស់ជាងគេ។
ការព្យាបាលត្រូវចាប់ផ្តើមពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់។ គ្រូពេទ្យនឹងពិនិត្យ និងសម្រេចថា តើត្រូវតាមដានបន្ត ប្រើថ្នាំ ឬវះកាត់។ ក្នុងករណីជាដុំមហារីកដែលមិនទាន់រីករាលដាល បើវះកាត់ទាន់ពេលវេលា អ្នកជំងឺអាចជាសះស្បើយបានខ្ពស់។
ប្រសិនបើអ្នកមានរោគសញ្ញា ឬដុំពកណាមួយគួរឱ្យសង្ស័យ សូមកុំបង្អង់យូរ។ ការពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញ គឺជាជំហានដំបូង និងល្អបំផុតដើម្បីការពារ និងព្យាបាលបញ្ហានេះ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
ចែករំលែកព័តមាននេះ